ប្អូនពៅនៃត្រកូល Huawei P40 បង្ហាញមុខជាផ្លូវការហើយ!

  • 2020-02-27 09:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Huawei នឹង​បង្ហាញ​ត្រកូល P40 ​ដែល​ជា​ Flagship ប្រចាំ​ដើម​ឆ្នាំ ២០២០ នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា​ខាង​មុខ។ មុន​ការ​ប្រកាស​ចេញ​​ខាង​មុខ​នេះ ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​ប្រភេទ Lite ដែល​ឈ្មោះ​ថា​ Huawei P40 Lite។

ទូរសព្ទ​កូនពៅ​នៃ​គ្រួសារ​ P40 នេះ គឺ​បាន​ចេញ​លក់​នៅ​អឺរ៉ុប​មុន​គេ ​​ហើយ​ក្នុង​នោះ​ប្រទេស​អេស្ប៉ាញ​​មាន​លក់​មុន​គេ ជា​មួយ​តម្លៃ​ប្រមាណ ៣២៦ ដុល្លារ។ តាម​ពិត P40 Lite ​នេះ​គឺ​ជា​ Huawei Nova 6 SE ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ហើយ​​ប្រភេទ​ថ្មី​នេះ​គឺ​សម្រាប់​លក់​លើ​ទីផ្សារ​បរទេស។

P40 Lite ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Kirin 810 ដែល​ជា​គូ​ប្រជែង​របស់ Snapdragon 675 និង​ Snapdragon 730។ យ៉ាងណាក្ដី​កម្រិត​​នៃ​ការ​ថត​វីដេអូ​ដែល​អាច​ទ្រាំទ្រ​បាន​គឺ​ខ្ពស់​បំផុត​ត្រឹម 1080P/30fps ខណៈ​ដែល​បន្ទះ​ឈីប​ពីរ​ទៀត​នោះ​អាច​ទ្រាំទ្រ​ដល់​កម្រិត 4K។ បន្ទះ​ឈីប​នេះ​​ភ្ជាប់​មក​ជា​មួយ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB។

អេក្រង់​ IPS LCD នៃ​ស្មាតហ្វូន​នេះ​គឺ​មាន​ទំហំ ៦,៤ អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត Full HD+ ដែល​អេក្រង់​នេះ​គឺ​មាន​ចោះ​រន្ធ​ផ្នែក​លើ​ខាង​ឆ្វេង​សម្រាប់​បំពាក់​កាមេរ៉ា​ Selfie ទំហំ ១៦MP។

ប្រព័ន្ធ​កាមេរ៉ា​ខាង​ក្រោយ​​គឺ​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា Wide-Angle ទំហំ ៨MP, កាមេរ៉ា​ Macro ទំហំ ២MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP។ ប្រព័ន្ធ​កាមេរ៉ា​ ៤ គ្រាប់​នេះ​គឺ​ដាក់​នៅ​ក្នុង​​ដង្គុំ​រាង​បួន​ជ្រុង ស្រដៀង​នឹង​ដង្គុំ​កាមេរ៉ា​លើ iPhone 11 និង Pixel 4 ដែរ។

ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​វា​គឺ Android 10 ជា​មួយ EMUI 10 ដែល​មិន​មាន​នូវ​ Google Mobile Services នោះ​ឡើយ ត្រូវ​ជំនួស​ដោយ​ Huawei Mobile Services វិញ ក្នុង​នោះ​មាន​នូវ Huawei AppGallery ដែល​សម្បូរបែប​ជាង​មុន​ផង​ដែរ។ ថ្ម​​របស់ P40 Lite គឺ​មាន​ទំហំ ៤២០០ mAh ដែល​មាន​ល្បឿន​សាក​ ៤០ វ៉ាត់ និង​អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​បាន​ផង​ដែរ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង