ព្រឹត្តិការណ៍​ធំៗ អន្រួន​​​ពិភពលោក​ នៅ​ក្នុង​ឆ្នាំ​​២០១៧

  • 2017-12-23 04:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២០១៧​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ឆ្នាំ​មួយ​ក្នុង​ចំណោម រយៈពេល​៣​ឆ្នាំ​ដែល​​ព្រឹត្តិការណ៍​ពិភពលោក​មិន​សូវ​មាន​ភាព​រំជើប​រំជួល​ខ្លាំង។ នេះ​បើ​តាម​ការ​ទើប​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ហើយ​ត្រូវ​បាន​ដក​ស្រង់​ដោយ The Daily Nation។

ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ធំៗ​ជុំវិញ​ពិភពលោក​ពេញ​មួយ​ឆ្នាំ​២០១៧៖

៩/ ឆ្នាំ​របស់ Trump

ទីបំផុត​នៅ​ថ្ងៃ​ទី ២០ ខែ​មករា មហាសេដ្ឋី​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី ៤៥ របស់​សហរដ្ឋអាមេរិក ដោយ​បាន​​ប្រកាន់​យក​គោលការណ៍​នយោបាយ "អាមេរិក​ដំបូង​សិន"។

លោក​ប្រធានាធិបតី​វ័យ​៧១​ឆ្នាំ បាន​ដក​ចេញ​នូវ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​មួយ​ចំនួន​ដូចជា៖​អាកាសធាតុ ពាណិជ្ជកម្ម អន្តោប្រវេសន៍ និង អង្គការយូណេស្កូ​ជា​ដើម។ កាល​ពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ថ្មីៗ​នេះ Trump បាន​​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ ដែល​កំពុង​រញ្ជួយ​ពិភពលោក គឺ ការ​ប្រកាស​ ទទួល​ស្គាល់​ក្រុង​យេរូសាឡឹម ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។

៨/ ការ​ចាក​ចេញ​ពី​សហភាពអឺរ៉ុប​របស់ អង់គ្លេស

នៅ​ថ្ងៃ​ទី ២៩ ខែ​មីនា ទីក្រុង​ឡុងដ៍​បាន​ចាប់ផ្តើម​ដំណើរ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។ ជា​លទ្ធផល បន្ទាប់​ពី​ចរចា​ជា​ច្រើន​ខែ នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ អង់គ្លេស និង អឺរ៉ុប​បាន​ឈាន​ដល់​​កិច្ចព្រមព្រៀង​ដើរ​បែក​គ្នា​មែន។

៧ ភាព​រង្គោះ​រង្គើ​​នៅ​មជ្ឈឹមបូព៌ា

នៅថ្ងៃទី​៥ ខែ​មិថុនា​ អារ៉ាប៊ីសាអូឌីត និង សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​កាតា។

នៅ​ក្នុង​វិបត្តិ​ការទូត​ដ៏​ធំ​បំផុត​ដែល​បាន​វាយ​ប្រហារ​តំបន់​នេះ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ពួកគេ​បាន​ចោទ​ប្រកាន់​ក្រុង​ដូហា​ ប្រទេស​កាតា ថា​បាន​គាំទ្រ​ភេរវករ​ និង​ស្និទ្ធិ​ទៅ​នឹង​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​នឹង​អារ៉ាប៊ីសាអ៊ូឌីត។

៦ មហន្តរាយសេដ្ឋកិច្ច របស់​ប្រទេស​វេណេហ្ស៊ុយអេឡា

បរវកញ្ញា Stefania Fernandez របស់វេណេហ្ស៊ុយអេឡាក្នុងឆ្នាំ ២០០៩ នៅពេលដែលប្រទេសនេះត្រចះត្រចង់​នៅ​ឡើយ

វេណេហ្ស៊ុយអេឡា ធ្លាប់​ជា​ប្រទេស​អ្នកមាន​​បំផុត​មួយ​នៅ​អាមេរិក​ឡាទីន ប៉ុន្តែ​ត្រូវ​រងគ្រោះខ្ទេចខ្ទាំ​ ដែល​​បច្ចុប្បន្ន​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​នេះ​អាក្រក់​ជាង​ស៊ីរី​ទៅ​ទៀត ដោយ​សារ​សង្រ្គាម​ស៊ីវិល។ នៅ​ថ្ងៃ​ទី ៣០ ខែ​កក្កដា ប្រធានាធិបតីសង្គមនិយម Nicolas Maduro បាន​អនុម័ត​រដ្ឋធម្មនុញ​ដ៏​ចម្រូង​ចម្រាស់ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា ការ​បង្រ្កាប និង សំលាប់​ជន​ស៊ីវិល​រាប់​សិប​នាក់។ ​​អតិផរណា​វេណេហ្ស៊ុយអេឡា​​ជាង​៧០០​% ដែល​ជា​​កម្រិត​ដ៏អាក្រក់​បំផុត​នៅ​លើ​ ដែល​ធ្វើ​ឲ្យ​ រូបិយប័ណ្ណ​របស់​ខ្លួន​ស្ទើរ​តែ​គ្មាន​តំលៃ។

ហិង្សា ឃាតកម្ម អំពើ​​ពុករលួយ ការខ្វះខាតស្បៀងអាហារ បាន​បំផ្លាញ​ប្រទេស​ស្តុក​ប្រេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ ចាប់តាំង​ពី​អតីត​ប្រធានាធិបតី​ លោក Hugo Chavez ប្រែ​ក្លាយ​ប្រទេស​​ទៅ​ជា​របប​សង្គមនិយម​ចាប់​ពី​ឆ្នាំ​ ១៩៩៩ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ "ជា​វីរបុស​នៃ​ភាព​ក្រីក្រ hero for the poor "។ មុន​ពេល​លោក​ស្លាប់​ទៅ​នៅ​ឆ្នាំ​២០១៣ លោក​ប្រធានាធិបតី​បាន​ជ្រើស​យក Nicolas Maduro ប្រធានាធិបតី​បច្ចុប្បន្ន​ស្នង​តំណែង​ជំនួស​លោក។ ​

៥ ការ​កើន​ឡើង​កម្តៅ​នៅ​កូរ៉េ​ខាងជើង

នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​និយាយ​ថា​ប្រទេស​ឯកោ​របស់​លោក​ជោគជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បាញ់​ទៅ​ដល់​ទឹកដី​អាមេរិក។

៤ ការ​សម្លាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា នៅ​មីយ៉ាន់ម៉ា

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា​កងទ័ព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​អ្នក​កាន់​ពុទ្ធសាសនា​បាន​ចាប់​ផ្តើម​បង្រ្កាប​លើ​ក្រុម​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន​ភាគ​ខាងលិច​ប្រទេស​នេះ។ ប្រជាជន​រ៉ូហ៊ីងយ៉ា​ជិត ៦៥០ ០០០ នាក់​បាន​ភៀស​ខ្លួន​ទៅ​បង់ក្លាដេស។

៣ ដែន​ដី​កាតាឡាន់​ទាមទារ​ឯករាជ្យ​ពី​អេស្ប៉ាញ

ប្រជាជន​កាតាឡាន់​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ​ពី​អេស្ប៉ាញ

សមាជិកសភា Catalan បាន​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៧ ខែ​តុលា ដើម្បី​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​អេស្ប៉ាញ ប៉ុន្តែ​ត្រូវ​រដ្ឋបាល​ទីក្រុង​ម៉ាឌ្រីដ​​​ច្រាន​ចោល និង បាន​ចាត់ទុក​ថា​នេះ​​ទង្វើ​ខុសច្បាប់។ អេស្ប៉ាញ​​មិន​ត្រឹម​តែ​មិន​បាន​ផ្តល់​ឯករជ្យឲ្យ​កាតាឡាន់​តាម​ការ​ទាមទារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​លែង​ឲ្យ​តំបន់​នេះ​ស្វ័យ័ត​ដូច​ពី​មុន​ទៀត​ផង។

​២ ប្រធានាធិបតី​ចាស់​វស្សា​លោកមូហ្គាបេ ធ្លាក់​ពី​តំណែង​ពី​ប្រទេស ហ្ស៊ីមបាវ៉េ

នៅ​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា លោក Robert Mugabe វ័យ​៩៣​ឆ្នាំ​បាន​ លា​លែង​ពី​តំណែង​បន្ទាប់​ពី​បាន​គ្រប់គ្រង​ប្រទេស​នេះ​អស់​រយៈ​ពេល ៣៧ ឆ្នាំ នៅ​ពេល​ពួកយោធា និង គណបក្ស​របស់​លោក​បាន​បោះ​បង់​លោក​ចោល ដែល​ត្រូវ​ស្នង​តំណែង​ដោយ​លោក​អនុប្រធានាធិបតី Emmerson Mnangagwa ជំនួស​លោក មូហ្គាបេ។

១ IS បរាជ័យ​តែ​មិន​រលាយ

ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ទី ៩ ខែ​ធ្នូ​នេះ​បាន​ប្រកាស​ជ័យជំនះ​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ដើម្បី​បណ្តេញ​រដ្ឋ​អ៊ីស្លាម​ (IS) ប៉ុន្តែ​ពួក​ជីហាដ នៅ​តែ​ជា​ការ​គំរាមកំហែង។ នៅ​ក្នុង​ប្រទេស​ស៊ីរី​ឯណេះ​វិញ​ ក្រុម​ IS ​ក៏​បាន​បាត់បង់​ដែនដី​ភាគច្រើន​ដែល​ពួកគេ​ធ្លាប់​បាន​កាន់កាប់​ផងដែរ។

នៅ​ជុំវិញ​ពិភពលោក​រាប់​តាំង​ពី​អង់គ្លេស​ដល់​អេហ្ស៊ីប ការ​វាយ​ប្រហារ​ជា​ច្រើន​​​ថា​បាន​កើត​ឡើង​ដោយ​ក្រុម​នេះ​ជា​អ្នក​បង្ក។

ប្រភព៖ www.afp.com   ប្រែ​សម្រួល៖ សុខ លាងហ៊ត