Lampard ស្នើ​ Willian រឿង​មួយ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ញាក់​សាច់​យប់​មិញ

  • 2018-02-21 11:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប​ Chelsea អតីត​ខ្សែ​បម្រើ Frank Lampard ក្នុង​ថ្ងៃ​នេះ បាន​សម្ដែង​ការ​កោត​សរសើរ​ដល់​ទម្រង់​លេង​របស់ ខ្សែ​ប្រយុទ្ធ​ស្លាប Willian ពេល​ប៉ះ Barcelona យប់​មិញ។ ទោះ​ជា​យ៉ាង​ណា Lampard បាន​ទទូច​ឲ្យ​កីឡាករ​ប្រេស៊ីល​ខិត​ខំ​ទម្រង់​លេង​ល្អ​បែប​នេះ​ឲ្យ​បាន​យូរ។

Lampard បាន​និយាយ​ថា៖ "គេ​លេង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​ប្រកួត​យប់​មិញ។ នៅ​ពេល​មុន​ប្រកួត ពួក​យើង​សុទ្ធ​តែ​នាំ​គ្នា​និយាយ​ពី Eden Hazard តែ​ Willian ទៅ​វិញ​ទេ ដែល​លេង​បាន​ល្អ​ជាង​គេ​ក្នុង​ប្រកួត​ហ្នឹង"។

អតីត​ខ្សែ​បម្រើ​បន្ត៖ "គ្រាប់​ដែល​គេ​ស៊ុត​ហ្នឹង មាន​សណ្ឋាន​ដូច​គ្រាប់​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​គេ​ប្រឹង​រៀន​ស៊ុត​​ជា​ច្រើន​ដង​នៅ​ពេល​កំពុង​ហ្វឹក​ហាត់។ គេ​ពិត​ជា​កីឡាករ​មួយ​រូប​ដ៏​ល្អ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​ពី​គេ​នោះ គឺ​បន្ត​លេង​ទម្រង់​លេង​បែប​នេះ​ឲ្យ​កាន់​តែ​យូរ​កាន់​តែ​ល្អ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Willian មិន​សូវ​ត្រូវ​បាន​អ្នក​ចាត់​ការ Antonio Conte ដាក់​ចូល​លេង​ឲ្យ​បាន​ជាប់​លាប់​ប៉ុន្មាន​ទេ​ ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ក្នុង​ប្រកួត​យប់​មិញ។ កីឡាករ​ប្រេស៊ីល បាន​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​លើក ក្នុង​នោះ​​ស៊ុត​ប៉ះ​បង្គោល​ពីរ​លើក មុន​ពេល​ធ្វើ​បាន​សម្រេច​នូវ​គ្រាប់​បាល់​ដំបូង​ក្នុង​ការប្រកួត​នៅ​នាទី ៦៣។

ទោះ​ជា​យ៉ាង​ណា ជាង ១០​នាទី​ក្រោយ​មក ខ្សែ​ប្រយុទ្ធ Lionel Messi ក៏​បាន​ធ្វើ​ការ​ស៊ុតចូលបានសម្រេច តាម​ស្មើ​វិញ ធ្វើ​ឲ្យ​ជំនួប​ជើង​ទី១ Champions League វគ្គ ១៦ក្រុម រវាង​តោ​ខៀវ និង​អ្នក​មាន​បុណ្យ Barcelona បញ្ចប់​ក្នុង​លទ្ធផល​ ១​ទល់​នឹង ១៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី