ហេតុផល​សំខាន់ៗ​បញ្ជាក់​ថាទោះ​ ថ្ងៃ ខែ​ ឆ្នាំ​ មិន​ល្អ​ក៏​អាច​រៀបការ​ជាមួយ​គ្នា​បាន​ដែរ​

  • 2017-04-26 02:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន​ ការ​សម្រេច​ចិត្ត​ឱ្យ​កូន​ចៅ​ មាន​ប្ដី​ប្រពន្ធ ឪពុកម្ដាយ ទាំង​សងខាង​តែង​ទៅ​រក​គ្រូ​ហោរ ទស្សន៍ទាយ​មើល​សម្ពង្ស​ធាតុ បូក​ផ្សំ​មើល​ខែ​ឆ្នាំ​។ ​ចុះ​បើ​ខែ​ឆ្នាំ​មិន​ល្អ​ មិន​អាច​រៀបការ​ជាមួយ​គ្នា​បាន​ឬ​ក៏​យ៉ាង​ម៉េច​? ​ខាង​ក្រោម​នេះ​ជា​ទស្សនៈ​យល់​ឃើញ​របស់​លោក​សាស្ត្រាចារ្យ បង្រៀន​មុខ​វិជ្ជា សង្គម និង​មនុស្ស​នៅ​សកលវិទ្យាល័យ​ឯកជន​មួយ​ ទាក់​ទង​នឹង​បញ្ហា​នេះ​៖

១. ​ជា​ទំនៀមទម្លាប់​តាំង​ពី​បុរាណ

​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ សិរី រតន​សម្បត្តិ​ បាន​លើក​ឡើង​ថា ​ការ​ទស្សន៍ទាយ​មើល​ខែឆ្នាំ និង​ផ្សំ​ពង្ស​នាគ​កូន​ប្រុស​ស្រី​នេះ ជា​ទំនៀម​ទម្លាប់​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ​។ ​សព្វ​ថ្ងៃ​មិន​ថា​តែ​នៅ ជនបទ ឬ​ទីក្រុង នៅ​តែ​រក​គ្រូ​ហោរ​ទស្សន៍ទាយ រក​ជោគជតា​រាសី​មុន​សម្រេច​ចិត្ត​ឱ្យ​កូន​រៀបការ​នេះ អាច​មក​ពី​ហេតុផល​គោរព​ទៅតាម​ទំនៀម​ពី​បុរាណ។ ​ប៉ុន្តែ​ជាក់​ស្ដែង​មិន​បាន​ជឿ​ទាំង​ស្រុង​ថា​ល្អ​ ឬ​មិន​ល្អ ទើប​អាច​រៀបការ​បាន​នោះ​ទេ ព្រោះ​ការ​សម្រេច​ចិត្ត​រៀបការ​ នៅ​តែ​អាស្រ័យ​ភាគី​ទាំង​សង​ខាង​ដដែល​ ប្រសិន​បើ​ស្រឡាញ់​គ្នា​ពិត​ប្រាកដ​មិន​អាច​បែក​គ្នា​ដោយសារ​ខែ​ឆ្នាំ​នេះ​ឡើយ​។

​​ ២. ពូជពង្ស​វង្ស​ត្រកូល

សាស្ត្រាចារ្យ​បង្រៀន​មុខ​វិជ្ជា សង្គម​ និង​មនុស្ស​រូប​នេះ​លើក​ឡើង​បន្ថែម​ទៀត​ថា ភាគ​ច្រើន​ការ​ផ្សំផ្គុំ​កូន​ចៅ​ឱ្យ​រៀបការ​ជា​មួយ​នរណា​ម្នាក់ តាំង​ពី​សង្គម​ពី​ដើម រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ផ្ដោត​ទៅ​លើ​ពាក្យ​ទំនៀម​មួយ​ថា "ធ្វើ​ស្រែ​ឱ្យ​មើល​ស្មៅ​ទុកដាក់​កូន​ចៅ​ឱ្យ​មើល​ផៅ​សន្ដាន"។ ​ប្រសិន​បើ​ពូជពង្ស​ល្អ គំនិត​មារយាទ​ល្អ វ័យ​ឆ្លាត​ក្នុង​ការ​រកស៊ី ស្លូត​បូត​ស្មោះ​ត្រង់​ហើយ​នោះ ទោះ​ខែ​ឆ្នាំ​មិន​ល្អ​ ក៏​មិន​ជា​បញ្ហា​អ្វី​ឡើយ​។

៣. ​ការ​ឱ្យ​តម្លៃ​ផ្សេង​ក្រៅ​ពី​ខែ​ឆ្នាំ​មិន​អាច​កាត់​ថ្លៃ​បាន

គុណ​តម្លៃ​ជា​ច្រើន​ក្រៅ​ពី​ខែ​ឆ្នាំ​ គឺ មើល​ទៅ​លើ​ពូជពង្ស មើល​ទៅ​លើ​ចរិត​លក្ខណៈ សីលធម៌ សុភាព​រាបសា ហើយ​ក៏​គួប​ផ្សំ​នឹង​ការ​មើល​ខែ​ឆ្នាំ​ទៀត​ផង​​ដែរ​។ ​ក្នុង​ករណី​ពេញ​ចិត្ត​នឹង​គុណ​សម្បត្តិ​សាមី​ជន​ហើយ​​នោះ ទោះ​ខែ​ឆ្នាំ ល្អ​តែ​ ៥០% ក៏​គេ​មិន​រាថយ​ដែរ​។

​​៤. ការ​ទស្សន៍ទាយ​ជា​ទស្សនៈ​បែប​ពិសោធន៍​និយម

ពង្ស ធាតុ ​ខែ ឆ្នាំ​កំណើត កូន​ប្រុស​ស្រី និង​ការ​ទស្សន៍ទាយ​តាម​បែប​ក្បួន​ហោរាសាស្ត្រ គឺ​ជា​ទស្សនៈ​បែប​ពិសោធន៍​និយម ឬ​ចំណាំ​និយម​ សម្រេច​យក​តួលេខ​ភាគ​ច្រើន​។ដូច្នេះ​មិន​អាច​ទទួល​ស្គាល់​ទាំង​ស្រុង​លើ​ជើង​លេខ​នោះ​ឡើយ។ តាម​ការ​សង្កេត​ផ្ទាល់​ក្នុង​សង្គម​ខ្មែរ​ គេ​តែង​ឃើញ​ថា​៖

@គូ​ខ្លះ​ផ្សំ​ផ្គុំ​ធាតុ​ពង្ស​ត្រូវ​ល្អ​ហើយ ប៉ុន្តែ​បែរ​ជា​មាន​ជីវភាព​ក្រីក្រ​ តោក​យ៉ាក ជួន​កាល​ឈ្លោះ​ទាស់ទែង​ដល់​ថ្នាក់​លែងលះ​គ្នា​ក៏​មាន​។

@ជួន​កាល​ជីវិត​ប្ដី​ប្រពន្ធ​ក៏​រីក​ដុះដាល​ ចម្រុង​ចម្រើន ធូរធារ ដូច​ក្នុង​ទំនាយ ជួន​កាល​ក៏​អត់​។

@ប្ដី​ប្រពន្ធ​ខ្លះ​សម្ពង្ស​ធាតុ​មិន​ត្រូវ​គ្នា ឬ​ក៏​មិន​បាន​រក​គ្រូ​ទស្សន៍ទាយ​ផង​ តែ​រស់​នៅ​ជា​មួយ​គ្នា​បាន​​សុខសាន្ត​ សុខដុមរមនា ល្អូក​ល្អើន​ដល់​ចាស់​កោង​ខ្នង​៕​​​

អត្ថបទ៖ វឌ្ឍនៈ