យ៉ាង​ណា​ហើយ​ចំណង​ស្នេហ៍ នេត សុចរិយា ជាមួយ​គូស្នេហ៍​កូន​កាត់​៣​សាសន៍​?

  • 2018-03-07 03:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាត់​មុខ​ពី​សិល្បៈ​ក្នុង​ស្រុក​ប្រមាណ​ជាង ២​ឆ្នាំ នេត សុចរិយា ស្រាប់​តែ​លេច​មុខ​វិញ​តែ​ម្នាក់​ឯង មិន​ឃើញ​លោក Nathan Gan ជនជាតិ​សិង្ហបុរី កាត់​ម៉ាឡេស៊ី និង​អូស្ត្រាលី ជា​គូ​ស្នេហ៍​សេព​គប់​គ្នា​ប៉ុន្មាន​ឆ្នាំ​មក​ជាមួយ​នោះ នាំ​ឲ្យ​មាន​ការ​ដណ្ដឹង​សួរ​ថា​តើ ចំណង​ស្នេហ៍​ពួក​គេ​យ៉ាង​ណា​ហើយ?

បញ្ហា​ខាង​លើ​នេះ ចរិយា ឆ្លើយ​តប​ថា ទំនាក់​ទំនង​របស់​នាង និង​អតីត​ថៅកែ​ស្រា​ផ្ដាច់​មុខ​មួយ​នៅ​កម្ពុជា​នេះ នៅ​តែ​ធម្មតា មិន​មាន​ការ​ប្រែប្រួល ឬ​ប្រេះ​ស្រាំ​អ្វី​ឡើយ ពោល​គឺ​នៅ​ល្អ​ដូច​ដើម។ នាង​បន្ត​ថា ២​ឆ្នាំ​ដែល​នាង​បាត់​មុខ​ពី​សង្គម​សិល្បៈ​ខ្មែរ គឺ​នាង និង​គូ​ស្នេហ៍ បាន​ទៅ​រស់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជាមួយ​គូស្នេហ៍ ធ្វើ​កិច្ច​ការងារ​នៅ​ទី​នោះ។

ដោយ​ឡែក ចំពោះ​មូលហេតុ​ដែល​ប្រិយមិត្ត​ឃើញ​ពេល​នេះ នាង​វិល​មក​ប្រទេស​កំណើត​វិញ​តែ​ម្នាក់​ឯង ក៏​មិន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ពួក​នាង​មាន​ភាព​រកាំរកូស​ណា​មួយ​ដែរ។ "ខ្ញុំ​មក​វិញ​ម្នាក់​ឯង ដោយ​សារ​ត្រូវ​មក​រក​ស៊ី​នៅ​ទី​នេះ ដោយ​ឡែក​គាត់ គាត់​មក​អត់​ទាន់​បាន គាត់​ជាប់​ការងារ​គាត់​ច្រើន​នៅ​ទី​នោះ(ហ្សាកាតា) ហើយ​ខ្ញុំ​ក៏​មិន​អាច​និយាយ​បាន​ថា គាត់​នឹង​មក​វិញ​ពេល​ណា​ដែរ”។

ជាមួយ​គ្នា​នឹង​ការ​អះអាង​ពី​ទំនាក់ទំនង​ស្នេហ៍​នាង​នៅ​ផ្អែម​ល្ហែម​ដដែល អតីត​ពិធី​ការិនី​ទូរទស្សន៍​រូប​នេះ នៅ​បាន​បង្ហើប​ទៀត​ថា នាង​គ្រោង​រៀបការ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅ​វិញ។ "តាម​ពិត ពួក​យើង​គ្រោង​រៀបការ​ក្នុង​ឆ្នាំ​នេះ​តើ​បង ប៉ុន្តែ​ឥឡូវ​យើង​សម្រេច​ថា​ពន្យារ​ពេល​សិន ដោយ​សារ​ត្រូវ​ដំណើរ​មុខ​ជំនួញ​ខ្ញុំ​មុន​សិន"។

នេត សុចរិយា ទើប​ប្រកាស​ពី​ផែន​ការ​អាជីវកម្ម​ថ្មី​ៗ​ប្រភេទ​គ្រឿង​តុប​តែង​ក្នុង​ផ្ទះ​ធ្វើ​ពី​សូត្រ​ខ្មែរ ដែល​បាន​ដាក់​ឈ្មោះ​ថា “NATRIYA HOMESILK” មាន​ទី​តាំង​នៅ​ម្ដុំ​វិមាន​ឯករាជ្យ។ ហាង​នេះ ត្រូវ​បាន​បើក​ដំណើរ​ភ្លាម​ៗ​កាល​ពី​សប្ដាហ៍ ពោល​គឺ​ក្រោយ​ពី​នាង​បាន​បង្ហាញ​មុខ​ក្នុង​ស្រុក​វិញ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ម្ចាស់​ហាង​វ័យ​ក្មេង​បញ្ជាក់​ថា នាង​គ្រោង​នឹង​ធ្វើ​ពិធី​សម្ពោធ​ឆាប់​ៗ ហើយ​ថា វេលា​នោះ គូ​ស្នេហ៍​របស់​នាង​លោក Nathan Gan នឹង​មាន​វត្តមាន​ក្នុង​ពិធី​នោះ​យ៉ាង​ពិត​ប្រាកដ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី