មកស្គាល់ស្នាដៃល្បីសុសសាយ របស់ផលិតករភាពយន្តទសវត្សរ៍ ៦០ លី ប៊ុនយីម (វីដេអូ)

  • 2018-03-05 06:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រន្ទះពេជ្រភាពយន្ត ជាផលិតកម្មមួយបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ជាមួយភាពយន្តដ៏មានអត្ថន័យមួយ ផលិតដោយព្រឺទ្ធាចារ្យ លី ប៊ុន​យីម​ ដែលជាស្នាដៃដំបូង និងជាភាពយន្តជោគជ័យ ហើយចំណាយទុនតិចជាងគេទៀតផង។

ព្រឹទ្ធាចារ្យ​ លី ប៊ុនយីម

រឿង «រន្ទះគ្រួសារ» ជាភាពយន្តខ្មែរមួយដែលដឹកនាំសម្តែងផង និងសម្តែងខ្លួនផ្ទាល់ដោយលោក លី ប៊ុន​យីម​ កាលពីយុវវ័យ ជាមួយនឹងគ្រួសារ មិត្តភ័ក្តិ ក៏កាន់ម៉ាស៊ីនថត ធ្វើដំណើរតាមឡានមួយរបស់ខ្លួនទៅកាន់ ខេត្ត សៀមរាប។ ពេលធ្វើដំណើររូបលោក ក៏រៀបចំសាច់រឿង និងថតបញ្ចូលគ្នា ដោយមិនមាន​ការត្រៀម​ទុក ហាត់សម​សម្តែងអ្វីច្រើនទេ។

ព្រឹទ្ធាចារ្យ​ លី ប៊ុនយីម និងសហការី

ព្រោះលោក លី ប៊ុនយីម យល់ច្បាស់ថា ខ្លួនលោកចង់បានអ្វីចេញនៅក្នុងផ្ទាំងកំណាត់ស ហើយ​តាម​រយៈ​ការ​​ស្រលាញ់ពេញចិត្ត ខ្សែភាពយន្តមួយនេះក៏ត្រូវបានមហោជនគាំយ៉ាងច្រើនកុះករ ដែល​ជំរុញឱ្យផលិតកររូបនេះ រឹតតែមានទឹកចិត្ត និងព្យាយាមផលិតភាពយន្តជាបន្ត។

ក្នុងឆ្នាំបន្តបន្ទាប់ លោក លី ប៊ុនយីម នៅតែផលិតភាពយន្តបានជោគជ័យ និងកាន់តែពិសេស ជាមួយស្នាដៃថត​បែបអភិនីហារ ហោះហើរ ជ្រែកដី និងស្រុះព្រះធរណី នឹកស្មានមិនដល់។ លោក ព្រឹទ្ធាចារ្យ ធ្លាប់​មាន​ប្រសាសន៍​ថា ការផលិតភាពយន្តរបស់លោកធ្វើទៅតាមសាច់រឿងរបស់ព្រះពុទ្ធសាសនា និងតំណាលរឿងនៃព្រេងនិទាន ក្នុងគម្ពីស្លឹករឹត ដែលមានតម្កល់ទុកតាមវត្តអារាម នាសម័យនោះ។

រឿង «ពុទ្ធិសែននាងកង្រី»

នៅក្នុងបណ្តារឿងដែលផលិតករខ្មែររូបនេះធ្លាប់ផលិតមានដូចជា រឿង «សព្វសិទ្ធ» ផលិតក្នុង​ឆ្នាំ ​១៩៦៥ រឿង «ពុទ្ធិសែននាងកង្រី» ផលិតក្នុងឆ្នាំ ១៩៦៨ រឿង «អដ្ឋិសុវណ្ណចន្ទកេសរ» ផលិតក្នុង​ឆ្នាំង​ ១៩៦៩ រឿង «អាសម្គមបាញ់រលក» ផលិតក្នុងឆ្នាំ ១៩៧០ រឿង «ស្លាប់រស់ព្រោះសម្តី» ផលិតក្នុង​ឆ្នាំ​ ១៩៧០ ដូចគ្នា។ រឿង «អនអើយស្រីអន» ផលិតក្នុងឆ្នាំ ១៩៧២ រឿង «ចំណងដៃទឹកភ្នែក» ផលិតក្នុង​ឆ្នាំ ​១៩៧៤ និងរឿង «សេះសមុទ្រ» ផលិតក្នុងឆ្នាំ ១៩៧៥ ។

លោក លី ប៊ុនយីម និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន

រាល់ការផលិតរបស់លោក ព្រឹទ្ធាចារ្យ លី ប៊ុនយីម ប្រើប្រាស់ពេលវេលាថត និងកាត់ត ស្ទើរតែពេញមួយឆ្នាំ មុននឹងបន្តផលិតរឿងថ្មីទៀត វាហាក់ស្រដៀងគ្នានឹងផលិតកម្មធំ បច្ចុប្បន្ននៅប្រទេសទំនើបជឿនលឿនដែរ។ ចំពោះការផ្សព្វផ្សាយសាច់រឿង រឹតតែមានរៀបចំនិងពេលវេលាច្រើនដូចគ្នា ហើយរឿងខ្លះក៏ល្បីជាបទចម្រៀង និងជាប្រលោមលោកពេញនិយមក្នុងឆ្នាំនោះដូចគ្នា នេះតាមការបញ្ជាក់របស់លោកព្រឺទ្ធាចារ្យ។

ឈុត មួយក្នុងរឿង «ពុទ្ធិសែននាងកង្រី»

ស្ថិតក្នុងឱកាសមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៨ ក្នុងថ្ងៃទី ៧ ខែ មីនា នេះ ភាពយន្តមួយរបស់ លោក លី ប៊ុន យីម ដែលមានចំណងជើងថា «ពុទ្ធិសែននាងកង្រី» ត្រូវបានក្រុមបច្ចេកទេសមហោស្រពភាពយន្តយកទៅច្នៃគុណភាពសំឡេង និងពណ៌ថ្មី សម្រាប់យកមកចាក់ផ្សាយទស្សនាដោយសេរីក្នុងមហោស្រភាពយន្តដ៏ធំប្រចាំឆ្នាំ លើកទី ៨ នេះ នៅសាលសន្និសីទចតុមុខ វេលាម៉ោង ៦ និង ៣០នាទី។ អ្វីដែលពិសេសនោះប្រិយមិត្តនឹងមានឱកាលជួបផ្ទាល់ និងស្តាប់ការបទស្រាយរបស់លោក ព្រឹទ្ធាចារ្យ លើវេទិការមុននឹងការបញ្ចាំងភាពយន្ត៕

ចង់ដឹងថារឿង «ពុទ្ធិសែននាងកង្រី» ល្អមើលប៉ុណ្ណា ប្រិយមិត្តអាចទស្សនា វីដេអូខ្លី ខាងក្រោម៖

អត្ថបទ៖ Sunny

រូបភាពៈ មជ្ឈមណ្ឌល បុប្ផាណា និងហ្វេសប៊ុក លោក លី ប៊ុនយីម