គតិចំនួន​បី​ទាក់ទងនឹងការងារ ការអប់រំ Jack Ma លើក​ឡើង​ក្នុង​កម្មវិធីសេដ្ឋកិច្ច​ធំៗ​

  • 2019-09-12 08:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា កន្លង​ទៅ​ស្ថាបនិក​ក្រុម​ហ៊ុន​Alibaba លោក Jack Ma បាន​ឈាន​ចូល​វ័យ​៥៥​ឆ្នាំ​ហើយ និង​ក៏ជា​ពេល​ដែលក្រុម​ហ៊ុន​របស់​លោក​ឈាន​ចូល​វ័យ​២០​ឆ្នាំ​ដូច​គ្នា។

Jack Ma ជា​អតីតគ្រូបង្រៀន​ភាសាអង់គ្លេស​ម្នាក់ ហើយ​លោ​កបាន​បង្កើតក្រុម​ហ៊ុន​មួយ​នេះ ឡើង​នៅ​ឆ្នាំ១៩៩៩ ក្នុង​បន្ទប់​apartment ​របស់​លោក ដែល​រហូត​មក​ដល់ពេល​នេះ​ក្រុម​ហ៊ុន​លោកមាន​តម្លៃ៤៨០​ពាន់​លាន​ដុល្លារ។​

ខាងក្រោម​នេះ​ជា​គតិ​បី​ដែល​លោក​Jack Ma បាន​លើក​ឡើង​ក្នុង​កម្មវិធី​មួយ​ចំនួន​នា​ពេល​កន្លង​មក៖​

ការ​ងារ​ដំបូង​គឺសំខាន់​បំផុត​៖ លោក​Jack Ma បាន​លើក​ឡើង​ដូច​នេះ​នៅក្នុង​វេទិកាសេដ្ឋកិច្ច​ពិភព​លោក​នៅ​ទីក្រុង​Davos កាល​ពី​ដើម​ឆ្នាំនេះ។ លោក​ពន្យល់ថា៖ «ពេលដែល​អ្នក​រៀន​ចប់​ ហើយ​កំពុង​រក​ការងារ​ធ្វើ ការ​ងារ​ដែលអ្នកបាន​ដំបូង​គឺសំខាន់ជាងគេ​បំផុត។ មិន​សំខាន់ទេ​ថា​ក្រុម​ហ៊ុន​នោះ​មាន​ឈ្មោះ​ល្បីឬអត់។ អ្នកត្រូវ​រក​មេដែល​ល្អ ដែល​អាច​ជួយ​បង្រៀន​អ្នករបៀប​ធ្វើជាមនុស្ស និង​របៀប​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ។ នៅ​ជាមួយ​គាត់​ឲ្យបាន​យ៉ាង​តិច​បី​ឆ្នាំ»។

បង្រៀន​ក្មេងៗពីជំនាញ​ទន់គឺសំខាន់​នាពេល​អនាគត៖ លោក​និយាយ​កាលពី​ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​Davos ថា​ការបង្រៀន​ក្មេង​គួរ​តែមាន​ការ​ផ្លាស់​ប្តូរដើម្បី​ធ្វើ​ឲ្យ​ក្មេងៗទាំងនោះ​ខុស​ពី​គ្រឿង​យន្ត។

លោក​ពន្យល់ថា៖ «បើ​យើងមិនប្តូរវិធីសាស្រ្ត​បង្រៀន​ក្មេងៗទេ ៣០​ឆ្នាំ​ទៅ​មុខ​ទៀត​យើង​នឹង​ជួប​បញ្ហា​។ យើ​ងសព្វ​ថ្ងៃបង្រៀន​ក្មេង​តាម​របៀប​​ចាស់​តាំង​ពី​២០០​ឆ្នាំមុន ​ធ្វើ​ដូច​នេះ​យើង​នឹង​មិន​អាច​បង្រៀន​ក្មេង​ឲ្យ​ឆ្លាត​ជាង​ម៉ាស៊ីន​នោះ​ទេ។ យើង​ត្រូវ​បង្រៀន​ក្មេងពី​អ្វីដែល​ពិសេស​ ដែល​ម៉ាស៊ីន​មិន​អាច​ធ្វើ​បាន​ ដូចជា​គុណតម្លៃ ជំនឿ ការគិត​ដោយ​ឯករាជ្យ ការងារក្រុម និង​ការចេះជួយ​អ្នក​ដទៃ ហើយ​ជំនាញ​ខ្លះ​ទៀត​ដូចជា​កីឡា តន្រ្តី គំនូរ សិល្បៈ ពោល​គឺធ្វើ​យ៉ាងណា​ធ្វើ​ឲ្យ​មនុស្ស​ខុស​ពី​គ្រឿង​យន្ត។

គ្មាន​ទេ​អ្នក​ជំនាញ​ខាង​ថ្ងៃ​អនាគត៖ លោក​Jack Ma ធ្លាប់​ត្រូវគេ​សួរថា​តើ​លោក​ធ្លាប់​មាន​មន្ទិល​លើ​អ្វី​ដែល​លោក​បង្កើត​ឬទេ។ លោក​​តប​វិញ​ថា​លោក​ធ្លាប់​​មានការ​បារម្ភដែរ ប៉ុន្តែ​មិន​ដែល​មាន​មន្ទិល​លើ​សមត្ថភាព​របស់​លោក​ដើម្បីឈាន​ដល់​ភាព​ជោគជ័យ​នោះ​ទេ។

លោក​មាន​ប្រ​សាសន៍ថា៖ «កាល​នោះ​គឺ​ឆ្នាំ១៩៩៩ ជាពេល​ដែល​អ៊ីនធឺណេត​កើត​ដំបូងៗ គ្រប់គា្ន​មាន​ឱកាស​ស្មើ​គ្នា​ គ្មាន​អ្នកជំនាញ​អីទេ​នៅពេល​នោះ។ សូម្បី​សព្វ​ថ្ងៃនេះ ក៏គ្មាន​ដែរអ្ន​កចំនាញ​ខាង​ថ្ងៃ​អនាគត»៕

ប្រភព៖ worldeconomicforum   ប្រែ​សម្រួល៖ ទូច សុខា