វីរបុរស​បាល់ទាត់​ទួរគី​ធ្លាក់​ខ្លួន​ក្លាយ​ជា​អ្នក​បើក​តាក់ស៊ី ក្រោយ​ពាក់ព័ន្ធ​រឿង​នយោបាយ​ក្នុង​ស្រុក

  • 2020-01-27 05:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ទួរគី​លោក Hakan Sukur កំពុង​តែ​និរទេស​ខ្លួន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ព្រឹត្តិការណ៍​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​លោក​ប្រធានាធិបតី​ទួរគី​លោកRecep Erdogan។

លោក​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​ថា៖ " ខ្ញុំ​គ្មាន​សល់​អី​ទៀត​ទេ Erdogan ដក​ហូត​អ្វី​គ្រប់​យ៉ាង​ពី​ខ្ញុំ​ទាំង​ពី​សិទ្ធិ​សេរីភាព និង​ទ្រព្យសម្បត្តិ។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​សោះ​ ហើយ​ក៏​គ្មាន​នរណា​បញ្ជាក់​ពី​តួនាទី​របស់​ខ្ញុំ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នោះ​ដែរ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​ណាស់​ តែ​ចាប់​ពី​មាន​រឿងរ៉ាវ​ជាមួយ​ប្រធានាធិបតី​នេះ គ្រួសារ​ខ្ញុំ​រង​ការ​គំរាមកំហែង ឪពុក​របស់​ខ្ញុំ​ជាប់​ពន្ធនាគារ ហើយ​គេ​ដកហូត​ទ្រព្យសម្បត្តិ​ខ្ញុំ​ទាំង​អស់។ ខ្ញុំ​ក៏​សម្រេច​ទៅ​នៅ​អាមេរិក​។ ដំបូង​ខ្ញុំ​បើក​ហាង​កាហ្វេ​ តែ​ក៏​មាន​គេ​តាម​យាយី​ទៀត បន្ទាប់​មក​ទើប​ខ្ញុំ​សម្រេច​រត់​តាក់ស៊ី Uber ហើយ​លក់​សៀវភៅ " ។

លោក Sukur រក​បាន​ ៣៣២គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៧០៩​លើក​ក្នុង​ក្លឹប​អាជីព​អំឡុង​ឆ្នាំ១៩៨៧ ដល់​ឆ្នាំ២០០៨ ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​ទួរគី​វិញ គេ​ស្គាល់​លោក​ច្បាស់​នៅ​ពេល​ដែល​លោក​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង​ ក្នុង​ការ​ប្រកួត​យក​លេខ​ ៣ នៃ FIFA World Cup ឆ្នាំ២០០២។

ក្រោយ​ចូល​និវត្តន៍​ពី​បាល់ទាត់ លោក​ក៏​ធ្លាប់​ជាប់​ជា​សមាជិក​សភា​នៅ​ឆ្នាំ២០១១ រហូត​ដល់​ឆ្នាំ២០១៥។ លោក​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ដែល​ប្រឆាំង​នឹង​លោក Erdogan ហើយ​នៅ​ឆ្នាំ២០១៦ លោក​ក៏​ចេញ​សារ​រិះគន់​លោក Erdogan ក្រោយ​មក​លោក​ត្រូវ​បាន​ចោទប្រកាន់​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក Erdogan។

នៅ​ខែ​កក្កដា ឆ្នាំ២០១៦ មាន​ព្រឹត្តិការណ៍​ប៉ុនប៉ង​រដ្ឋប្រហារ​មួយ​នៅ​ទួរគី ដែល​បង្ក​ឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម ដែល​ជា​ផ្នែក​នៃ​កងទ័ព​ជាតិ​ទួរគី។ ក្រុម​ប្រដាប់​អាវុធ​ប៉ុនប៉ង​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​ តែ​ត្រូវ​បរាជ័យ​ ដោយសារ​តែ​កង​ទ័ព​ស្មោះ​នឹង​រដ្ឋាភិបាល​លោក Erdogan បាន​បង្ក្រាប​ទាន់​ពេល​វេលា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី