Henry ប្រាប់ Neymar ចំៗ ឲ្យប្ដូរអាជីព បើសិនជាចង់ប្រជែងឈ្នះ Messi
- 2018-02-21 12:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Henry ប្រាប់ Neymar ចំៗ ឲ្យប្ដូរអាជីព បើសិនជាចង់ប្រជែងឈ្នះ Messi
ចន្លោះមិនឃើញ
កំពូលវីរបុរស Arsenal អតីតខ្សែប្រយុទ្ធ Thierry Henry ក្នុងថ្ងៃនេះ បាននិយាយចំៗថា បើសិនជា Neymar ចង់ចាកចេញពីស្រមោលរបស់ខ្សែប្រយុទ្ធ Lionel Messi កីឡាករប្រេស៊ីលគួរប្ដូរអាជីពទៅកីឡាផ្សេងក្រៅពីបាល់ទាត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញល្បីឈ្មោះ Marca។
Henry បាននិយាយថា៖ "ខ្ញុំមិនសូវជឿជាក់ទេថា មូលហេតុដែល Neymar ចាកចេញពី Barcelona គឺដើម្បីចាកចេញពីស្រមោលរបស់ Messi នោះ"។
បន្ទាប់ពីថ្លែងបែបនេះ អតីតខ្សែប្រយុទ្ធបារាំងរូបនេះ បន្ត៖ "ការពិតគឺថា កីឡាករបាល់ទាត់ទាំងអស់សុទ្ធតែស្ថិតនៅក្នុងស្រមោលរបស់ Messi។ ដូច្នេះបើសិនជា Neymar មិនចង់ស្ថិតក្នុងស្រមោលមួយនេះ គេគួរគិតប្ដូរអាជីពទៅកីឡាផ្សេងក្រៅពីបាល់ទាត់"។
គួររំលឹកឡើងវិញផងដែរថា កាលពីដើមខែសីហា ឆ្នាំមុន ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានធ្វើការចាកចេញពី Barcelona មកចូលរួមជាមួយ PSG ក្នុងតម្លៃផ្ទេរថ្លៃបំផុត ២២២លានអឺរ៉ូ (ប្រមាណ ២៧០លានដុល្លារសហរដ្ឋអាមេរិក)។
ការចាកចេញនេះ ត្រូវបានមតិជាច្រើនក្នុងពិភពបាល់ទាត់យល់ថា គឺជាចេតនារបស់កីឡាករប្រេស៊ីល ក្នុងការចាកចេញពីស្រមោលរបស់កីឡាករអាហ្សង់ទីន។
ទាំង Neymar និង Messi សុទ្ធកំពុងបង្ហាញទម្រង់លេងល្អ ក្នុងរដូវកាលនេះ។ រហូតមកទល់ពេលនេះ កីឡាករប្រេស៊ីលស៊ុតចូល ២៦គ្រាប់ ខណៈ ខ្សែប្រយុទ្ធអាហ្សង់ទីនវិញរកបាន ២៨គ្រាប់ហើយ៕