​​​ត្រកូល​ឡៅ​ទាំង​៣​​ជោគជ័យ​​ស្ទើរ​គ្មាន​គូ​ប្រៀប​តាំង​ពី​ដំបូង​​

  • 2017-12-27 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ត្រកូល​ឡៅ​​​៣​នាក់​គឺ ឡៅ ស៊ីណាត ឡៅ ចន្ទ្រា​ និង​ ឡៅ ចិត្រា​​បាន​បោះ​ជំហាន​ចូល​សង្វៀន​ប្រដាល់​​បង្ហាញ​ភាព​ខ្លាំង​ស្ទើរ​ដូច​គ្នា​​តាំង​ពី​ចាប់​ផ្តើម​ដំបូង​ និង​​ទទួល​បាន​ជោគជ័យ​​រៀង​ៗ​ខ្លួន។

អតីត​ជើង​ខ្លាំង​ ឡៅ ស៊ីណាត

អ្នក​តាម​ដាន​វិស័យ​កីឡា​ប្រដាល់​ប្រហែល​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​សមត្ថភាព​​ ឡៅ ស៊ីណាត​​ពេល​ដែល​រូប​គេ​លេច​មុខ​លើ​សង្វៀន។ ​​គេ​នៅ​ចាំ​បាន​ថា​ ​ប្រហែល​ជា​​២៥​ប្រកួត​ដំបូង​ កីឡាករ​រូប​នេះ​មិន​​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ។ អ្វី​ដែល​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​លើ​ ឡៅ ស៊ីណាត​​មាន​​ភាព​ល្បី​ល្បាញ​​២​ចំណុច​ដែល​ធ្វើ​ឲ្យ​កក្រើក​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ។

ឡៅ ស៊ីណាត នៅ​លើ​សង្វៀន

ទី​មួយ ​រូប​គេ​​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​សង្វៀន CTN។​ ពេល​ ឡៅ ស៊ីណាត ​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ CTN អ្នក​រៀប​ចំ​កម្មវិធី​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​បន្ត​បន្ទាប់​ និង​ដាក់​ឲ្យ​ប្រកួត​ការពារ​ខ្សែក្រវាត់​​​ថែម​ទៀត។ ពេល​នោះ​​អតីត​កីឡាករ​រូប​នេះ​​ធ្វើ​បាន​យ៉ាង​ល្អ​ និង​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់។ ទី​​ពីរ ​​ការ​ប្រកួត​របស់​គេ​ទល់​នឹង​អ្នក​លេង​កណ្តាប់​ដៃ​​ឥត​ស្រមោល​ ប៉ឹត ខាំ​ នៅ​សង្វៀន​​TV5។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ពិត​ជា​កក្រើក​ខ្លាំង​ណាស់​។ ស៊ីណា​​បាន​ផ្តួល​​ ប៉ឹត ខាំ ​ឲ្យ​សន្លប់​ ប៉ុន្តែ ឡៅ ស៊ីណាត ក៏​ធ្លាប់​សន្លប់​របស់​​ប៉ឹត​ ខាំ​​ដែរ។

យ៉ាង​ណា​ភាព​ខ្លាំង​របស់​ ឡៅ ស៊ីណាត​​ បាន​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ​ នៅ​ពេល​រូប​គេ​អាយុ​កាន់​តែ​ច្រើន​។ មុន​ពេល​ឈប់​​ឡើង​សង្វៀន​​​ក្លាយ​ជា​​អាជ្ញា​កណ្តាល​ ​រូប​គេ​បាន​​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ជា​ច្រើន​​ដង​​ ហើយ​ចុង​ក្រោយ​បាន​របួស​បាក់​​ជើង​រហូត​​ឈប់​ពី​ប្រដាល់​កាល​ពី​​ឆ្នាំ​២០១៦។​

ម្ចាស់​ខ្សែក្រវាត់​៣​គ្រឿង​ ឡៅ ចន្ទ្រា

​ប្អូន​ប្រុស​របស់​ ឡៅ ស៊ីណាត ​នេះ​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​មហាជន​យ៉ាង​ខ្លាំង​រហូត​​បុគ្គល​ល្បី​ៗ​មួយ​ចំនួន​ហៅ​រូប​គេ​ថា​ជា​ អធិរាជ​កែង​ឆេះ​ ជង្គង់​ហោះ ​ដែល​ស្នង​ពី​​លោក អេ ភូថង​ ទៀត​ផង។ ចាប់​ផ្តើម​ឡើង​សង្វៀន​ភ្លាម​ ឡៅ ចន្ទ្រា ​បាន​បង្ក​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​​ដែល​ប្រហែល​ជា​២០​ប្រកួត​ដំបូង​មិន​ដែល​ចាញ់​ឡើយដូច ឡៅ ស៊ីណាត​ដែរ។

ឡៅ ចន្ទ្រាថត​ជាមួយ​អ្នក​គាំទ្រ

អ្វី​ដែល​គួរ​​កត់​សំគាល់​​ភាព​ខ្លាំង​របស់ ​ឡៅ ចន្ទ្រា ​​​តាម​រយៈ​ការ​ឈ្នះ​ខ្សែក្រវាត់​៣​​​ដង​​គឺ​ខ្សែក្រវាត់​នៅ​ PNN​១​ ឈ្នះ​ខ្សែក្រវាត់​នៅ​ CTN​១​ និងឈ្នះ​​​ខ្សែក្រវាត់​នៅ​បាយ័ន​១។ ការ​ប្រកួត​ឈ្នះ​​ខ្សែក្រវាត់​ទាំង​៣​នេះ​គឺ​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ រូប​គេ​​វ៉ៃ​ឈ្នះ​​ទាំង​អស់។ រឿង​មួយ​ទៀត​ ឡៅ ចន្ទ្រា​ ឈ្នះ​មេដាយ​មាស​ពី​​ព្រឹត្តិការណ៍​កីឡា​ជាតិ តែ​យ៉ាង​ណា​មិន​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ទេ។

ចំពោះ​ការ​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​ដូច​គ្នា​​គឺ​​​​ ផាន់​ គ្រាន់​ និង​ ផល សោភ័ណ្ឌ​ ដែល​​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ខ្លាំង។ ក្រៅ​ពី​នោះ​រូប​គេ​វ៉ៃ​ជា​មួយ​កីឡាករ​បរទេស​រហូត​​ដល់​សព្វ​ថ្ងៃ​នេះ​ និង​សាង​កេរ្តិ៍​ល្បី​​រន្ទឺ​មិន​​ថមថយ​ឡើយ។ រូប​គេ​នៅ​មាន​ឱកាស​សាង​កេរ្តិ៍​ឈ្មោះ​ និង​បង្កើត​​ស្នាដៃ​​ច្រើន​ឆ្នាំ​ទៀត។

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ឡៅ ចិត្រា

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​​កាល​ពី​ឆ្នាំ​២០១៦​​​ដោយ​គ្រាន់​តែ​ឡើង​សង្វៀន​ភ្លាម​ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​តែ​ម្តង។ ​តាម​រយៈ​កាយ​សម្បទា​​អំណោយ​ផល និង​ស្នៀត​វ៉ៃ​ល្អ ព្រម​ទាំង​ទឹក​ចិត្ត​ក្លាហាន​ផង​នោះ​​បាន​ធ្វើ​ឲ្យ​រូប​គេ​ល្បី​​ល្បាញ​យ៉ាង​ឆាប់​រហ័ស​ និង​វ៉ៃ​ជា​មួយ​កីឡាករ​បរទេស​រហូត។

ឡៅ ចិត្រា​ឈ្នះ​ការ​ប្រកួត​នៅ​ស៊ីហ្គេម

​ឆ្នាំ​២០១៦​ ឡៅ ចិត្ រា​​​​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​​សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស និង​ឈ្នះ​មេដាយ​​មាស​ពី​ព្រឹត្តិការណ៍​កីឡា​​ជាតិ​លើក​ទី​១​ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ឈ្មោះ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម។ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​រូប​គេ​ឈ្នះ​មេដាយ​សំរឹទ្ធ​ដែល​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​ល្បី។ ទាំង​ខ្លួន​នៅ​វ័យ​ក្មេង រូប​គេ​​កម្រ​វ៉ៃ​ជា​មួយ​កីឡាករ​កម្ពុជា​ដូច​គ្នា​ណាស់ ប៉ុន្តែ​ទទួល​ស្វាគមន៍​អ្នក​លេង​ដែន​រហូត​ ដោយ​សារ​សមត្ថភាព​របស់​គេ​ស្ទើរ​រក​កីឡាករ​កម្ពុជា​ណា​វ៉ៃ​ជា​មួយ​បាន។

ពិសេស​ទៀត​នោះ​ កីឡាករ​​អាយុ​​​ទើប​​១៨​ឆ្នាំ​ កម្ពស់​១.៧០​ម៉ែត្រ​ និង​​ធ្លាប់​​ប្រកួត​​បាន​​៥៥​​ដង​​​បាន​​ធ្វើ​​មហាជន​ស្គាល់​កាន់​តែ​ច្បាស់​​ពី​ការ​ប្រកួត​ឈ្នះ​កីឡាករ​​រុស្ស៊ី​​​ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​​ Khmer Thai Fight។ ភាព​ល្បី​ល្បាញ​របស់​គេ​ស្ទើរ​ខ្លាំង​ជាង​រៀម​ច្បង​ ឡៅ ស៊ីណាត​ និង​ ឡៅ ចន្ទ្រា​​ ថែម​ទៀត​ ហើយនៅ​មាន​​ឱកាស​យូរ​អង្វែង​ទៀត​ដែលរូប​​​គេ​សាង​​កេរ្តិ៍​ឈ្មោះ​​ថ្នាក់​ជាតិ​ និង​អន្តរជាតិ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី