៣ស្នៀត ប្រើខ្លាំងដៃរបស់អ្នកលក់ដី ផ្ទះ និងអ្នកគួកជេរឡាន ប្រយ័ត្នចាញ់បោក

  • 2018-03-28 06:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅកម្ពុជាមានរបររកស៊ីជាច្រើនប្រភេទ ប៉ុន្តែរបរមួយចំនួន បានប្រើប្រាស់យុទ្ធសាស្ត្រប្លែកៗគ្នា ដើម្បីរកអតិថិជន។​ ក្នុងនោះមានរបរធំៗបី កំពុងលេចធ្លោខ្លាំង និងបង្កហានិភ័យដល់ប្រជាពលរដ្ឋផងដែរ។ ចង់ដឹងច្បាស់ និងរកដំណោះស្រាយបែបណា សូមតាមដានដូចខាងក្រោម៖

១. ​យុទ្ធសាស្ត្រ​លក់ដីឡូតិ៍​

នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ជា​ច្រើន​ប្រកាស​លក់​ដីឡូតិ៍​​ភ្លូក​ទឹក​ភ្លូក​ដីនៅ​តាម​ជាយ​ក្រុង​ ជាមួយ​​តម្លៃ​ថោកៗ​ បង់រំលស់​មិន​ចាំបាច់​មាន​លុយ​កក់​មុន គ្មាន​ការប្រាក់​ជា​ដើម។ នេះ​ជា​យុទ្ធសាស្ត្រ​ដ៏ពេញ​និយម​បំផុត​របស់អ្នក​លក់​ដើម្បី​អូស​ទាញ​អ្នកមាន​ចំណូល​ល្មមៗ​ឲ្យទិញ។

អ្នក​ជំនាញ​អចលនទ្រព្យ​ ​ឧកញ៉ា សៀ ឫទ្ធី បាន​​ប្រជាពលរដ្ឋ​គួរប្រុង​ប្រយ័ត្ន​រឿង​ដី​ ប្រកាស​លក់​ថោក​ៗ​​ពេញ​ហ្វេសប៊ុក​ តម្លៃត្រឹម​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ គ្មាន​ការ​ប្រាក់ គ្មាន​លុយ​កក់​ ប្រយ័ត្ន​យក​លុយ​ឱ្យ​គេ​ទទេៗ។

ជាក់ស្ដែង លោក​ឧទាហរណ៍​ថាអ្នក​លក់​មាន​ដី​មួយ​ឡូត៍​ពុះ​លក់​នៅ​ក្នុង​ប្លង់​មេ​មិន​បាន​ដាក់​ថា កន្លែង​ណា​លូ​? កន្លែង​ណា​ផ្លូវ​ទេ? ហើយ​នៅ​ពេល​ដែល​រដ្ឋ​ចេញ​​ច្បាប់​មក​ត្រូវ​ថយ​ ត្រូវ​កាត់​ អ្នក​ដែល​ប៉ះពាល់​គឺ​​​អ្នក​ទិញ​នោះ​ហើយ​។ ដូច្នេះ​នៅ​ពេល​មាន​បញ្ហា​តើ​ទៅ​សួរ​អ្នក​ណា? តើ​អ្នក​ណា​ជា​អ្នក​ដោះ​ស្រាយ?

​២. ​យុទ្ធសាស្ត្រលក់ផ្ទះ​

​បច្ចុប្បន្ន​ ការ​ដាក់​លក់​ផ្ទះ​ឲ្យ​អតិថិជន​ដោយ​មិន​បាច់​កក់​ប្រាក់​ ​គ្រាន់​តែ​បង់​រំលស់​ជាមួយ​អត្រា​ការ​ប្រាក់​ ​០% (គ្មានការប្រាក់) បាន​ក្លាយ​ជា​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​មួយ​ចំនួន​ធំ​ ។

ត្រង់​ចំណុច​នេះ ​លោក​ គីម ហ៊ាង​ ដែល​ជា​អ្នក​ជំនាញ​អចលទ្រព្យ​ ​បាន​រៀបរាប់​ថា​​​ ​បុរី​ដែល​លក់​ឲ្យ​អតិថិជន​ ​ដោយ​មិន​បាច់​កក់​ប្រាក់​ និង​បង់​រលស់​ជាមួយ​អត្រា​ការ​ប្រាក់ ​០% គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​ដែល​បាន​គិត​គូ​រួច​ជា​ស្រេច​។

លោក​ថា​៖ « ​បុរី​​ណា​ដែល​ឲ្យ​អតិថិជន​ចូល​នៅ​ មិន​បាច់​កក់​លុយ​ ​មិនមាន​ការ​ប្រាក់​ ​ទាំងអស់​នេះ ​សុទ្ធ​តែ​គេ​ (ក្រុមហ៊ុន​សាង​សង់​)​ បូក​ហើយ​ៗ​។ ទោះ​អតិថិជន​ចូល​នៅ​ក៏​ដោយ ​ក៏​ផ្ទះ​នោះ​នៅ​តែ​ជា​ផ្ទះ​របស់​អ្នក​សាងសង់​ដដែល​ហ្នឹង ​ហើយ​អតិថិជន​មិនមាន​អី​ជា​កម្ម​សិទ្ធិ​នោះ​ទេ ​ ​មាន​តែ​ខោ​អាវ​មួយ​វ៉ាលី​ហ្នឹង​ បើ​អត់​លុយ​បង់​ឲ្យ​គេ​ថ្ងៃ​ណា​ នោះ​គេ​នឹង​ដេញ​ចេញ​ពី​ផ្ទះ​ថ្ងៃ​ហ្នឹង​»។

​​​ដើម្បី​ជៀសវាង​ករណី​ទិញ​ដី ឬផ្ទះ​ កុំឲ្យ​​ចាញ់​បោក​គេ ​អ្នក​ជំនាញ​ឲ្យ​គន្លឹះ​ស្វែង​យល់​ដូច​ខាង​ក្រោម​៖

  • ត្រូវ​សិក្សា​ផ្លូវ​ច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ដី​ ឬផ្ទះ​នៅ​តំបន់​នោះ ស្ថិត​នៅ​ក្នុង​ដី​ប្រភេទ​ណា? ជា​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឬ​ទេ? ​តើ​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ពុះ​លក់​ឬ​ក៏​អត់? ​តាម​រយៈ​ការ​ស៊ើប​សួរ​ពី​អាជ្ញាធរ​ និង​មេ​ភូមិ មេឃុំ​ជាដើម។

  • ​ប្រជាពលរដ្ឋ​ត្រូវ​សិក្សា​មើល​ថា​​ ជា​ក្រុមហ៊ុន​អ្វី? ​មាន​ចុះ​បញ្ជី​ច្បាស់លាស់​ឬ​ក៏​អត់?

  • ត្រូវ​ពិចារណា​ថា ដី​ ឫ​ផ្ទះ​លក់​ថោកៗ​គ្មាន​ការ​ប្រាក់ គ្មាន​ប្រាក់​កក់​នោះ ឲ្យប្រាកដប្រជា បើទោះ​វាតម្លៃ​ថោក​ក៏ដោយ​។

៣. ​យុទ្ធសាស្ត្ររ​បស់​អ្នកគួក​ជេរ​ឡាន

ទាក់ទង​របរ​គួកជេរឡាន​វិញ ​អ្នក​ជំនាញ​ម្នាក់​បាន​បង្ហើប​ជា​ល្បិច​ទិញ​ឡាន​បាន​ថោក​ ហើយ​​អាច​​ទុក​លក់​បាន​ចំណេញ​ខ្ពស់។ ​

​លោក រិទ្ធី ជា​អ្នក​គួក​ជេរ​ឡាន ឲ្យ​ដឹង​​ថា អ្នក​គួកជេ​រ​មាន​ល្បិច​​មួយ​គឺ​ការ​មក​ទិញ​បណ្តាក់​គ្នា ម្នាក់​តថ្លៃ ម្នាក់​ឲ្យ​តម្លៃ​ថោក​ រួច ៤-៥ នាក់​​ទៀត មក​ចរចា​ឲ្យ​តម្លៃ​ដូចៗ​​គ្នា។ ពេលនោះ​​បើ​ម្ចាស់​ឡានលង់​ទន់​ចិត្ត​ ប្រាកដ​ជា​ព្រម​លក់​ចេញ បើ​ទោះ​បី​ដឹង​ថា​ខាត​ច្រើន​ក៏​ដោយ។ នេះ​ជា​ល្បិច​មួយ ព្រោះ​មុន​ពេល​មក​ទិញ អ្នក​ទាំង​នោះ​បាន​ប្រាប់​គ្នា​រួច​ជា​ស្រេច​ទៅ​ហើយ​។

លោក​ថា ស្នៀត​នេះ ទោះបីអ្នក​ខ្លះ​ដឹង​តែ​នៅតែ​មាន​អ្នក​ចាញ់​កល​ជា​ហូរហែ។ បើ​យល់​ល្អ ម្ចាស់​ឡាន​គួរ​លក់​ឲ្យ​អ្នក​ប្រើ​​ប្រាស់​ដូច​គ្នា​បើ​មិន​ចង់​​ខាត​ច្រើន ឬ​រក​អ្នក​គួក​ជេរ​ដោយ​ឲ្យ​លុយ​ទឹក​តែ​បន្តិច​បន្តួច។

ចំណែក​លោក ហេង​ថាត់ ជា​​អ្នក​គួក​ជេរឡាន​មួយ​រូប​ដែរ​ក៏ប្រាប់​ដូច​គ្នា​នេះ​ដែរ​ថា ជា​ទូទៅ​អ្នក​គួកជេរ​ឡាន​មួយ​គ្រឿង ចំណេញ​បាន​ពី ២០០ ដុល្លារ ទៅ ៥០០ ដុល្លារ ឬ​ច្រើន​ជាង​នេះ​ ទៅ​​តាម​គុណភាព​និង​ស៊េរី​ឡាន​ពេញ​និយម។

"អ្នក​គួកជេរ​តែង​មាន​ល្បិច​អីចឹង​ហើយ។ នាំ​គ្នា​ទៅ​សួរ​ទិញ​ហើយ​ឲ្យ​តម្លៃ​ទាប​ ដើម្បី​​ទុក​លក់​ចេញ​បាន​ចំណេញ​ច្រើន​"។ លោក ហេង​ថាត់ បន្ថែម។

លោក​ថា មុន​ពេលលក់​ចេញ​ម្ចាស់​ឡាន​គួរ​ដើរ​ជ្រែ​ទីផ្សារ​ឲ្យ​បាន​ច្បាស់​សិន ជៀស​វាង​គេ​ធ្វើ​ស៊ី​បាន​៕

  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

អត្ថបទ៖ ស៊ិន សាវ៉េត