មកដឹងលម្អិតពីស្នាដៃកូនខ្មែរ-បារាំង Elodie Yung ក្នុងពិភពហូលីវូដ (វីដេអូ)​

  • 2018-03-07 05:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ Elodie Yung ដែលជាតារាហូលីវូដ ខ្មែរ-បារាំង ម្នាក់ ត្រូវបានអញ្ជើញចូលរួមជាប្រធានកិត្តិយសរបស់មហោស្រពនេះ។ តែប្រិយមិត្តអាចនឹងមិនបានចាប់អារម្មណ៍ថា តារាខ្មែរនេះ ធ្លាប់បានធ្វើអ្វីខ្លះ សម្តែងរឿងអ្វីនោះនៅឡើយ ដូចនេះខាងក្រោមនេះ Sabay នឹងលើកពីប្រវត្តិ និងស្នាដៃការងារខ្លះៗរបស់ Elodie Yung។

Elodie Yung មានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិបារាំង។ ឪពុករបស់ Yung បានរួចខ្លួនពីរបបខ្មែរក្រហម ដោយកាលនោះជាទាហានលន់នល់ កំពុងហាត់រៀនក្នុងប្រទេសថៃ ហើយពេលដែលខ្មែរក្រហម ឡើងកាន់អំណាចក្នុងឆ្នាំ ១៩៧៥ រូបលោកក៏បានស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់នៅប្រទេសបារាំង ហើយក៏បានជួបជាមួយម្តាយរបស់ Yung ដែលជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រី ៣នាក់។

សិល្បករសម្តែងភាពយន្ត វាយប្រហារ ក្បាច់គុនដ៏ល្បីម្នាក់នេះ កើតនៅក្នុងប្រទេសបារាំង ទីក្រុងប៉ារីស នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២៩៨១។ បន្ទាប់ពីទទួលបានបរិញ្ញាប័ត្រច្បាប់ Elodie Yung បានបន្តថ្នាក់សម្តែងល្ខោន (LAMDA) និងថ្នាក់ដូរ្យតន្ត្រី នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ នាងចាប់ផ្តើមអាជីពជាអ្នកសម្តែងដំបូងនៅប្រទេសបារាំង ដោយសម្តែងជា តួ "Laura Maurier" ក្នុងខ្សែភាពយន្តរបស់ទូរទស្សន៍បារាំង ដែលមានចំណងជើងថា ​«LES BLEUS» និងតួអង្គ "Tao'' ដែលសម្តែងជាតួឃាតកដ៏ខ្លាំងពូកែម្នាក់ ក្នុងរឿង «DISTRICT 13 UL – TIMATUM» ដែលជាភាពយន្តមានការគាំទ្រខ្លាំងបំផុតរបស់អ្នកដឹកនាំរឿង Lus Besson។​

កាលពីកុមារ Elodie Yung រស់នៅក្នុងតំបន់ ដែលមិនសូវមានសុវត្ថិភាព ទើបលោកឪពុក​ណែនាំ​ឲ្យ​​នាង​ និង​ប្អូន​ប្រុស​ចូល​រៀនក្បាច់គុណ​ការ៉ាតេ ដើម្បីការពារខ្លួន។ ដោយ Yung ​មានទំនោរ​ជា Tomboy នាងបាន​រៀន​ជំនាញ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ជាង​១០​ឆ្នាំ​ក្រោយ​មក​នាង​ក៏​បាន​ទទួល​បាន​ខ្សែ​ក្រវាត់ខ្មៅ ដែល​ជា​ទុន​ដ៏​សំខាន់​សម្រាប់​អាជីព​សម្ដែង​របស់​នាង​នា​ពេល​បច្ចុប្បន្ន។

នៅក្នុងបណ្តាខ្សែភាពយន្ត Series របស់ផលិតកម្ម Marvel ដ៏ធំតារា Elodie Yung បានសម្តែងជាតួអង្គសំខាន់មួយ ឈ្មោះថា "Elektra'' ក្នុងភាពយន្តភាគរដូវកាលទី២ ដែលមានចំណងជើងថា "DAREDEVIL'' និងរដូវកាលទី១ របស់រឿង "DEFENDER'' ដែលឈុតដំបូងក៏មានថតនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាទៀតផង។

ជាមួយគ្នា នេះ Yung ក៏បានសម្តែងក្នុងរឿង “THE HITMAN’S BODYGUARD” របស់ផលិតកម្មហូលីវូដ ជាមួយ Samuel L. Jackson។ នាពេលកន្លងទៅ ហូលីវូដបានចាប់អារម្មណ៍លើទេពកោសល្យសម្ដែងតួរបស់នាងក្នុងរឿងមួយចំនួនដូចជា តួអង្គ “Miriam Wu” ក្នុងរឿង “THE GIRL WITH THE DRAGON TATTOO” ដឹកនាំដោយ David Fincher ជាតួ “Jinx” ក្នុងរឿង “GI JOE 2: RETALIATION” ដែលដឹកនាំដោយ Jon Chu និងរួមសម្ដែងជាមួយ Dwayne Johnson ។ ថ្មីៗនេះ នាងក៏សម្តែងក្នុងរឿង “GODS OF EGYPT” ដឹកនាំដោយ Alex Proyas រួមសម្ដែងដោយ Gerard Butler(300) និង Nikolaj Coster-Waldau (Games of Thrones)។

នៅក្នុងសារជាវីដេអូផ្ញើក្នុងថ្ងៃបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា Elodie Yung ពិតជាមានបំណងចង់មកកម្ពុជាចួលរួមជាមួយភ្ញៀវកិត្តិយស និងអ្នកគាំទ្រទាំងអស់លើវិស័យខ្សែភាពយន្តនៅកម្ពុជា។ សិល្បកររូបនេះក៏រម្លឹកអំពីលោកឪពុករបស់ខ្លួនថា៖ «ប៉ារបស់ខ្ញុំជាជនជាតិកម្ពុជា ដែលធំធាត់ឡើងក្នុងទីក្រុងភ្នំពេញ។ គាត់បានផ្ទេរនូវក្តីស្រលាញ់របស់គាត់ចំពោះសិល្បៈ និងចំណូលចិត្តសម្រាប់ជិវិត មកកាន់រូបខ្ញុំ»៕ ​

សូមទស្សនាវីដេអូខ្លី បង្ហាញពីភាពយន្តរបស់ Elodie Yung៖

អត្ថបទ៖ Sunny