ព្រះពុទ្ធប្រសូតនៅលើទឹកដីនេប៉ាល់សព្វថ្ងៃ តែ​អ្នក​កាន់សាសនានេះច្រើន​ជាជនជាតិ​ផ្សេង​

  • 2018-03-26 06:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ត្រូវ​គេ​ជឿ​ថា​មាន​ជាង​៨០​ភាគ​រយ​ជា​អ្នកកាន់​សាសនា​ព្រះពុទ្ធ​ ចំនួន​ភាគ​រយ​នេះ​ប្រហាក់​ប្រហែល​នឹង​ចំនួន​ដែលមាន​នៅ​ប្រ​ទេស​ថៃ​ដែរ ចំណែក​ប្រ​ទេស​ឡាវ​មាន​ត្រឹម​ជាង​៥០​ភាគរយ ខណៈដែល​សាសនា​មួយនេះស្ថិត​ក្នុង​លំដាប់​លេខបួន​នៅ​លើពិភព​លោក​ដែល​មាន​​អ្នក​កាន់​ច្រើន​ជាងគេ។​​

(ពុទ្ធសាសនិកខ្មែរ​កំពុងសំពះ​ទទួល​ពរពីព្រះ​សង្ឃក្រោយ​ដាក់បាត​រួច)

បើតាម​ការសិក្សារបស់​មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​សានាគ្រឹស្តនៅលើ​ពិភព​លោក បាន​ស្រង់​ទិន្ន័យ​នេះ​កាលពី​ឆ្នាំ២០១៦ បញ្ជាក់ថា​ប្រទេស​ចំនួន​១០​ដែលមាន​ភាគ​រយ​ប្រ​ជា​ជនកាន់សាសនា​ព្រះពុទ្ធ​ច្រើនជាង​គេ​នៅ​ក្នុងពិភព​លោក ក្នុង​នោះ​​ប្រ​ទេស​ថៃមាន​ចំនួន​៨៧,២ភាគយ ចំណែកកម្ពុជា​មាន​ចំនួន៨៦,៤ភាគ​រយ។ សម្រាប់ប្រ​ទេស​ឡាវ​វិញ​មាន​ត្រឹម​៥០,៤ និង​វៀតណាម​មាន​ចំនួន​​៤៩,២​ភាគ​រយ។

ប៉ុន្តែ​បើ​និយាយពីចំនួន​ប្រ​ជា​ពល​រដ្ឋ​ដែល​កាន់​សាសនា​ព្រះ​ពុទ្ធវិញប្រទេសចិន​មានចំនួន​ច្រើនជាងគេគឺរហូត​ដល់​ជាង​២១៨លាន​នាក់ ជប៉ុន​មាន​ជាង​៧០​លាននាក់ និង​ថៃមានជាង​ជិត​៦០​លាន​នាក់​នៃ​ប្រ​ជា​ជន​សរុប។ សម្រាប់​កម្ពុជា​វិញ​ទិន្ន័យ​បង្ហាញ​ថា​មាន​ប្រ​ជា​ជន​ជាង​១៣​លាន​នាក់​បាន​កាន់​សាសនា​ព្រះពុទ្ធ។ ដោយ​ឡែកប្រទេសឥណ្ឌា ទឹក​ដីកំណើត​ព្រះពុទ្ធវិញមានតែជាង​៩លាននាក់​ប៉ុណ្ណោះ ហើយ​នេប៉ាល់មាន​ជាង២លាននាក់ ឬប្រហែលជា៩ភាគរយនៃប្រជាជនសរុប។

(រូបភាពScreen Shoot)

​បើ​តាមវែបសាយ Buddhist Studies សាសនាដែលមាន​អ្នកកាន់​ច្រើនជាង​គេ​លើ​ពិភព​លោកគឺ​សាសនាគ្រឹស្តមានចំនួន​ប្រហែល​២ពាន់លាន​នាក់ បន្ទាប​មក​គឺ​សាស​នាឥស្លាមមានចំនួនប្រហែល​​​១ ៣០០​លាន​នាក់​ សាសនា​ហិណ្ឌូមាន​ចំនួនប្រហែល​​៩០០​លាន​នាក់ និង​សាសនាព្រះពុទ្ធ​​ប្រហែល​៣៦០​លាន​នាក់។​​ បើ​និយាយពី​អ្នក​មិន​កាន់​សាសនា​វិញ​មាន​រហូត​ដល់​៨៥០​លាន​នាក់៕

អត្ថបទ៖ ទូច សុខា