បញ្ចេញ​រឿង​ថា ហេតុ​អី្វ អ៊ួង សូរិយា ស្ងាត់​ឈឹង ក្រោយ​ផ្ទុះ​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ"?

  • 2018-04-19 02:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ផ្ទុះ​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ" និង​បទ​បន្ត​បន្ទាប់​កាល​ពី​ឆ្នាំ ២០១៧​នោះ តារា Original Song អ៊ួង សូរិយា ស្ងាត់​បាត់​ឈឹង​រហូត​មក មុន​ពេល​សាមី​ខ្លួន​បញ្ចេញ​នា​ពេល​នេះ​ថា ដោយ​សារ​លោក​រវល់​សម្ងំ​ផលិត​បទ​ចម្រៀង​មួយ​ចំនួន។

លោក អ៊ួង សូរិយា ប្រាប់​ថា រយៈ​ពេល​រយាល​ពី​ការ​ចេញ​មុខ​លើ​ទូរទស្សន៍ ឬ​ឆាក​តន្ត្រី​នានា​នោះ គឺ​លោក​កំពុង​ជាប់​ដៃ​ផលិត​បទ​ចម្រៀង​ឲ្យ​អង្គការ Unicef ជា​ប្រភេទ​បទ​សម្រាប់​អប់រំ​ក្មេង​ៗ ស្រដៀង​នឹង​បទ "លាង​សំអាត" ផលិត​ដោយ Wateraid ជាមួយ Epicarts កាល​ពី​ដើម​ឆ្នាំ ២០១៧ ដែរ ដែល​កាល​ណោះ លោក​ក៏​ចូល​រួម​សម្ដែង​ជាមួយ​ផង។

ក្រៅ​ពី​នេះ លោក​ក៏​មិន​ចោល​ការ​ផលិត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ដែរ។ លោក​ថា បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​បទ​ថ្មី​ផ្ទាល់​ខ្លួន​មួយ​ដែរ មាន​ចំណង​ជើង​ថា "អារម្មណ៍​ហាសិប​ហាសិប" ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ស្នេហា បរិយាយ​ពី​អារម្មណ៍​របស់​បុរស​ម្នាក់​ដែល​កំពុង​លង់​ស្រលាញ់​នារី​ម្នាក់ ទាំង​ខ្លួន​ឯង​មិន​ទទួល​បាន​អារម្មណ៍​ប្រាកដ​ប្រជា​លើ​ស្នេហា​មួយ​នេះ​សោះ។

បទ​នេះ គឺ​លោក​បាន​ និង​កំពុង​ធ្វើ​ជិត​រួច​រាល់​ហើយ។ នៅ​មុន​ការ​បញ្ចេញ​ពី​វត្តមាន​បទ​ថ្មី​ដែល​កំពុង​សម្ងំ​ផលិត​នេះ តារា​ចម្រៀង អ៊ួង សូរិយា ត្រូវ​បាន​គេ​ឃើញ​ប្រកាស​សួរ​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម អំពី​ថា​តើ ប្រិយមិត្ត​ចង់​ស្ដាប់​បទ​ថ្មី​របស់​លោក​ទៀត​ទេ កាល​ពី​ដើម​ឆ្នាំ​នេះ។ ក្រោយ​ពី​ការ​ស្ទង់​មតិ លោក​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ជា​ច្រើន​ពី​អ្នក​គាំទ្រ។

មិន​យូរ​ប៉ុន្មាន លោក​ក៏​ចាប់​ផ្ដើម​ផលិត​បទ​ថ្មី​នោះ​តែ​ម្ដង។ "ខាន​ចេញ​បទ​យូរ​ដែរ​ហើយ ប៉ុន្តែ​សប្បាយ​ចិត្ត ដែល​ដឹង​ថា​មាន​អ្នក​គាំទ្រ​ដែល​កំពុង​រង់ចាំ​ស្ដាប់​បទ​របស់​ខ្ញុំ" សូរិយា ថ្លែង។

រូបភាព៖​ហ្វេសប៊ុក សូរិយា

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន បើ​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ បទ​ថ្មី​របស់​លោក "អារម្មណ៍​ហាសិប​ហាសិប" នេះ អាច​នឹង​ចេញ​ក្នុង​ខែ​មេសា​ ឬ​យូរ​បំផុត​ក្នុង​ខែ​ឧសភា ២០១៨​នេះ​ហើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី