Mbappé វាយបកទៅលើសមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយយ៉ាងចាស់ដៃក្រោយរងការរើសអើងពូជសាសន៍
- 2026-07-07 08:50:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappé វាយបកទៅលើសមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយយ៉ាងចាស់ដៃក្រោយរងការរើសអើងពូជសាសន៍
ចន្លោះមិនឃើញ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កីឡាករឆ្នើម និងជាប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappé បានវាយបកទៅលើសមាជិកព្រឹទ្ធសភាម្នាក់របស់ប្រទេសប៉ារ៉ាហ្គាយ ដោយបានហៅស្ត្រីរូបនោះថាជា «ស្ត្រីគ្មានសីលធម៌ » បន្ទាប់ពីលោកស្រីបានបង្ហោះសាររើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរដោយទំនងសម្ដៅមកលើរូបលោក។
រឿងរ៉ាវនេះបានកើតឡើងបន្ទាប់ពីការប្រកួតដ៏តានតឹងក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ World Cup 2026 នៅទីក្រុង Philadelphia កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលក្នុងនោះ Mbappé បានទាត់បាល់ប៉េណាល់ទីបញ្ចូលទីតែមួយគ្រាប់គត់ ជួយឱ្យបារាំងឈ្នះប៉ារ៉ាហ្គាយ១-០ ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។ ក្រោយចប់ការប្រកួត លោកស្រី Celeste Amarilla សមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយបានបង្ហោះសាររិះគន់យ៉ាងវែងអន្លាយនៅលើបណ្តាញសង្គម X (Twitter) ដោយបានហៅ Mbappé ថាជា «ជនជាតិកាមេរ៉ូនដែលរងឥទ្ធិពលអាណានិគម និងព្យាយាមធ្វើខ្លួនជាជនជាតិបារាំង » ព្រមទាំងបានហៅលោកថាជា «មនុស្សព្រៃផ្សៃដែលមិនចេះសរសេរអក្សរ» ទៀតផង។ លោកស្រីថែមទាំងបានបន្ថែមថា ក្រុមកីឡាករប៉ារ៉ាហ្គាយគួរតែទះកំផ្លៀង Mbappé ក្រោយចប់ការប្រកួតទៀតផង។
ជាការឆ្លើយតប Mbappé បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារកិត្តិយសខ្លួនឯង ព្រមទាំងបានសម្តែងការគោរពចំពោះកីឡាករប៉ារ៉ាហ្គាយផ្សេងទៀតផងដែរ។ ប្រធានក្រុមបារាំងរូបនេះបានសរសេរថា៖«លោកស្រី Celeste Amarilla អ្នកគឺជាស្ត្រីដ៏គ្មានសីលធម៌ម្នាក់ ហើយមិនសមស្របនឹងតំណែងរបស់អ្នកនោះទេ។ អ្នកមិនមែនជាតំណាងឱ្យប្រទេសប៉ារ៉ាហ្គាយនោះឡើយ ដែលជាប្រទេសមួយដែលបានបង្ហូរញើសឈាមដោយក្តីស្រឡាញ់ និងកិត្តិយសពេញមួយការប្រកួតនេះ»។ Mbappé បានបន្តទៀតថា៖ «ដោយសារតែការគិតមិនបានដិតដល់ និងការរើសអើងពូជសាសន៍ដ៏អៀនខ្មាសរបស់អ្នក ពិភពលោកទាំងមូលបានភ្លេចបាត់ទៅហើយនូវការធ្វើដំណើរ និងការខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រដែលកីឡាកររបស់អ្នកបានធ្វើនៅក្នុងការប្រកួត World Cup នេះ ដោយសារតែត្រូវមកទុកកន្លែងឱ្យស្ត្រីអសមត្ថភាពម្នាក់ ដែលបានបង្ហាញរូបភាពដ៏អាក្រក់បំផុតនៃប្រទេសរបស់ខ្លួន។ ខ្ញុំនឹងមិនបណ្តោយឱ្យមនុស្សដូចលោកស្រីមានសេរីភាពក្នុងការផ្សព្វផ្សាយការស្អប់ខ្ពើម និងការរើសអើងពូជសាសន៍នៅទូទាំងពិភពលោកឡើយ»។
ជុំវិញបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) មិនបានឈរមើលនោះទេ ដោយបានប្រកាសថានឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងសមាជិកព្រឹទ្ធសភារូបនេះ ដោយបានថ្កោលទោសសម្តីរបស់លោកស្រីថាជាការទង្វើដ៏គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន។
សហព័ន្ធ FFF បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សម្តីទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ និងជាទង្វើដែលត្រូវតែថ្កោលទោស ទោះជានៅទីណាក៏ដោយ។ FFF កំពុងរាយការណ៍រឿងនេះទៅកាន់ការិយាល័យព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សម្តីទាំងនេះនាំមកនូវភាពអាម៉ាស់ដល់អ្នកដែលបាននិយាយ និងអ្នកដែលបានផ្សព្វផ្សាយវា។ កីឡាករនៃក្រុមជម្រើសជាតិបារាំងគឺជាតំណាងឱ្យប្រទេសបារាំង ដូច្នេះការប្រមាថពួកគេ គឺស្មើនឹងការប្រមាថប្រទេសជាតិរបស់យើងដូចគ្នា»៕
ប្រភព៖ The Guardian