ប្រៀបធៀប​គ្នាទៅ ទើ​ប​ដឹង​ថា ចោល iPhone X សម្រេច​ចិត្ត​ទិញ OnePlus 6 មិន​ខុស​ទេ

  • 2018-05-23 10:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន OnePlus ទើប​តែ​បញ្ចេញ​ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន OnePlus 6 កាល​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា នេះ​ឯង ពោល​គឺ​ចេញ​មិន​ទាន់​បាន​មួយ​សប្ដាហ៍​ផង។ OnePlus 6 មាន​រូបរាង​ថ្មី និង​បំពាក់​មក​ជាមួយ​នូវ​គ្រឿង​ក្នុង​ស៊េរី​ចុង​ក្រោយ​បំផុត ឈរ​លើ​កំពូល​តារាង​ផ្នែក​ល្បឿន​ក្នុង​ចំណោម​ទូរសព្ទ Android ។

ចំពោះ​អ្នក​ដែល​ចង់​ទិញ​ទូរសព្ទ​ស៊េរី​កំពូល ដូច​ជា​ iPhone X របស់ Apple ជា​ដើម តែ​មាន​ភាព​ស្ទាក់​ស្ទើរ​ដោយ​សារ​តម្លៃ​កប់​ពពក​របស់​វា និង​ចង់​សាក​ផ្លាស់​ប្ដូរ​មក​ប្រើ Android វិញ​នោះ អ្នក​អាច​ងាក​មក​មើល​ចំណុច​ពិសេសៗ​ទាំង ១០ របស់ OnePlus 6 ដែល​វ៉ា​ដាច់ iPhone X តែ​ម្ដង៖

១. តម្លៃ

OnePlus 6 ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ៥៣០ ដុល្លារ (ទីផ្សារ​បរទេស) ថោក​ជាង iPhone X សឹង​តែ​ពាក់​កណ្ដាល ដោយ iPhone X មាន​តម្លៃ​ចាប់​ពី ១ ០០០ ដុល្លារ​ឯណោះ។

២. អេក្រង់

OnePlus 6 មាន​អេក្រង់​ដល់​ទៅ ៦,២៨ អ៊ីញ ដែល​ប្រៀប​ជាមួយ iPhone X វិញ​ត្រឹម​តែ ៥,៨ អ៊ីញ​តែ​ប៉ុណ្ណោះ ហើយ​ទំហំ​កាន់​ក្នុង​ដៃ​ក៏​មិន​សូវ​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ដែរ។

៣. មុខ​ងារ​លុប​បំបាត់​ស្នាម​ឆក

ទូរសព្ទ​ទាំង​ពីរ​នេះ​មាន​ក្បាល​ឆក​ដូច​គ្នា តែ OnePlus 6មាន​ប្រៀប​ខ្លាំង​ដោយ​សារ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android មាន​មុខ​ងារ​លុប​បំបាត់​ស្នាម​ឆក ដោយ​ដាក់​ផ្នែក​ដែល​ឆក​នោះ ឲ្យ​ងងឹត​ទាំង​អស់​តែ​ម្ដង។ នៅ​លើ iPhone X អ្នក​មិន​អាច​លុប​ស្នាម​ឆក​នោះ​ចោល​បាន​ទេ។

៤. ល្បឿន និង​កម្លាំង

ត្បិត​ថា​លើ Geekbench 4 ទូរសព្ទ OnePlus 6 មិន​ឈ្នះ​ល្បឿន​លើ iPhone X មែន តែ RAM ដែល​មាន​ទំហំ​ដល់​ទៅ ៨ GB របស់ OnePlus 6 នឹង​ជួយ​ឲ្យ​ទូរសព្ទ​នេះ ស៊ី​ដាច់ iPhone X ដែល​មាន RAM ត្រឹម ៣ GB យ៉ាង​ងាយ​ពេល​ដំណើរ​ការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ។

៥. មាន​ឆ្នាំង​សាក​លឿន​ក្នុង​ប្រអប់​ស្រាប់

OnePlus 6 មាន​គាំទ្រ​បច្ចេកវិទ្យា Dash Charge ដែល​អាច​សាក​ថ្ម​បាន ៦០ ភាគរយ​ក្នុង​រយៈ​ពេល ៣៥ នាទី ហើយ​ឆ្នាំង​សាក​នេះ​មាន​នៅ​ក្នុង​ប្រអប់​ស្រាប់​តែ​ម្ដង ខុស​ពី iPhone X ដែល​គាំ​ទ្រ​បច្ចេកវិទ្យា​សាក​លឿន​ដែរ តែ​ត្រូវ​ទិញ​ដុំ​សាក​លឿន​ខាង​ក្រៅ​ថ្លៃ​ជាង ៧០ ដុល្លារ​ថែម​ទៀត។

៦. មាន​រន្ធ​ដោត​កាស ៣.៥ មម

OnePlus 6 មាន​រន្ធ​ដោត​កាស ៣.៥​ មម ដោយ​អាច​គាំ​ទ្រ​ជាមួយ​កាស​ភាគ​ច្រើន​បំផុត​ក្នុង​ពិភព​លោក ខុស​ពី iPhone X ដែល​មាន​តែ​រន្ធ ១ គឺ Lightning សម្រាប់​សាក​ថ្ម និង​ដោត​កាស ហើយ​បើ​ចង់​ប្រើ​រន្ធ​កាស ៣.៥ មម ទាល់​តែ​ប្រើ​ឌុយ​បំបែក។

៧. ដើរ​ដោយ​ ប្រព័ន្ធ​ប្រតិបត្តិការ Android

OnePlus 6 ជា​ទូរសព្ទ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ស៊េរី​ភាព​ជាង​អ្នក​ប្រើ iOS។

៨. ដោះ​សោ​ដោយ​ប្រើ​មុខ​បាន​លឿន

OnePlus 6 ជា​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ដោះ​សោ​ដោយ​សម្គាល់​មុខ​ដូច iPhone X ដែរ តែ​វា​អាច​ដោះ​បាន​លឿន​ជាង​ខ្លាំង និង​មិន​សូវ​គាំង​ដូច iPhone X។

៩. មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ

បន្ថែម​ពី​លើ​ការ​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​តែ​ម៉្យាង OnePlus 6 មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ នៅ​ខាង​ក្រោយ​មួយ​ទៀត។ ដូច​នេះ បើ​អ្នក​មិន​ចូល​ចិត្ត​ការ​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​ទេ​នោះ OnePlus 6 ជា​ទូរសព្ទ ដែល​អ្នក​គួរ​ជ្រើស​យក​ជំនួស iPhone X ។

១០. មាន​ប៊ូតុង​បិទ​សំឡេង​រំខាន​ល្អ​ជាង

OnePlus 6 ជា​ទូរសព្ទ​ Android ដំបូង​ដែល​មាន​ប៊ូតុង​មួយ​ដាច់​តែ​ឯង សម្រាប់​ដាក់​ទូរសព្ទ​ឲ្យ រោទ៍​ធម្មតា ញ័រ ឬ​មិន​រោទ៍​សោះ តែ​ម្ដង​។ ដោយ​ឡែក​ iPhone X អាច​ឲ្យ​អ្នក​ប្រើ​បាន​ចំពោះ​តែ​ការ​កំណត់ ២ ប៉ុណ្ណោះ គឺ រោទ៍​ធម្មតា និង ញ័រ ឬ​ក៏ រោទ៍​ធម្មតា និង មិន​រោទ៍​សោះ តែម្ដង៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