ទីបំផុត G.O ចេញមុខទទួលស្គាល់ចំណងស្នេហ៍របស់លោកនិង Choi Ye Seul ហើយ
- 2018-01-03 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត G.O ចេញមុខទទួលស្គាល់ចំណងស្នេហ៍របស់លោកនិង Choi Ye Seul ហើយ
ចន្លោះមិនឃើញ
សមាជិកក្រុម MBLAQ តារាចម្រៀង G.O បានចេញមុខទទួលស្គាល់ទំនាក់ទំនងស្នេហារបស់លោកជាមួយនិងតារាសម្ដែង Choi Ye Seul ហើយ។
ក្រោយពីព័ត៌មានទាក់ទងនឹងចំណងស្នេហ៍របស់តារាប្រុសស្រីទាំង ២បានក្លាយជាព័ត៌មានទំព័រមុខនោះ កាលពីថ្ងៃទី ០២ ខែមករា តារាចម្រៀង G.Oក៏បានចែករំលែករូបភាពខ្លួននិងគូស្នេហ៍អមជាមួយនឹងសារដ៏វែងអន្លាយដែលទម្លាយពីទំនាក់ទំនងរបស់ពួកគេជាផ្លូវការជូនចំពោះអ្នកគាំទ្ររបស់លោក។
ក្នុងសារនោះ លោកបានសរសេរថា៖ " សួស្ដី ខ្ញុំគឺ G.O សួស្ដីឆ្នាំថ្មី! នៅព្រឹកនេះ មានឈ្មោះតារាខ្លះៗស្ថិតលើកំពូលតារាងដែលមានអ្នកស្វែងរកច្រើន។ ពួកយើងមានគម្រោងនឹងប្រាប់ដំណឹងនេះនៅពេលខាងមុខដែរ ប៉ុន្តែមិនទាន់បានប្រាប់ផង សារព័ត៌មានបានចេញមុនបាត់ទៅហើយ។ ប៉ុន្តែមិនអីទេ ព្រោះថាវាជាដំណឹងល្អ។ និយាយតាមត្រង់ទៅ រឿងដែលមិនល្អនោះគឺរូបភាពរបស់ខ្ញុំត្រូវបានគេយកទៅប្រើប្រាស់។ ខ្ញុំមិនដែលទទួលបានកេរ្តិ៍ឈ្មោះ ឬក៏ភាពជោគជ័យណាតាមដែលខ្ញុំចង់បាននោះទេ ប៉ុន្តែខ្ញុំបានឆ្លងកាត់រឿងជាច្រើនអស់រយៈកាល១០ឆ្នាំកន្លងមកនេះចាប់តាំងពីខ្ញុំចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងក្នុងឆ្នាំ២០០៧។ អ្វីដែលខ្ញុំស្មុគចិត្តជាងគេ គឺនៅពេលដែលពិបាករកមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្លួនខ្ញុំ។ ខ្ញុំមានអារម្មណ៍ទទួលរងសម្ពាធដែលតែងតែជាមនុស្សម្នាក់ដែលត្រូវការការងារ សេចក្ដីស្នេហា និងចំណងមិត្តភាព ហើយមានមនុស្សមិនច្រើននោះទេដែលស្គាល់និងទទួលយកខ្ញុំជាខ្ញុំ។ ពេលវេលាបានកន្លងទៅដូចនេះរហូតដល់ខ្ញុំបានជួបមនុស្សម្នាក់នៅពេលខ្ញុំស្ថិតក្នុងស្ថានភាពលំបាក ម្នាក់នោះគឺជា Choi Ye Seul។ នាងជាមនុស្សម្នាក់ដែលព្រមទទួលយកខ្ញុំ និងតែងជាមនុស្សដែលគិតគូពីអ្នកដទៃ។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំជឿជាក់ថាសុភមង្គលដែលខ្ញុំទទួលបាននេះនឹងចែកចាយទៅមនុស្សដែលស្រឡាញ់ខ្ញុំដូចជាមេរោគដែលសប្បាយរីករាយដូច្នោះដែរ។ ទោះបីជាឥឡូវនេះខ្ញុំពេញវ័យក៏ដោយ ខ្ញុំនៅតែបន្តបង្កើតកំហុសដដែល។ បើសិនជាខ្ញុំមានចំណុចខ្វះខាត ឬមិនដឹងខ្លួនក្នុងប្រការណាមួយ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីខ្ញុំ ព្រមទាំងទង្វើរបស់ខ្ញុំដែរ។ អរគុណសម្រាប់ការចំណាយពេលអានសារមួយនេះ និងសូមអរគុណជាអនេកចំពោះអ្នកដែលបានអបអរសាទរពួកយើងទាំង២"។
ព័ត៌មានស្នេហាតារាប្រុសស្រីទាំង ២គឺ G.O និង Choi Ye Seul ត្រូវសារព័ត៌មានផ្សព្វផ្សាយព្រោងព្រាត ដែលនាំឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នា ព្រមទាំងបានសាទរនឹងដំណឹងមង្គលនេះទៀតផង៕