នារីរបាំវ័យក្មេង​ ម៉ម​ វណ្ណវត្តី​ មោទនភាព​ខ្លាំង​​ពេល​និយាយ​ប្រាប់បរទេសថា ​ខ្លួន​ជា​ខ្មែរ

  • 2018-03-14 07:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សម្រស់​ស្រស់​ស្អាត​ ច្រមុះ​តូច​ស្រួច​ បើអ្នក​មើល​ដំបូង​អាច​ច្រឡំ​ថា​ អ្នក​របាំ​ ម៉ម​ វណ្ណវត្តី ​ជា​កូន​កាត់​។ មានឈាមជ័រជាកូនខ្មែរ​សុទ្ធសាធ​ វណ្ណវត្តីមាន​មោទនភាព​ខ្លាំង ​ពេល​ណែ​នាំ​ថា​ខ្លួន​ជា​ខ្មែរ​ឲ្យ​អន្ត​ជាតិ​បាន​ស្គាល់។

ចំណាយ​ពេល​​ហាត់​របាំ​ជាង​១០​ឆ្នាំ​ និង​ធ្លាប់​បាន​ចេញ​ទៅ​សម្ដែង​ជា​ច្រើន​ប្រទេស​ក្នុង​លោក​ កញ្ញា​ ម៉ម វណ្ណវត្តី​ ថា​គ្មាន​អ្វី​រំភើប​​ជា​ងការ​ប្រាប់​ដល់​បរទេស​ឲ្យ​ស្គាល់​ខ្លួន​ជាខ្មែរនោះ​ទេ​។

ស្រី​ស្រស់​សម្រស់មិន​ចាញ់​តារា​រូប​នេះ​បាន​ប្រាប់​ថា នាងចាំ​បាន​ថា​ កាលបាន​ចេញ​ទៅ​សម្ដែង​ដំបូង​ក្នុង​ឆ្នាំ​២០០៧ នៅ​ក្នុង​ប្រទេស​អាឡឺម៉ង​​ ហើយ​នាង​បាន​ណែ​នាំ​ខ្លួន​ដល់​មហាជន​បាន​ស្គាល់​ថា​ខ្លួន​ជាខ្មែរ​ តែ​គេ​មិន​ស្គាល់​ទេ​។បន្ទាប់​មក​ក្នុង​ឆ្នាំ​បន្តបន្ទាប់​នាង​ក៏​​បាន​ទៅ​ចូល​រួម​កម្ម​វិធី​ម្តង​ទៀត ពេល​នោះ​ហើយ​គេ​ប្រាប់​ថា​ គេស្គាល់​កម្ពុជា​ ធ្វើឲ្យនាង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

«ទៅ​រាំ​ដំបូង​ប្រាប់​ថា​មក​មក​ពី​កម្ពុជា​ ពួក​គេ​មិន​ស្គាល់​ទេ​ ពេល​សួរ​គេ​ថា​ស្គាល់​ថៃ​ទេ​ ពេល​នោះ​ខ្ញុំ​ប្រាប់​គេ​ថា​ កម្ពុជា​ជា​ប្រទេស​នៅ​ជិត​នោះ កម្ពុជា​មាន​អង្គរ​វត្ត។ ស្រាប់​តែ​ឆ្នាំ​បន្ទាប់​ខ្ញុំ​ទៅ​ប្រទេស​នោះ​ម្តង​ទៀត​ តែ​ស្គាល់​ប្រទេស​ខ្មែរ​ហើយ​គេ​បាន​មក​លេង​នៅ​ខ្មែរ​ទៀត ពេល​នោះ​ខ្ញុំ​សប្បាយ​ចិត្ត​ស្ទើស្រក់​ទឹក​ភ្នែក​»។ ​​​​

ស្រី​ស្រស់​​រូប​នេះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​នាង​ជា​កូន​កាត់​បរទេស​ផង​ដែរ។ ប៉ុន្តែ​អ្នក​គ្រូ​របាំ​រូប​នេះ​​ ជា​កូន​ខ្មែរ​សុទ្ធ​សាធ​។ អ្នក​របាំ​តួ​នាយ​រោង​ដ៏​ស្រស់​សោភា ថា «កន្លង​មក​ក៏មាន​អ្នក​សួរ​ខ្ញុំថា មាន​ម្តាយ​ឬ​ឪពុក​ជា​ជន​ជាតិ​អ្វីទេ​? ខ្ញុំតបថា​ ​គ្រួសារ​ខ្ញុំ​គ្មាន​ឪពុក​ម្តាយ​កាត់​ជាតិ​សាសន៍អ្វី​ឡើយ គឺ​ខ្មែរ​សុទ្ធ​»។​​​

អ្នក​របាំ​មិន​មែន​គ្រាន់​ចេះ​តែ​រាំ​ឯណា​ អ្នក​របាំ​រូប​ស្អាត ម៉ម វណ្ណវត្តី មិន​ត្រឹម​តែ​អាច​សម្ដែង​របាំ​បាន​យ៉ាង​ល្អ​នោះ​ទេ​តែ ​នាង​ការ​មាន​ជំនាញ​សិល្បៈ​ផាត់​មុខ​ទៀត​ផង។ នាង​ថា​ ជំនាញផាត់​មុខ​នេះ​អ្នក​របាំ​គ្រប់​រូប​ត្រូវ​តែ​ចេះ​ ព្រោះ​ការ​ទៅ​រាំ​គ្មាន​គ្នា​​ច្រើន​ទេ​ ហើយ​ការ​ស្លៀក​ពាក់​​សម្លៀកបំពាក់​បុរាណ​នេះ​ក៏​​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត អីចឹងអ្នក​រាំ​ត្រូវ​ចេះ​តុប​តែ​មុខ​ដោយ​ខ្លួន​ឯង​។

​ជា​កូន​ស្រី​ទី១ ក្នុង​ចំណោម​បង​ប្អូន​៤នាក់​ ស្រី​៣ ប្រុស​១ រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ នាង​មានម្តាយ​ជាជាង​កាត់​ដេរ​សម្លៀក​បំពាក់​បុរាណ ចំណែក​​ឯ​ឪពុក​នាង​បាន​ចែក​ឋាន​បាត់​ទៅ​ហើយ។ ក្នុង​ចំណោម​បង​ប្អូន​ទាំង ៤ មាន​តែ​នាង​ម្នាក់​គត់​តែ​ជា​អ្នក​សិល្បៈ​។

វណ្ណវត្តី ធ្លាប់​បាន​ចេញ​សម្ដែង​នៅ​តំបន់​អាស៊ី​ និងអឺរ៉ុបជា​ច្រើន​ប្រទេស បច្ចុប្បន្នស្រី​ស្រស់​រូប​នេះ​​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​នាយកដ្ឋាន​ទស្សនីយភាព​សិល្បៈ​ នៃ​ក្រសួង​វប្បធម៌​​ និងវិចិត្រសិល្បៈ។ ក្រោយ​ពី​នេះ​នាង​ក៏​តែង​តែ​ទៅ​ជួយ​បង្រៀន​​របាំ​បុរាណដល់​ក្មេង​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ផង​ដែរ​៕

រូប​ភាពផ្ដល់សិទ្ធដោយ ម៉ម​ វណ្ណវត្តី​

អត្ថបទពេញនិយម