ឧបករណ៍កំពូលទំហំនៅខេត្តទាំង៥ ធ្វើឲ្យពិធីចូលឆ្នាំថ្មីកាន់តែពិសេសមិនធម្មតា
- 2018-04-17 01:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍កំពូលទំហំនៅខេត្តទាំង៥ ធ្វើឲ្យពិធីចូលឆ្នាំថ្មីកាន់តែពិសេសមិនធម្មតា
ចន្លោះមិនឃើញ
ដើម្បីទទួលបុត្រីពៅនៃកបិលមហាព្រហ្ម ព្រះនាងមហោធរៈទេវី ដែលយាងចុះមកគ្រប់គ្រងដែនដីនាឆ្នាំថ្មីនេះ តាមបណ្ដាខេត្តនានានៅព្រះរាជាណាចក្រកម្ពុជាបានរៀបរណ្ដាប់ និងកម្មវិធីផ្សេងៗយ៉ាងសកម្ម។ អ្វីដែលប្លែកនោះគឺ មានខេត្តចំនួន៥ ដែលមានតាំងសុទ្ធគ្រឿងឧបករណ៍ខ្នាតយក្សដើម្បីថ្វាយ និងទទួលទេវតាតែម្ដង។
១ ព្រៃវែង៖ ឧបករណ៍នេសាទ ផ្ការំដួល និងកណ្ដៀវយក្ស
ជាលើកទីមួយដែលព្រៃវែងបានធ្វើកម្មវិធីមហាសង្ក្រាន្តជាលក្ខណៈទ្រង់ទ្រាយធំ ហើយមានឧបករណ៍យក្សចំនួន៣គឺ អង្រុត ឈ្នាង និងទ្រូ កណ្ដៀវ រួមជាមួយផ្ការំដួលយ៉ាងស្រស់ស្អាត។
២ កំពង់ស្ពឺ៖ ត្នោតយក្ស
ខេត្តនេះបានរចនាផ្លែត្នោតយក្សធំបំផុតមិនធ្លាប់មាន មានកម្ពស់រហូតជា២ម៉ែត្រកន្លះឯណោះ។
៣ បាត់ដំបង៖ ម្នាស់យក្ស
ខេត្តបាត់ដំបងបានដាក់តាំងផ្លែម្នាស់ដ៏ធំ កម្ពស់៥ម៉ែត្រ ដោយយកផ្លែម្នាស់ចំនួន ៥ ០០០ផ្លែ មកផ្គុំចូលគ្នា និងផ្លែពោតកម្ពស់ ៥ម៉ែត្រ ដែលយកផ្លែពោតចំនួន ១០ ០០០ផ្លែ មកផ្គុំចូលគ្នាផងដែរ។
៤ កំពង់ធំ៖ ដឹង ឬពូថៅយក្ស
"ដឹងយក្ស" ប្រវែងជាង៨ម៉ែត្រ បានដាក់តាំងឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរគ្រប់រូប នៅតំបន់"សំបូរព្រៃគុក" នៅខេត្តកំពង់ធំ។
“ដឹង” គឺជាឧបករណ៍បុរាណរបស់ជនជាតិដើមភាគតិចគួយ ដែលប្រើប្រាស់សម្រាប់ចាំងឈើ និងកាប់ឈើ។ ឧបករណ៍ប្រភេទនេះ កូនខ្មែរជំនាន់ក្រោយមួយចំនួន មិនបានស្គាល់នោះទេ ហើយការដាក់តាំងបង្ហាញនេះ គឺដើម្បីបង្ហាញពីអត្តសញ្ញាណ និងរក្សាវប្បធម៌របស់ជនជាតិដើមភាគតិច។
៥ សៀមរាប៖ ខ្មុកហនុមានយក្ស
ហនុមានយក្ស គឺជាអ្វីដែលថ្មីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្នុងចំណោមអ្វីដែលថ្មីៗ និងប្លែកៗជាច្រើនដទៃទៀត។ មូលហេតុសំខាន់ដែលជ្រើសរើសមុខហនុមានធ្វើជារបស់យក្ស គឺដើម្បីលើកស្ទួយល្ខោនខោល ជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លារបស់ដូនតាខ្មែរ។ ជាពិសេសស្របនឹងប្រធានបទដែលកំណត់យកឆ្នាំនេះ គឺ៖ «សាទរមរតកដូនតា»៕