តំបន់​ប្រវត្តិសាស្ត្រ​សំខាន់​ទាំង​១៤​ នៅ​តំបន់​កាន់​កាប់​ចុង​ក្រោយ​ខ្មែរ​ក្រហម​អន្លង់វែង

  • 2018-03-09 03:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អន្លង់វែង​ជា​ស្រុក​​ដាច់​ស្រយាល​មួយ​របស់​កម្ពុជា​ ដែល​ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-ថៃ។ អន្លង់វែង​ជា​តំបន់​កាន់​កាប់​​ចុង​ក្រោយ​របស់​ខ្មែរក្រហម។

ក្រោម​ការ​គ្រប់​គ្រង ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩) អន្លង់វែង​ គឺ​ជា​តំបន់​កាន់​កាប់​ចុង​ក្រោយ​​​របស់​មេ​ដឹកនាំ​​កំពូល​របស់​របប​នេះ​រួម​មាន​​ ប៉ុល ពត, ខៀវ សំផន, តាម៉ុក, ស៊ុន​ សេន។

​​សមរភូមិ​ក្ដៅ​ចុង​ក្រោយ​របស់​របប​មួយ​នេះ​ បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដែល​ជា​គោល​ដៅ​សំខាន់​ប្រចាំ​តំបន់​ និង​ជា​តំបន់​ទេសចរណ៍​​គោល​ដៅ​ធំ​ប្រចាំ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​ដ៏​ខ្លី។

ខាង​ក្រោម​នេះ​ ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សំខាន់​ទាំង​១៤​ របស់​ស្រុក​អន្លង់វែង៖

១. កន្លែង​បូជា​សព ប៉ុល ពត

ទីតាំង​បូជា​សព​ ប៉ុល​ ពត​ ​ស្ថិត​នៅ​លើ​ភ្នំ​ដង​រែក មាន​ផ្ទៃ​ដី​សរុប​ ១ ២០៧ ហិកតា មាន​ចម្ងាយ​១៣​ គីឡូម៉ែត្រ​ ពី​រង្វង់​មូល​ស្រុក​អន្លង់វែង​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​៦៧ ជាប់​ច្រក​ព្រំដែន​កម្ពុជា-ថៃ​ ជាំសាងុំា។

​​២. កន្លែង​កាត់ទោស​ ប៉ុល ពត

ទីតាំង​កាត់​ទោស​ ប៉ុល ពត​ មាន​ចម្ងាយ​​១៤​ គីឡូម៉ែត្រ​ ពី​ទី​រួម​ស្រុក​ ស្ថិត​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​ អន្លង់វែង មាន​ផ្ទៃ​ដី​០.៤៤៨ហិតតា​។ ទីតាំង​នេះ​ជា​អតីត​រោង​ដែល​ តាម៉ុក សាង​សង់​សម្រាប់​ចត​ឡាន មុន​នឹង​ដឹក​សម្ភារៈ​ចេញ​ចូល​ឆ្លង​កាត់​ប្រទេស​ថៃ​ និង​ជា​កន្លែង​សម្រាក​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ធ្វើ​ដំណើរ។

​៣. ផ្ទះ​តាម៉ុក (លើ​ខ្នង​ភ្នំដងរែក)

​ផ្ទះ​នេះ​ត្រូវ​បាន​សាងសង់​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​១៩៩៥ លើ​ផ្ទៃ​ដី​ទំហំ​ ៣,០២៥ ហិកតា ចម្ងាយ​​១៦,៥ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទី​រួម​ស្រុក​។ ផ្ទះ​នេះ​ជា​ទី​តាំង​ តាម៉ុក ស្នាក់​នៅ​ជា​ប្រចាំ និង​ជា​ទី​កន្លែង​ ជួប​ជុំ​ជាមួយ​មេ​ដឹក​នាំ​កំពូល​ៗ​របស់​ខ្មែរ​ក្រហម​។ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​នេះ​បាន​ក្លាយ​ជា​ការិយាល័យ​របស់ ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​ រហូត​ដល់​សព្វ​ថ្ងៃ​។​​​​​

​​៤. កន្លែង​កែ​ច្នៃ​គ្រាប់​កាំភ្លើង​លើ​ភ្នំ​២០០​

ទីតាំង​កែ​ច្នៃ​គ្រាប់​កាំភ្លើង​ភ្នំ​២០០​ មាន​​​ចម្ងាយ​១៤,៩ គីឡូម៉ែត្រ​ ពី​រង្វង់​មូល​ស្រុក​អន្លង់វែង ស្ថិត​នៅ​ក្នុង​​ ភូមិជើង​ភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​ អន្លង់វែង​ ខេត្ត ឧត្តរមានជ័យ​​។

​៥. ផ្ទះ​ប៉ុល ពត និងខៀវ សំផន

ផ្ទះ​ប៉ុល ពត​ ​និង​ខៀវ សំផន គឺជា​ផ្ទះ​ដែល តាម៉ុក ជា​អ្នកបញ្ជា​ឲ្យ​សាង​សង​សម្រាប់​ ប៉ុល ពត ក្រោយ​ផ្លាស់​មក​ពី​តំបន់​ប៉ៃលិន​។ ទីតាំង​សាង​សង​ផ្ទះ​នេះ​ ត្រូវ​បាន​ហៅ​ថា "ក្បាល​ទន្សោង" ទីនេះ​ជា​ទីបញ្ជាការ​ធំ​របស់​​មេ​ដឹក​នាំ​កំពូល​ទាំង​នេះ​។ ផ្ទះ​នេះ​មាន​ចម្ងាយ​២៤​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទី​រួម​ស្រុក​។

៦.ឃ្លាំង​ដាក់​សម្ភារៈ​ជើង​ភ្នំ​

ឃ្លាំង​នេះ​មាន​ចម្ងាយ​១១,៩​ ​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​នៅ​តាម​បណ្ដោយ​ផ្លូវ​​ជាតិ​លេខ​៦៧​ ផ្លូវ​ទៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជើង​ភ្នំ ស្ថិត​ក្នុង​ភូមិជើង​ភ្នំ​។ ឃ្លាំង​នេះ​កសាង​សម្រាប់​ដាក់គ្រឿង​យុទ្ធភណ្ឌ​សង្គ្រាម​ ​ខោអាវ មួក​ មុង​ អង្រឹង​ និង​ស៊ីទែន​ប្រេង​។

៧.កន្លែង​បូជា​សព​ សុន សេន​

ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រះ​ឈូក ឃុំត្រពាំងប្រីយ៍​ ចម្ងាយ​៨,៩ គីឡូម៉ែត្រ ពី​ទី​រួម​ស្រុក​អន្លង់វែង​។ ទីតាំង​បូជា​នេះ​មិនមែន​មិន​ត្រឹម​ជា​កន្លែង​បូជា​អគ្គ​មេបញ្ជាការ សុន សេន តែ​ម្នាក់​ប៉ុណ្ណោះ​ទេ​ កន្លែង​នេះ​ក៏​ជា​កន្លែង​បូជា​សាក​សព​សមាជិក​ក្រុម​គ្រួសារ​របស់​ សុន សេន​ ១០​នាក់​ផ្សេង​ទៀត​ផង​ដែរ។

៨.ស្រែ​គំរូ​

តាម៉ុក​ បាន​បង្កើត​ស្រែ​គំរូ​នេះ​សម្រាប់​លាក់​ខ្លួន​របស់​ ប៉ុល ពត និង​ក្រុម​មេ​ដឹក​នាំ​មួយ​ចំនួន​ទៀត​សម្រាប់​រយៈ​ពេល​ខ្លី​។ ទី​តាំង​នេះ​មាន​តែ​មេ​ដឹក​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ទេ​ដែល​ស្គាល់​ទី​នេះ​។ ទី​តាំង​នេះ​មាន​ចម្ងាយ​ ជាង​១៣​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​។

៩.​ទី​តាំង​ការដ្ឋាន​ដឹក​ជញ្ជូន​តាម៉ុក​(​ឃ្លាំង​កណ្ដាល​)

មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល ឃុំត្រពាំងប្រីយ មាន​ចម្ងាយ​ ៤,១ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទីរួម​ស្រុក​។ ឃ្លាំង​នេះ​សាង​សង់​ក្នុង​ឆ្នាំ​១៩៩២ លើ​ផ្ទៃ​ដី​ទំហំ​ ០,១២២ហិកតា​ធ្វើ​ពី​ឈើ​ និង​រៀប​ឥដ្ឋ​ មាន​រាង​ដូច​រោង​ដាក់​ឡាន​។ ​ឃ្លាំង​នេះ​ជា​ឃ្លាំង​បញ្ជាការ​​ចែក​ចាយ​សម្ភារៈ កាល​ពី​សម័យ​នោះ។

១០.បឹង​អន្លង់វែង​

បឹង​នេះ​ស្ថិត​នៅ​ខាង​កើត​ស្ពាន​តាម៉ុក​ មាន​ចម្ងាយ​២០០ម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​។ ផ្ទៃ​បឹង​សរុប​មានចំនួន ៤១៧ ហិកតា​។ បឹង​នេះ​ជា​បឹង​ផ្ដល់​ផល​ត្រី​សំខាន់​របស់​ខ្មែរ​ក្រហម​សម័យ​ឆ្នាំ​១៩៩០​។ បឹង​នេះ​មាន​ឈ្មោះ​២ "បឹងអូរជីក" ឬ"បឹង​អន្លង់វែង"។

១១.ផ្ទះ​តាម៉ុក​៖សារមន្ទីរ​តាម៉ុក

ផ្ទះ​នេះ​សាង​សង់​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​ ឆ្នាំ​១៩៩៣​ លើ​ផ្ទៃ​ដី​សរុប​ ១,៦១៤ហិកតា​ដែល​មាន​ចម្ងាយ​ ២​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​។

១២.​ អតីត​មន្ទីរពេទ្យ​តាម៉ុក​

មន្ទីរពេទ្យ​នេះ​សាងសង់​ឡើង​ដំណាល​ផ្ទះ​តាម៉ុក និង​សាង​សង់​ឡើង​សម្រាប់​ព្យាបាល​ជំងឺ​ប្រជាជន​ និង​យោធា​ខ្មែរ​ក្រហម​នៅ​សម័យ​នោះ​។ ក្រោយ​ឆ្នាំ​១៩៩៨ មន្ទីរពេទ្យ​នេះ​បាន​ក្លាយ​ជា​មន្ទីរ​ពេទ្យ​បង្អែក​ប្រចាំ​ស្រុក​អន្លង់វែង​ រហូត​មក​ដល់​បច្ចុប្បន្ន​។

១៣​.អតីត​សាលា​រៀន​តាម៉ុក​

អតីត​សាលា​រៀន​តាម៉ុក​នេះ​មាន​ចម្ងាយ​៧០០​ម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​អន្លង់វែង​ទៅ​ខេត្តព្រះវិហារ​។ សាលា​នេះ​មាន​កម្ពស់ ៣ជាន់​ មាន​១២ បន្ទប់​ បង្រៀន​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ទី​៥ តែ​ប៉ុណ្ណោះ​កាល​សម័យ​នោះ​។ បច្ចុប្បន្ន​សាលា​នេះ​បាន​ក្លាយ​ជា" វិទ្យាល័យ​អន្លង់​វែង"។

១៤​.ស្ពាន​តាម៉ុក​

ស្ពាន​តាម៉ុក ឬ​ស្ពាន​អូរជីក​ ត្រូវ​បាន​សាងសង់​នៅ​ថ្ងៃ​ទី​១​ មករា​ ឆ្នាំ​១៩៩៦​។ ស្ពាន​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​អន្លង់​វែង ទៅ​ ព្រំដែន​ថៃ​(ច្រក​ជាំ​សាងុំា)។ ស្ពាន​នេះ​ធ្វើ​ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ដឹក​ស្បៀង ​គ្រាប់​រំសេវ​ កាល​សម័យ​នោះ​។

​សព្វ​ថ្ងៃ​ក្រៅ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សំខាន់​ទាំង​ ១៤​កន្លែង​នេះ​ស្រុក​ដែល​ជា​តំបន់​កាន់​កាប់​របស់​ខ្មែរ​ក្រហម​អន្លង់វែង​ មួយ​នេះ​ក៏​នៅ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​តូច​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​។

​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​ស្រុក​ ​​អន្លង់​វែង​ ក៏​មាន​ការ​អភិវឌ្ឍ​កាន់​តែ​កាន់​តែ​ច្រើន​ផង​ដែល​។​អន្លង់​វែង​មាន​ប្រជាជន​ដែល​រស់​នៅ​សរុប​មាន​ជាង​៥ម៉ឺន​នាក់ ក្នុង​នោះ​​​ភាគ​ច្រើន​ជា​អតីត​កងទ័ព​ និង​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​៕

  • រូប​ថត៖​ លោក អ៊ូច មករា / មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

  • ឯកសារ​យោង៖ សៀវភៅ​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

អត្ថបទ៖ លន ហ្សាឌីណា