ក្រុងតាខ្មៅ គ្រោងនឹងពង្រីកខ្លួនបន្ថែមទៀត
- 2018-02-21 02:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងតាខ្មៅ គ្រោងនឹងពង្រីកខ្លួនបន្ថែមទៀត
ចន្លោះមិនឃើញ
ស្របពេលសំណង់ខុនដូ គម្រោងផ្ទះល្វែង និងអគារពាណិជ្ជកម្មបានកើតឡើងច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិសាស្ត្រមួយចំណែករបស់ស្រុកស្អាង គ្រោងនឹងកាត់ចូលមកក្រុងតាខ្មៅនាពេលខាងមុខ។ នេះបើតាមប្រសាសន៍ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បង្ហើបប្រាប់អ្នកសារព័ត៌មាន។
លោកបានបន្ថែមថា ការស្នើសុំពង្រីកក្រុងនេះត្រូវបានធ្វើឡើងតាមសំណើ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលតាមរយៈការកំណត់ប្លង់គោល ដែលសំណើនេះបានដាក់ជូនរួចហើយទៅក្រសួងពាក់ព័ន្ធ ហើយមានឃុំចំនួន៤ នឹងត្រូវកាត់ចេញពីស្រុកស្អាង ខេត្តកណ្ដាល មានឃុំស្វាយរលំ សិត្បូ រកាខ្ពស់ និងឃុំកោះអន្លង់ចិន។
«អញ្ចឹងតាមគម្រោងនឹងស្នើសុំកាត់បញ្ចូលមករដ្ឋបាលក្រុងតាខ្មៅ។ ដូច្នេះនៅពេលចេញប្លង់គោលក្រុងតាខ្មៅនឹងរីកធំជាងបច្ចុប្បន្ន។ ការរៀបចំប្លង់គោលសម្រាប់ក្រុងតាខ្មៅ គឺមានភាពចាំបាច់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យក្រុងមានសណ្ដាប់ធ្នាប់ និងស្តង់ដា»។
ក្រុងតាខ្មៅ គឺជាទីប្រជុំជនរបស់ខេត្ត ស្ថិតនៅជាប់ដងទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ដែលជាប្រភពទឹកដ៏សំខាន់បម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ។ ក្រុងតាខ្មៅមានសក្ដានុពលអភិវឌ្ឍន៍ផ្នែកកសិកម្មមជ្ឈមណ្ឌលសិក្សាអប់រំ និងជាតំបន់ស្នាក់នៅដ៏ទាក់ទាញ ។
ក្រុងតាខ្មៅមានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ខាងកើតជាប់ទន្លេបាសាក់ខាងជើងជាប់ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ខាងត្បូងជាប់ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង ។ តំបន់រដ្ឋបាលចែកជាសង្កាត់ ០៦ និងភូមិ ២០ មានផ្ទៃដី ៣១.៧៨ គ.ម២ ប្រជាពលរដ្ឋសរុប ៦៧ ៦២៦ នាក់ ស្រី ៣៦ ១៥៦ នាក់ ស្មើនឹង ១៣ ៨៤០ គ្រួសារក្នុងនោះអាយុ ១៨ ឆ្នាំឡើង ៤៦ ៤៤៩ នាក់ ស្រី ២៣ ៧២១ នាក់ ដង់ស៊ីតេ ២នាក់/គ.ម២។ ប្រជាពលរដ្ឋ ៧៩% ប្រកបរបរ ផ្នែកសេវាកម្ម ដឹកជញ្ជូន មន្ត្រីរាជការ បុគ្គលិក កម្មករ ១៩,២៥% ប្រកបរបរកសិកម្ម ក្រៅពីនេះប្រកបរបរ ផ្សេងៗទៀត។ នេះបើយោងតាមស្ថិតិឆមាសទី ១ ឆ្នាំ ២០១២៕