​ផ្គូផ្គង​កីឡាករ​ខ្មែរ​ និង​ថៃ​នៅ​ Thai Fight ២​នាក់​នេះ​អាក្រក់​មើល​បំផុត​​

  • 2018-03-26 02:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិភព​ប្រដាល់​សេរី​ថៃ​ Thai Fight បាន​ក្លាយ​ជា​សង្វៀន​ដ៏​ល្បី​ល្បាញ​បំផុត​ដែល​​ជា​កន្លែង​កីឡាករ​ល្បី​ៗ​ចង់​លេច​មុខ​វ៉ៃ​នៅ​ទី​នោះ​ដើម្បី​​​ឆាប់​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​។ សង្វៀន​នេះ​តែង​តែ​យក​កីឡាករ​ប្រដាល់​កម្ពុជា​ទៅ​វ៉ៃ ប៉ុន្តែ​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ការ​ផ្គូផ្គង​​ហាក់​មិន​​សូវ​មាន​តម្លាភាព​​ឡើយ​ពោល​គឺ​ថៃ​​មាន​​ប្រៀប​រហូត។

កីឡាករ ផាន់ គ្រាន់

អ្នក​លេង​គុន​ខ្មែរ​ ផាន់​ គ្រាន់​ និង​ ឡុង សុវណ្ណឌឿន​ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​​ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្គូផ្គង​​ឲ្យ​ប៉ះ​ជើង​ខ្លាំង​ថៃ​ដែល​មើល​ទៅ​មិន​ស័ក្តិសម​គ្នា​ទាល់​តែ​សោះ។ ការ​ផ្គូផ្គង​បែប​នេះ​​មិន​មែន​ដើម្បី​គុណភាព​ និង​ប្រជា​ប្រិយភាព​​សម្រាប់​កម្មវិធី​ឡើយ​ ប៉ុន្តែ​ដើម្បី​តែ​ឈ្នះ​ម្យ៉ាង​គត់។ កុំ​និយាយ​ឡើយ​ដល់​អ្នក​ជំនាញ​ ឬ​គ្រូ​បង្វឹក​ប្រដាល់​ដែល​​អាច​មើល​ឃើញ​ពី​កង្វះ​តម្លាភាព​ក្នុង​ការ​ផ្គូផ្គង​ សូម្បី​តែ​​ក្មេង​ក៏​មើល​​ឃើញ​ថា​ មិន​សម​គ្នា​ដែរ។

ផាន់ គ្រាន់​ Vs Saiyok Pumpanmuang

ផាន់ គ្រាន់​ ​តាម​ពិត​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​៦០​ទៅ​៦៣​គីឡូ​ក្រាម​ប៉ុណ្ណោះ​ពេល​នោះ​ ប៉ុន្តែ​ដោយ​សារ​គីឡូ​របស់​គេ​ឡើង​ខ្លាំង​​ក៏​ឈាន​ដល់​វ៉ៃ​ទម្ងន់​៧០​គីឡូក្រាម។ ពេល​នោះ​កីឡាករ​កម្ពុជា​ហាក់​ដូច​​ធ្លាក់​ចុះ​សមត្ថភាព​ និង​ទម្ងន់​ឡើង​ខ្លាំង​ ​ខណៈ​ការ​​ឡើង​សង្វៀន​ក៏​មិន​សូវ​ញឹកញាប់។ ស្ថិតិ​នៃ​ការ​វ៉ៃ​ក៏​តិច​ និង​អាវុធ​សម្លាប់​ដៃ​គូ​ក៏​​នៅ​ស្ទើរ​ និង​ជា​ពិសេស​វ៉ៃ​នៅ​ទឹក​ដី​របស់​គេ​ដែល​មិន​ពាក់​ហ្កង់​ថែម​ទៀត។

