ចាប់​ផ្ដើម​ពី​អ្នក​ទទួល​បញ្ញើ​ទិញ ក្លាយ​ជា​អ្នក​ប្រមូល​ទិញ ហូលផាមួង ដ៏​ធំ​នៅ​ខេត្ត​តាកែវ

  • 2018-04-09 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. អ្នក​ស្រី វណ្ណ ម៉េត អាយុ ៤៩ ឆ្នាំ ជា​អាជីវករ ទិញ​លក់​ហូល ផាមួង នៅ​ភូមិ ត្រពាំង​ស្រង់ ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ។ អ្នក​ស្រី​ចាប់​ផ្តើម​ធ្វើ​អាជីវ​កម្ម​នេះ​នៅ​ឆ្នាំ ២០១១​។ កាល​នោះ អ្នក​ស្រី​គ្រាន់​តែ​ជា​អ្នក​ទទួល​បញ្ញើ​ទិញ​ហូល ផាមួង​ផ្ញើ​បង​ប្អូន និង​ មិត្ត​ភក្តិ​នៅ​ស្រុក​ឆ្ងាយតែ​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​ឱកាស​ អ្នក​ស្រី​ក៏​ចាប់​ផ្តើម​ទិញ​ហូល ផាមួង ពី​អ្នក​ត្បាញ​នៅក្នុងស្រុក យក​ទៅ​លក់ នៅលើទីផ្សារ​តែម្តង។

២. ស្រ្តី​អ្នក​ត្បាញ​ហូល​លក់​ឱ្យ​អ្នក​ស្រី វណ្ណ ម៉េត កំពុង​រវៃ​អំបោះ​សូត្រ​បញ្ចូល​ហុង​ មុន​នឹង​យក​វា​ទៅ​ជ្រលក់​ពណ៌។ អំបោះ​សូត្រ​ទាំង​នេះ ត្រូវ​បាន​អ្នក​ស្រី វណ្ណ ម៉េត ទិញ​យក​មក​ឱ្យ​អ្នក​ត្បាញ​របស់​គាត់ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។​ ប៉ុន្តែ​តម្លៃ​របស់​វា នឹង​ត្រូវ​ទូ​ទាត់ នៅ​ពេល​ត្បាញ​រួច និង លក់​ឱ្យ​អ្នក​ស្រី​វិញ​។

៣. អំបោះ​សូត្រ​ដែល​ជ្រលក់​ពណ៌​រួច​ហើយ នឹង​ត្រូវ​យក​ទៅ​ចង​គាត​ដើម្បី​លើក​គោម​។ ពេល​ចង​គាត​រួច​ហើយ គេ​ត្រូវ​យក​ទៅ​ជ្រលក់​ពណ៌ ២ ឬ ៣ ដង​ទៀត​ ដើម្បី​ឱ្យ​បាន​ពណ៌​ដែល​ត្រូវ​ចិត្ត​។ នៅ​ក្នុង​រូប​នេះ​ ស្រ្តី​អ្នក​ត្បាញ​ហូល​លក់​ឱ្យ​អ្នក​ស្រី វណ្ណ ម៉េត កំពុង​ចង​គាត​។

៤. អ្នក​ស្រី វណ្ណ ម៉េត កំពុង​ពិនិត្យ​មើល​សរសៃ​សូត្រ នៅ​លើ​កី​តម្បាញ​មួយ​កន្លែង​ ក្បែរ​ផ្ទះ​អ្នក​ស្រី​។ ក្រៅ​តែ​ពី​ការ​ទទួល​ទិញ​ផលិត​ផល​សម្រេច​ អ្នក​ស្រី​ក៏​ចំណាយ​ពេល​ដើរ​ពិនិត្យ​មើល​ការ​ត្បាញ​របស់​អ្នក​តម្បាញ​ផង​ដែរ​។ ការ​ដើរ​ពិនិត្យ​នេះ គឺ​ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​អ្នក​តម្បាញ និង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូ​វការ​ផ្សេងៗ​របស់​ពួក​គេ​។

៥. បន្ទាប់​ពី​ការ​ត្បាញ​ចប់​សព្វ​គ្រប់​ហើយ អ្នក​ស្រី វណ្ណ ម៉េត ត្រូវ​ត្រឡប់​ទៅ​ប្រមូល​ ហូល​ផាមួង​តាម​ផ្ទះ​អ្នក​តម្បាញ​ ម្តង​ទៀត និង​បង់​ប្រាក់​ឱ្យ​ពួក​គេ​។​ បច្ចុប្បន្ន ទី​ផ្សារ​ហួល ផាមួង​របស់​អ្នក​ស្រី​វណ្ណ​ម៉េត មាន​ស្ទើរ​គ្រប់​ខេត្ត។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម