Bayern ស្ដាយក្រោយដែលឲ្យ Kroos ចាកចេញទៅ Real Madrid
- 2018-02-21 13:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern ស្ដាយក្រោយដែលឲ្យ Kroos ចាកចេញទៅ Real Madrid
ចន្លោះមិនឃើញ
វាជាកំហុសមួយសម្រាប់ក្លឹប Bayern Munich ដែលបានបណ្ដោយឲ្យខ្សែបម្រើ Toni Kroos ចាកចេញពីក្លឹបទៅចូលរួមជាមួយ Real Madrid។ នេះបើតាមសម្ដីអតីតប្រធានផ្នែកកីឡារបស់ក្លឹបយក្សអាល្លឺម៉ង់ លោក Matthias Sammer។
លោក Sammer បានថ្លែងប្រាប់សារព័ត៌មាន Sport Blid ថា៖ "តាមពិតទៅ មានការសម្រេចចិត្តពីអតីតកាលខ្លះ តម្រូវឲ្យយើងយកមកគិតវិភាគឡើងវិញ។ យើងមិនអាចដឹងទេថា បើទុក Toni Kroos ទៅ តើពាន Champions League ប៉ុន្មានទៀត ដែលក្លឹបអាចឈ្នះ ឬវគ្គផ្ដាច់ព្រ័ត្រកម្មវិធីហ្នឹងប៉ុន្មានដងទៀតដែលក្លឹបអាចនឹងលេង"។
អតីតប្រធានផ្នែកកីឡារូបនេះ បន្ត៖ "ដូច្នេះ បើតាមគំនិតខ្ញុំ វាពិតជាកំហុសមួយយ៉ាងធំដែលក្លឹប Bayern បណ្ដោយឲ្យគេចាកចេញ។ ពិតណាស់ថា ការចាកចេញរបស់គេ មិនធ្វើឲ្យ Bayern រង្គោះរង្គើ ឬធ្លាក់ទម្រង់លេងអ្វីទេ ប៉ុន្តែបើអ្នកឯងសួរខ្ញុំថា តើការសម្រេចចិត្តក្នុងការឲ្យគេចេញហ្នឹងត្រូវ ឬខុស ខ្ញុំអាចនិយាយច្បាស់ៗបានថា គឺខុស"។
Bayern Munich បានធ្វើការលក់ខ្សែបម្រើ Toni Kroos ទៅក្លឹប Real Madrid ក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំ ២០១៤។ តាំងពីពេលនោះមក កីឡាករអាល្លឺម៉ង់បានអភិវឌ្ឍទម្រង់លេងខ្លួនខ្លាំងមែនទែន រហូតត្រូវបានមតិជាច្រើនក្នុងពិភពបាល់ទាត់ចាត់ទុកជាខ្សែបម្រើមួយរូបក្នុងចំណោមខ្សែបម្រើល្អបំផុតលើលោក។
តាំងពីចាកចេញពីក្លឹបអាល្លឺម៉ង់ Kroos ឈ្នះពាន Champions League ២ដងហើយជាមួយក្លឹបយក្សអេស្ប៉ាញ។
ថ្លែងពី Bayern វិញ ក្លឹបយក្សអឺរ៉ុបមួយនេះ មិនបានឈ្នះ ឬឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ម្ដងណាឡើយ តាំងពីឆ្នាំ ២០១៣មក៕