កីឡាករ Saiyok

ពេល​នោះ​ លោក​ អេ ភូថង​បាន​និយាយ​ក្រោយ​ការ​ប្រកួត​​ថា​ ៖«​វ៉ៃ​ជា​មួយ​នរណា​មិន​វ៉ៃ​ ​បែរ​ជា​ទៅ​វ៉ៃ​ជា​មួយ​ Sai Yok។ ផាន់​ គ្រាន់​ ប៉ះ​​ Sai Yok ប្រៀប​ដូច​ជា​ទៅ​ឲ្យ​គេ​វ៉ៃ​អីចឹង​​ ពី​ព្រោះ​នរណា​ក៏​ដឹង​​ដែរ​ថា​ Sai Yok ជា​កីឡាករ​ប្រដាល់​ថៃ​ម្នាក់​ដែល​​ស្ថិត​ក្នុង​ចំណោម​កំពូល​កីឡាករ​​​ប្រដាល់​​​ប្រចាំ​ប្រទេស​ថៃ»។​

Saiyok ​ពេល​នោះ​កំពុង​ឡើង​ជើង​ខ្លាំង។ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ដល់​​ពេល​វ៉ៃ​ជា​មួយ​ ផាន់ គ្រាន់​ ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០១៦​រូប​គេ​វ៉ៃ​ជា​មួយ​បរទេស​រាប់​ភ្លេច​ និង​ភាគ​ច្រើន​បំផុត​ទទួល​បាន​ជោគជ័យ។ កីឡាករ​វ៉ៃ​ម្នាក់​នេះ​មាន​ប្រវត្តិ​ប្រកួត​រាប់​រយ​ដង​ និង​ឈ្នះ​ខ្សែក្រវាត់​ជា​ច្រើន​ទៀត​ផង។ រូប​គេ​បាន​ផ្តួល​ ផាន់ គ្រាន់​ដោយ​ផ្លែ​កែង​ក្នុង​ទឹក​ទី​១។

ឡុង សុវណ្ណឌឿន​ vs Saensatharn P.K Saenchaimuaytha

ឡុង សុវណ្ណឌឿន ​និង​កីឡាករ​ថៃ​ Saensatharn មាន​ប្រវត្តិ​ប្រកួត​មិន​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ​ដោយ​សារ​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ដូច​គ្នា។ កីឡាករ​គុន​ខ្មែរ​ធ្លាប់​ឈ្នះ​១១០​ដង​ ចាញ់​១៧​ដង​ និង​ស្មើ​៨​ ខណៈ​​អ្នក​លេង​ Mauy Thai ធ្លាប់​ឈ្នះ​១២៨​ដង​ ចាញ់​២៩​ និង​ស្មើ​៥។

ឡុង សុវណ្ណឌឿន (រូបថត៖ សុវណ្ណឌឿន)

យ៉ាង​ណា​ បើ​និយាយ​ពី​សមត្ថភាព​វិញ​ខុស​គ្នា​ឆ្ងាយ​ណាស់​ដែល​មិន​សម​ជា​គូ​វ៉ៃ​គ្នា​ឡើយ។ ឡុង សុវណ្ណឌឿន​ ជា​កីឡាករ​ម្នាក់​ដែល​មិន​មាន​អាវុធ​សម្លាប់​ច្បាស់​លាស់​ឡើយ។ ភាគ​ច្រើន​រូប​គេ​ប្រើ​អាវុធ​ចម្រុះ​​ដោយ​​កម្លាំង​បាយ​ បច្ចេកទេស​មិន​សូវ​មាន​​ និង​មិន​មាន​គោល​ជំហរ​​រឹង​មាំ​ឡើយ។

ផ្ទុយ​ទៅ​វិញ​ Saensatharn មាន​ប្រៀប​ទាំង​ស្រុង​​លើ​កីឡាករ​កម្ពុជា​រូប​នេះ។ រូប​គេ​មាន​កម្ពស់​ខ្ពស់​ជាង​ គោល​ជំហរ​វ៉ៃ​រឹង​មាំ​ល្អ​ ចេញ​ក្បាច់​សម្លាប់​ដូច​ជា​កណ្តាប់​ដៃ​ កែង​ និង​ជង្គង់​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​ដែល​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កំពូល​អ្នក​ប្រដាល់​ជួរ​មុខ​​ម្នាក់​នៅ​ប្រទេស​ថៃ។ រូប​គេ​បាន​ផ្តួល​ ឡុង សុវណ្ណឌឿន ទឹក​ទី​១​ដោយ​កែង៕

កីឡាករ Saensatharn
  • Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី