នាយករដ្ឋមន្ត្រី​ជប៉ុន​​ប្រកាស​បិទ​សាលា​ ១ខែ ខណៈ​អូឡាំពិក​នៅ​តូក្យូ​ល្ហិចល្ហៀង​ថា​រំសាយ​តែ​ម្ដង

  • 2020-02-27 11:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន Shizo Abe បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​នៅ​សភា​ថា ព្រឹត្តិការណ៍​កីឡា និង​វប្បធម៌​នឹង​ត្រូវ​រំសាយ​ចំនួន ២សប្ដាហ៍ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ខូវិដ-១៩ ខណៈ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ​ល្ហិចល្ហៀង​ថា​រំសាយ​ចោល​តែ​ម្ដង​នៅ​ឆ្នាំ២០២០។

លោក Abe មាន​ប្រសាសន៍​ថា មួយ​សប្ដាហ៍ ឬ ពីរ​សប្ដាហ៍​ខាង​មុខ​ជា​កាលៈទេសៈ ដ៏​សំខាន់​ក្នុង​ការ​បញ្ឈប់​ការ​ចម្លង​ជំងឺ​នេះ ដូច្នេះ​ហើយ​រដ្ឋាភិបាល​ពិចារណា​ថា​ការ​ជួបជុំ​ធំៗ​ដូច​ជា​កម្មវិធី​កីឡា និង​វប្បធម៌​មាន​ហានិភ័យ​ខ្ពស់​ណាស់។

ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ក៏​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សាលារៀន​នៅ​ជប៉ុន​ចាប់​ពី​បឋមសិក្សា ទៅ​វិទ្យាល័យ​នឹង​ត្រូវ​បិទ​ទ្វារ​អំឡុង​ខែ​មីនា​នេះ។

ចំណែក​ឯ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​រាជធានី​តូក្យូ​វិញ មាន​ការ​លើកឡើង​ពី​សមាជិក​​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​លោក Dick Poundថា ព្រឹត្តិការណ៍​ដែល​នឹង​ប្រារព្ធ​នៅ​ខែ​កក្កដា​ ឆ្នាំ២០២០​នេះ​មិន​អាច​ពន្យារ​ពេល​ទេ ហេតុនេះ​មាន​តែ​រំសាយ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ជាន់​លើ​កាលវិភាគ​កម្មវិធី​កីឡា​ដទៃ​ទៀត​។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ជប៉ុន​មាន​ពេល​ ៣ខែ​សម្រាប់​ពិចារណា​ថា ព្រឹត្តិការណ៍​អូឡាំពិក​តូក្យូ​រំសាយ​ ឬ​ក៏​អត់។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ ខាង​មន្ត្រី​របស់​ប្រទេស​ជប៉ុន​ឆ្លើយ​តប​ថា ជប៉ុន​នឹង​មិន​រំសាយ​ទេ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នេះ​ តែ​បើ​តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ការ​ហ្វឹកហ្វឺន​អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់​រៀបចំ​អូឡាំពិក​នៅ​ជប៉ុន​នៅ​ខែ​មីនា បាន​រំសាយ​ហើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជប៉ុន​គិត​មក​ទល់​ពេល​នេះ​ មាន​អ្នក​ឆ្លង​ខូវិដ-១៩ យ៉ាង​ហោច​ណាស់ ១៨៦ករណី ហើយ​ស្លាប់ ៣នាក់៕

ប្រភព៖ Channelnewsasia | The Jakarta Post | Kyodo News   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម