Netflix បង្កើត​កម្មវិធី​ទូរទស្សន៍​១សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក Barack Obama

  • 2018-05-22 02:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក Barack Obama បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​កម្មវិធី Netflix ដែល​លោក និង​ភរិយា Michelle Obama នឹង​ត្រូវ​បង្កើត​កម្មវិធី​ទូរទស្សន៍ និង​ភាពយន្ត​ឯកសារ​​មួយ​ចំនួន​សម្រាប់​អ្នក​​ទស្សនា​តាម​រយៈ​ប្រព័ន្ធ​​អន​ឡាញ។

កិច្ច​ព្រមព្រៀង​នោះ នឹង​ត្រូវ​ឲ្យ​លោក Barack Obama មាន​វេទិកា​ទូរទស្សន៍​អន្តរជាតិ​មួយ​​ដែល​ពាក់ព័ន្ធ​នឹង​បទ​ពិសោធ​ក្នុង​ពេល​​គ្រង​ដំណែង​ជា​ប្រធានាធិបតី​កាល​ពី​មុន។ វេទិកា​នេះ​ដែរ នឹង​អនុញ្ញាត​ឲ្យ​លោក​​ អាច​ទាក់ទង​ជជែក​កម្សាន្ត​ជាមួយ​មនុស្ស​រាប់​លាន​នាក់​ទាំង​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​បណ្ដា​តំបន់​អន្តរជាតិ​ផ្សេង​ទៀត។

បើ​តាម​កម្មវិធី Netflix បាន​បញ្ជាក់​ទៀត​ថា កម្មវិធី​ថ្មី​មួយ​នេះ​ដែរ នឹង​បើក​បង្ហាញ​ពី​បញ្ហា និង​ផ្ទៃ​សាច់​រឿង​របស់​ប្រធានាធិបតី​ដែល​បាន​ជួប​ប្រទះ​អំឡុង​ពេល​ធ្វើ​ការ​ក្នុង​ការិយាល័យ​របស់​លោក​អស់​រយៈពេល ៨ ឆ្នាំ​មក​នោះ។

​អតីត​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក Barack Obama បាន​និយាយ​​​ពាក់ព័ន្ធ​នឹង​កម្មវិធី​ថ្មី​មួយ​នេះ​ថា៖ "អ្វី​ដែល​ជា​ភាព​រីករាយ​បែប​សាមញ្ញ​របស់​ពួក​យើង​អំឡុង​ពេល​បំពេញ​ការងារ​សាធារណៈ​នោះ​គឺ បាន​ជួប និង​ស្គាល់​មនុស្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​គ្រប់​សណ្ឋាន​ និង​របៀប​រស់​នៅ​របស់​ពួក​គេ​ ហើយ​មួយ​វិញ​ទៀត គឺ​ដើម្បី​ជួយ​ពួក​គេ​​ឲ្យ​ចែក​រំលែក​បទ​ពិសោធ​ជាមួយ​​នឹង​មនុស្ស​ទូទាំង​ពិភពលោក​ទាំង​អស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា Michelle និង​ខ្ញុំ​ពិត​ជា​មាន​ភាព​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ចាប់​ដៃ​គូ​សហការ​គ្នា​ជាមួយ Netflix។ ពួក​យើង​សង្ឃឹម​ថា នឹង​អាច​ជួយ​បណ្ដុះ និង​ជួយ​ជំរុញ​អ្នក​ដែល​មាន​ទេពកោសល្យ, មាន​សេចក្ដី​លើក​ទឹក​ចិត្ត, និង​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ដើម្បី​អាច​ផ្សព្វផ្សាយ​ការ​យោគយល់ និង​ ដឹង​ពី​គ្នា​ឲ្យ​បាន​ច្រើន​រវាង​មនុស្ស​គ្រប់​គ្នា ហើយ​នឹង​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ចែក​រំលែក​រឿងរ៉ាវ​របស់​ពួក​គេ​ទាំង​ប៉ុន្មាន​ទៅ​កាន់​ពិភពលោក​ទាំង​មូល​នេះ"៕

ប្រភព៖ nytimes   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី