ប្រទេស​មាន​ទឹកដី​ធំ​បំផុត​ទាំង​ ១០​ នៅ​លើ​ពិភពលោក

  • 2018-03-25 03:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវរថភ្លើង Trans-Siberian ដែលឆ្លងកាត់ប្រទេសរុស្ស៊ីគឺជាខ្សែរថភ្លើងដែលវែងជាងគេនៅលើពិភពលោក

ប្រទេសធំៗ​ទាំង១០​នៅលើពិភពលោក បូក​បញ្ចូល​គ្នា​​នោះ​វា​នឹង​គ្រប​ដណ្តប់​ផ្ទៃ​ដី ៤៩%​នៃ​ផ្ទៃ​ផែនដី​សរុប ១៤៩លាន គីឡូម៉ែត្រ​ការ៉េ​របស់​ពិភពលោក។ ខាង​ក្រោម​នេះ គឺ​ជា​ប្រទេស​​ធំ​បំផុត​ទាំង​១០​នៅ​លើ​ពិភពលោក៖

១០ ប្រទេសអាល់ហ្សេរី

ប្រទេស​អាល់ហ្សេរី​មាន​ផ្ទៃ​ដី ២,៣៨លាន គីឡូម៉ែត្រ​ការ៉េ ជា​ប្រទេស​ធំ​ជាងគេ​ទី​១០។ ស្ថិតនៅអាហ្វ្រិកខាងជើង​ ប្រទេសអាល់ហ្សេរី​មាន​ឆ្នេរសមុទ្រ​មេឌីទែរ៉ាណេ​ប្រវែង ៩៩៨ គីឡូម៉ែត្រ។ ៩០% នៃប្រទេស​គឺ​ជា​វាលខ្សាច់​ហើយភាគច្រើននៃតំបន់វាលខ្សាច់ ដែល​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​ជាប់​នឹង​វាលខ្សាច់សាហារ៉ា។

៩ ប្រទេស​កាហ្សាក់ស្ថាន

កាហ្សាក់ស្ថាន មាន​ផ្ទៃ​ដី ២,៧២​លាន គីឡូម៉ែត្រ​ការ៉េ លាតសន្ធឹងលើតំបន់ទំនាប​ និងតំបន់ខ្ពង់រាប។ អាកាសធាតុត្រជាក់ និង ស្ងួត ប៉ុន្តែ​មិន​​ទទួល​រង​ឥទ្ធិពល​អាកាសធាតុ​ត្រូពិច​ឡើយ។ អតីត​ដែនដី​សហភាព​សូវៀត​មួយ​នេះ គឺ​ជា​ប្រទេស​ដ៏​ធំ​បំផុត​លើ​លោក​មួយ​ដោយ​គ្មាន​ព្រំ​ប្រទល់​ជាប់​នឹង​សមុទ្រ​ទេ។

៨ ប្រទេស​អាហ្សង់ទីន

អាហ្សង់ទីន មាន​ផ្ទៃ​ដី ២,៧៨​លាន គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់ទី ៣២​ នៅ​លើ​ពិភពលោក​ និង ជា​ប្រទេស ដែល​មាន​អ្នក​និយាយ​ភាសាអេស្ប៉ាញ​ច្រើន​ជាង​គេ ​លំដាប់​​ទី​៨ របស់ពិភពលោក។ Patagonia ជាកន្លែង​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​របស់​ពិភពលោក​ ដោយ​សារ​តែ​អាកាសធាតុ​ដ៏​អាក្រក់​នៅ​ទីនោះ។ ភ្នំ​ទឹកកក​អាច​បាក់​គ្រប់ពេល។ ភាគ​ខាង​ត្បូងនៃប្រទេស​អាហ្សង់ទីន​ឈ្មោះ​ថា Cape Horn គឺជាតំបន់ដែលមានខ្យល់ព្យុះ​កាច​សហាវ​បំផុត​នៅ​លើ​ពិភពលោក។

៧ ប្រទេសឥណ្ឌា

ឥណ្ឌា​ទាមទារ​​តំបន់​កាស្មៀ​​ភាគខាងជើង​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ថា​ជា​របស់​ខ្លួន។ តែ​បើ​មិន​រាប់​បញ្ចូល​ដែនដី ​កាស្មៀ​ ឥណ្ឌា​មាន​ផ្ទៃ​ដី ៣,២៩​លាន គីឡូម៉ែត្រ​ការ៉េ។ អាកាស​ធាតុ​ប្រទេស​នេះ​ក៏​ខុស​គ្នា​រាប់​តាំង​ពី ជួរ​ភ្នំ​ហិម៉ាល័យ ទៅ​ដល់​ឆ្នេរត្រូពិចនៃឧបទ្វីបខាងត្បូង។

៦ ប្រទេស​អូស្រ្តាលី

អូស្រ្តាលី មាន​ផ្ទៃ​ដី​ធំ​ល្វឹងល្វើយ​មែនទែន រហូត​ដល់​ទៅ ៧,៦៩លាន គីឡូម៉ែត្រ​ការ៉េ ធំ​ជាង​ឥណ្ឌា​ដល់​ទៅ​ជាង​២​ដង។ ភាគច្រើន​នៃ​ប្រជាជនរស់នៅក្នុងទីក្រុងឆ្នេរសមុទ្រដូចជា នៅស៊ីដនី​ស្ថិត​នៅ​ភាគ​ខាង​កើត​ និង ក្រុង Perth នៅ​ភាគ​ខាងលិច។ ប្រទេស​នេះ ក៏​ ជា​តំបន់​មួយ​ដែល​ក្តៅ​ជាង​គេ​​មួយ​នៅ​លើ​ពិភពលោក។

៥ ប្រទេស​ប្រេស៊ីល

ប្រទេសដែលធំជាងគេនៅអាមេរិកខាងត្បូងមានផ្ទៃដីជាង ៨,៥១ លានគីឡូម៉ែត្រការ៉េ ប្រេស៊ីល​មាន​ព្រៃ​ធំ​បំផុត​នៅ​លើ​លោក​ គឺ តំបន់​ព្រៃអាម៉ាហ្សូន។ អ្នករុករក និង អ្នកវិទ្យាសាស្ដ្រ​ធ្លាប់​​បាន​រកឃើញ​អរិយធម៌មនុស្ស​ដែល​មិន​ធ្លាប់​បាន​ទាក់ទង​ជាមួយ​ពិភពខាងក្រៅ​នៅ​ព្រៃ​អាម៉ាហ្សូន​ផង​ដែរ។ ប្រទេសប្រេស៊ីល​​មាន​ឆ្នេរ​សមុទ្រ​អាត្លង់ទិច​ដ៏​វែងអន្លាយ ៨​ពាន់ គីឡូម៉ែត្រ។

៤ ប្រទេសចិន

ចិន​មានផ្ទៃដី ៩,៦​លាន គីឡូម៉ែត្រ​ការ៉េ។ ចិន​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ចំនួន​១៤។ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ក្នុង​ប្រទេស​ចិន ទាំង​ការ​រស់​នៅ​របស់​ប្រជាជន និង អាកាសធាតុ​ខុសគ្នាស្រលះ។ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ១,៣៥ ប៊ីលាន​ នាក់ និង មាន​ជនជាតិ​ភាគតិច​ចំនួន ៥៦ក្រុម​ផ្សេងៗ​គ្នា។ អត្រា​អ្នក​ធ្វើ​ជា​វេជ្ជបណ្ឌិត​មាន​ច្រើន ឬ ១,៩ ក្នុង​ចំណោម​មនុស្ស​ ១០០០ នាក់។ អាច​និយាយ​បាន​ថា ​វេជ្ជបណ្ឌិត​​ចិន ច្រើន​ជាង​ប្រជាជន​សរុប​​របស់​ប្រទេស​កាតា​ទៅ​ទៀត។

៣ សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក មានផ្ទៃដី ៩,៦​៣លាន គីឡូម៉ែត្រ​ការ៉េ។ លក្ខខ័ណ្ឌ​អាកាស​ធាតុ​បាន​ចែក​រដ្ឋ​នៅ​អាមេរិក​ជា​៣តំបន់​អាកាសធាតុ​ធំៗ។ ភាគ​ខាង​លិច​ជា​តំបន់​ភ្នំ។ ចន្លោះ​តំបន់ភ្នំ​និង​ទន្លេ មីស៊ីស៊ីពី​ជា​តំបន់​ទំនាប​លាតសន្ធឹង​ពី​ប្រទេស​កាណាដា​ទៅ​ម៉ិចស៊ិចកូ​​ដែល​ជា​តំបន់​មាន​ជីជាតិ​បំផុត​នៅ​លើ​ពិភពលោក។ ចុង​ក្រោយ​គឺ​តំបន់​ឆ្នេរ។

២ ប្រទេស​កាណាដា

កាណាដា មានផ្ទៃដី ៩,៩៨៤លាន គីឡូម៉ែត្រ​ការ៉េ មាន​ព្រំប្រទល់​ស្ថិត​នៅ​ចន្លោះ​មហាសមុទ្រ​អាកទិក​ និង សហរដ្ឋអាមេរិច។ ប្រទេស​នេះ​មាន​ឆ្នេរ​សមុទ្រ​ប្រវែង ២០២ ០៨០ គីឡូម៉ែត្រ ដង់​ស៊ីតេ​ប្រជាជន ៤ នាក់ ក្នុង​១​គីឡូម៉ែត្រការ៉េ។ បាន​ន័យ​ថា ប្រទេស​នេះ​សល់​ដី​ធំ​ទូលាយ​ទៀត​សម្រាប់​ប្រជាជន ៣៥ លាន​នាក់​របស់​ខ្លួន។

១ ប្រទេស​រុស្ស៊ី

ប្រទេសរុស្ស៊ីមានទំហំ ១៧,១ លាន គីឡូម៉ែត្រការ៉េ ជា​ប្រទេស​ធំ​ជាង​គេ​បំផុត​នៅ​លើ​លោក។ ប្រទេស​តូចៗ​ជា​ច្រើន​ស្ថិត​នៅ​ក្រោម​អតីត​សហភាព​សូវៀត​បាន​ប្រកាស​ឯករាជ្យ​រៀង​ខ្លួន និង យក​ដី​ទៅ​វិញ​បាន​ ៧លាន គីឡូម៉ែត្រការ៉េ​​ផង ប្រទេស​នេះ​នៅ​តែ​ធំ​ល្វឹងល្វើយ៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ សុខ លាងហ៊ត