យុវជន គួរគិតឱ្យវែងឆ្ងាយ មុននឹងសម្រេចចិត្តទិញ របស់បង់រំលស់
- 2017-05-24 07:29:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន គួរគិតឱ្យវែងឆ្ងាយ មុននឹងសម្រេចចិត្តទិញ របស់បង់រំលស់
ចន្លោះមិនឃើញ
បច្ចុប្បន្នបើអ្នកចង់បានឡានទំនើប ម៉ូតូឡូយ ទូរស័ព្ទស្មាតហ្វូនទំនើប វាមិនពិបាកទេ ដោយសារតែឥឡូវនេះមានក្រុមហ៊ុន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើនបានងាកមករកការផ្ដល់សេវាបង់រំលស់ដល់អ្នកដែលមានប្រាក់ចំណូលទៀងទាត់។ ដូច្នេះដើម្បីកុំឱ្យវ័ណ្ឌ.កដោយសារបំណុល យុវជនគួរពិចារណាឱ្យល្អិតល្អន់មុនពេលសម្រេចចិត្តទទួលយកសេវាកម្មបង់រំលស់នេះ។
យុវជន គឹម វាសនា ជាបុគ្គលិកផ្នែកចែកចាយផលិតផលជំនួយសុខភាព ដែលបានទិញម៉ូតូបង់រំលោះនិយាយថា តាមពិតទៅមុនសម្រេចចិត្តទិញម៉ូតូបង់រំលស់នេះខ្ញុំបានគិតដែរថាបើការងារដែលកំពុងធ្វើនៅស្ថិតស្ថេរនោះវាមិនអីទេ តែបើថ្ងៃណាមួយខ្ញុំបាត់បង់ការងារដោយមូលហេតុណាមួយនោះខ្ញុំនឹងជួបបញ្ហាខ្វះលុយដើម្បីបង់ទៅក្រុមហ៊ុនដែលបានផ្ដល់ប្រាក់កម្ចីមិនខាន។
វាសនា បន្តថា វាពិបាកដែរ ព្រោះម៉ូតូដែលជិះទៅធ្វើការមុនវាចាស់ងាកខួចៗពេលខ្លះត្រូវបណ្ដើរតាមផ្លូវ ហើយពេលខ្លះទៅធ្វើការយឺតត្រូវគេកាត់លុយ និងត្រូវមេស្តីឲ្យក៏មាន ទើបគិតថាចង់ដូរម៉ូតូថ្មីតែដោយសារគ្រួសារមានជីវភាពមិនសូវធូរធារមានលុយទាំងដុំទៅទិញម៉ូតូថ្មី ខ្ញុំក៏សម្រេចចិត្តទិញម៉ូតូបង់រំលោះ ដោយធ្វើការកម្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយ។
មិនខុសគ្នាប៉ុន្មាននោះដែរកញ្ញា ស្រី មុំ ជាបុគ្គលិកផ្នែកទីផ្សារនៃក្រុមហ៊ុនលក់គ្រឿងសម្អាងបាននិយាយថា ខ្ញុំចង់បានទូរស័ព្ទស្មាតហ្វូនទំនើបមួយ ព្រោះខ្ញុំគិតថា វាមានប្រយោជន៍អាចជួយសម្រួលក្នុងការងារប្រចាំថ្ងៃរបស់ខ្ញុំ តែដោយគ្មានលិទ្ធភាពមានលុយគ្រប់ចំនួនទិញ ខ្ញុំក៏សម្រេចចិត្តទិញទូរស័ព្ទទំនើបមួយតម្លៃជាង៦០០ដុល្លារពីធនាគារឯកទេស អ៊ីអន ។
កញ្ញាបន្តថា បើសិនជាគ្មានលុយគ្រប់ចំនួនទិញទេ យុវជនត្រូវគិតថា វត្ថុដែលខ្លួនមានបំណងចង់ទិញនោះវាចាំបាច់ទេ បើវាមិនចាំបាច់យើងត្រូវពិចារណាយ៉ាងល្អិតល្អន់ថា ប្រសិនបើបាត់បង់ការងារអាចមានប្រភពចំណូលផ្សេងទៀត ដើម្បីបង់ប្រាក់រំលស់ប្រចាំខែដែរឬទេ?។
ការពិចារណាល្អិតល្អន់ទៅលើបំណុលសម្រាប់ការបង់រំលោះនេះនឹងអាចជួយឱ្យយុវជនប្រើប្រាស់សេវាកម្មឥណទានយ៉ាងមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ពួកគេកាន់តែល្អប្រសើរផ្ទុយមកវិញ ការប្រើប្រាស់ឥណទានខ្វះការពិចារណាគ្រប់ជ្រុងជ្រោយអាចនឹងនាំឱ្យពួកគេមានបញ្ហាទៅថ្ងៃក្រោយដោយសារតែដោះបំណុលមិនរួច៕