ឫសគល់ធ្វើឲ្យបទចម្រៀងស្លាប់មុនម្ចាស់
- 2018-05-24 04:33:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឫសគល់ធ្វើឲ្យបទចម្រៀងស្លាប់មុនម្ចាស់
ចន្លោះមិនឃើញ
បច្ចុប្បន្នវិស័យតែងនិពន្ធបទចម្រៀងហាក់មានសន្ទុះគួរឲ្យកត់សម្គាល់ ការតែងនិពន្ធបទថ្មីមិនចម្លងពីគេ ដែលហៅថា Original Song នោះក៏កាន់ផុសផុល។ ស្របពេលសន្ទុះនៃការងើបឡើងវិញ នៃវិស័យនេះជាច្រើនឆ្នាំមកនេះ ក៏មានលេចឮនូវពាក្យមួយឃ្លាថា«ស្នាដៃស្លាប់ចោលម្ចាស់» ត្បិតពាក្យនេះមិនមែនជាការវាយតម្លៃស្នាដៃតែងនិពន្ធជាក់លាក់ក្តី តែនេះជាផ្នែកមួយសបញ្ជាក់ថា ស្នាដៃទាំងនោះមិនទាន់ជ្រាបដល់ក្រអៅបេះដូងអ្នកស្តាប់គ្រប់ស្រទាប់នៅឡើយទេ ពោលគឺទទួលបានការគាំទ្រតែពីសំណាក់យុវវ័យប៉ុណ្ណោះ។ តើអ្វីដែលធ្វើឲ្យស្នាដៃចម្រៀងទាំងនោះ ល្បីតែមួយប្រាវ ហើយស្ងាត់បាត់ទៅវិញ?
ទស្សនៈអ្នកនិពន្ធជើងចាស់ទៅលើភាពខុសប្លែកគ្នារវាងបទចម្រៀងសម័យមុន និងបច្ចុប្បន្ន៖
មិនមានទឡ្ហីករណ៍ណាអាចបញ្ជាក់ពីបញ្ហានេះឲ្យស៊ីជម្រៅនៅឡើយទេ។ យ៉ាងណាក៏ដោយមានការជជែកវែកញែក និងការលើកឡើងពីទស្សនៈផ្សេងៗគ្នាជុំវិញរឿងទាំងនេះច្រើនដែរ ដោយក្នុងនោះមានមតិមួយចំនួនលើកឡើងថា បទចម្រៀងកាលពីជំនាន់ទសវត្សរ៍៥០ ដល់៧០ ដែលមានអ្នកចម្រៀងល្បីៗ ដូចជាលោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា លោក សុះ ម៉ាត់ លោក អ៊ឹង ណារី អ្នកស្រី ប៉ែន រ៉ន អ្នកស្រី ហួយ មាស ជាដើម ត្បិតតែម្ចាស់ស្នាដៃមួយចំនួនបានស្លាប់បាត់បង់ទៅហើយក្តី ប៉ុន្តែស្នាដៃរបស់អ្នកចម្រៀង និងតន្រ្តីករសម័យនោះនៅតែដក់ជាប់ក្នុងអារម្មណ៍អ្នកស្តាប់រហូតដល់បច្ចុប្បន្ន។
ត្បិតតែសម័យនេះមានឧបករណ៍ទំនើបៗដែលអាចជួយដល់បច្ចេកទេសសំឡេង និងបទភ្លេងឲ្យកាន់តែពីរោះលន្លង់លន្លោចក្តី តែគុណភាពនៃបទចម្រៀងទាំងនោះហាក់នៅមានកម្រិតឡើយ។ ទំនុកច្រៀង (Melody) ដែលមានអត្ថន័យអប់រំជាសកល មិនសម្រាប់ក្រុមមនុស្សណាមួយស្ដាប់ ជាចំណុចសំខាន់ដែលធ្វើឲ្យ "ស្នាដៃរបស់អ្នកនិពន្ធរស់បានយូរជាងជីវិតអ្នកផលិត"។ ប៉ុន្តែបើផលិតផលចេញមកខុសពីចំណុចខាងលើ គឺស្នាដៃស្លាប់ចោលម្ចាស់ហើយ។ នេះជាការលើកឡើងរបស់អ្នកនិពន្ធជើងចាស់ ឯកឧត្តម ជ័យ ចាប ទីប្រឹក្សាសម្ដេចជហ្វាវាំង គង់ សំអុល។
ការលើកឡើងបែបនេះ ក្រោយពីលោកសង្កេតឃើញថាបទចម្រៀងបច្ចុប្បន្នមួយចំនួនដែលចេញផ្សាយ និងបង្ហាញខ្លួនលើទីផ្សារ ដើម្បីបម្រើអារម្មណ៍អ្នកស្ដាប់បានតែមួយរយៈ ក៏ស្រាប់តែបាត់ស្រមោល លែងមានការនិយមទៀត។ ខុសបទចម្រៀងសម័យមុន នៅតែអាចបំពេអារម្មណ៍អ្នកស្ដាប់ឲ្យជាប់ចិត្តពីមួយជំនាន់ទៅមួយជំនាន់។
ទឹកដមសំឡេង និងរូបសម្រស់តែម្យ៉ាងមិនអាចយឹតយោងចម្រៀងមួយបទឲ្យពីរោះរណ្តំចិត្តនៅ ឡើយទេ ជុំវិញបញ្ហានេះ ឯកឧត្តម ជ័យ ចាប ពន្យល់ថា "អ្នកនិពន្ធជាផ្នែកមួយសំខាន់ដែរ"។ លោកថា អ្នកនិពន្ធមួយរូបត្រូវមានចំណេះទូទៅឲ្យទូលាយ ទាំងបញ្ហាសង្គម ជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នត់គំនិតមនុស្សគ្រប់វ័យ ជាពិសេសទំនុកច្រៀង គឺមានលក្ខណៈជាសាកល ដោយមិនសម្រាប់ក្រុមមនុស្សណាមួយទើបអ្នកនិពន្ធនោះអាចចងចិត្តអ្នកគាំទ្របាន។ លោកបន្តថា អ្នកសរសេរទំនុកចម្រៀងត្រូវពូកែលើកំណាព្យ និងចេះដឹងអក្សរសាស្រ្តជាតិ ដើម្បីឲ្យការសរសេរឃ្លាប្រយោគទៅធ្វើឲ្យគេស្ដាប់បាន។ "ពាក្យក្នុងចម្រៀង និងកំណាព្យគឺសម្រិតសម្រាំងពាក្យល្អបំផុត ព្រោះក្នុងចម្រៀងមានពាក្យតិច ប៉ុន្តែពោរពេញដោយខ្លឹមសារ ដែលមានតម្លៃអប់រំឲ្យមនុស្សក្លាយជាគំរូជនក្នុងសង្គម។ អ្នកនិពន្ធមិនត្រូវយកពាក្យផ្សារផ្សោ មកដាក់ក្នុងបទចម្រៀងទេ ព្រោះវាធ្វើឲ្យបាត់សោភ័ណរបស់ចម្រៀង ទើបចម្រៀងនោះមានន័យ រស់នៅគង់វង្សយូរអង្វែង" ឯកឧត្តម ជ័យ ចាប បន្ថែម។
ទាក់ទងនឹងបទចម្រៀងសម័យបច្ចុប្បន្នហាក់មានតែបរិមាណ តែថមថយនូវរសជាតិនេះ អ្នកនិពន្ធ អ្នកស្រី កែវ ចាន់បូរណ៍ ធ្លាប់ឡើងកន្លងមករួមមាន ការចម្លងបទភ្លេងពីបរទេស ធ្វើឱ្យបាត់បង់រសជាតិសាច់ភ្លេង ដែលមានព្រលឹងវិញ្ញាណរបៀបជាខ្មែរ ការផលិតមិនផ្ចិតផ្ចង់ បង្ខំឱ្យលឿន ឆាប់បានចេញលក់ ដោយមិនគិតពីគុណភាព ការនិពន្ធទំនុកច្រៀង ដោយមិនស្គាល់មនោសញ្ចេតនា នៅក្នុងចង្វាក់ភ្លេង នៃបទនីមួយៗជាដើម។
ការលើកឡើងបែបនេះដោយសារតែរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ត្បិតវិស័យចម្រៀងរីកដុះដាលខ្លាំងនោះ ផលិតកម្មក្នុងស្រុកជាច្រើនបានលួចចម្លងស្នាដៃបរទេស មានទាំងបទភ្លេង ទំនុកច្រៀង រួមទាំងកាយវិការសម្តែងទាំងដុលក៏មាន។
បញ្ហានេះត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដុតដៃដុតជើង អំពាវនាវជាញយដងឲ្យផលិតកម្មក្នុងស្រុកកុំលួចចម្លងស្នាដៃពីបរទេស ឲ្យព្យាយាមនិពន្ធទំនុកច្រៀង និងបទភ្លេងដោយខ្លួនឯងទើបមានតម្លៃ។
ដោយសារជាសម័យបច្ចេកវិទ្យាទៅហើយ ការលួចចម្លងស្នាដៃបរទេសពិតជាងាយស្រួល ធ្លាប់មានម្ចាស់ស្នាដៃដើមពីបរទេសប្រតិកម្មរិះគន់ចង្អុលចំៗអ្នកចម្រៀង និងផលិតកម្ម ថែមទាំងត្រូវមហាជនក្នុងស្រុករិះគន់មិនប្រណីដៃលើបណ្តាញសង្គមហ្វេសប៊ុក។
ទាំងនេះជាសារភ្ញោច និងដាស់ដឿនដល់កវីនិពន្ធ រហូតមានតារាចម្រៀងខ្មែរមួយចំនួនឈឺចាប់ពេក ប្រកាសខ្លួនឈប់ច្រៀងចម្រៀងចម្លងពីបរទេស ដោយផ្តោតមកច្រៀងបទនិពន្ធថ្មី (Original) ជាស្នាដៃកូនខ្មែរវិញ។
ក្នុងឆ្នាំ២០១០ Sai ជាតារាចម្រៀង Original Song ម្នាក់ដែលឈឺចាប់នឹងពាក្យសួរនាំក្នុងន័យបញ្ចើចបញ្ចើរបស់មិត្តភក្តិនៅអាស៊ានម្នាក់ថា "ម៉េចហើយ នៅខ្មែរគេអាចនិពន្ធបទចម្រៀងខ្លួនឯងបានឬនៅ"? Sai ចាប់ផ្តើមរៀនតែងនិពន្ធបទចម្រៀងថ្មី ចាប់ពីពេលនោះមក។ Sai ក៏ជាសមាជិករួមបង្កើត ក្រុម Original Song ជាមួយតារា Original Song មួយចំនួនទៀត ដែលមានគំនិតរួមមួយ គឺដើម្បីបង្កើតសិល្បៈតែងនិពន្ធថ្មី សាច់ភ្លេងថ្មី រសជាតិថ្មី។
ទស្សនៈអ្នកនិពន្ធជំនាន់ក្រោយ៖
ពីមួយសម័យកាលទៅមួយសម័យ អ្វីៗមិនស្ថិតស្ថេរទាំងអស់នោះទេ គឺមានការផ្លាស់ប្តូរជានិច្ច ដូចពាក្យមួយឃ្លាថា "មនុស្សរត់តាមសម័យកាល"។ អ្នកនិពន្ធជំនាន់ក្រោយ លោក សុខ ចាន់ផល ហាក់មិនឯកភាពនឹងគំនិតរៀមច្បងខាងលើទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយលោកទទួលស្គាល់ពីគុណភាពនៃបទចម្រៀងពីសម័យមុនថា ពិតជាល្អជាង បច្ចុប្បន្ន។ ទស្សនៈលោក បទចម្រៀងខុសគ្នាទៅតាមសម័យកាល ដោយផ្អែកលើគំនិតផ្សេងគ្នារបស់អ្នកនិពន្ធ ដូច្នេះមិនអាចវាយតម្លៃថា បទចម្រៀងសម័យនោះល្អ សម័យនេះមិនល្អនោះទេ។
មានចំណុចមិនជាច្រើនប៉ុន្មាននោះទេដែលអ្នកនិពន្ធល្បីឈ្មោះបោះសំឡេងជើងថ្មីរូបនេះ គិតថាបទចម្រៀងសម័យនេះមិនទាន់ឈានដល់ចំណុច ដែលចង់បានរបស់មហាជន នោះគឺ "ផ្តោតលើបរិមាណ ជាជាងគុណភាព"។ "ដរាបណាអ្នកនិពន្ធផ្តោតបរិមាណជាចម្បង ចង់មិនចង់ គុណភាពច្បាស់ជាធ្លាក់ចុះមិនខាន ខ្ញុំមិនដែលឃើញប្រទេសណាចេញបទចម្រៀងច្រើនដូចស្រុកខ្មែរទេ ពេលខ្លះផលិតកម្ម៣ខែ ចេញ៣វ៉ុល អីចឹងបទទាំងហ្នឹង មិនបានប៉ុន្មានទេវាសាបហើយ"។
ទន្ទឹមនឹងមើលឃើញផលអវិជ្ជមានខ្លះៗ អ្នកនិពន្ធ សុខ ចាន់ផល ហាក់មានគំនិតសុទិដ្ឋនិយមលើការរីកចម្រើនរបស់វិស័យចម្រៀងបច្ចុប្បន្ន អ្វីដែលលោកចង់បាននោះ គឺសូមឲ្យអ្នកធ្វើការក្នុងវិស័យនេះ ធ្វើដោយចិត្តស្រលាញ់ចេញពីបេះដូង ដាក់ចិត្តគំនិតលើការតែងនិពន្ធ ជាជាងធ្វើការយកប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់តម្លៃសិល្បៈខ្មែរ។
ការលើកឡើងបែបនេះហាក់ស៊ីគ្នាទៅនឹងគំនិតរបស់អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជើងចាស់មួយរូប គឺឯកឧត្តម ម៉ៅ អាយុទ្ធ។ ឯកឧត្តមមើលឃើញថា បទចម្រៀងបច្ចុប្បន្នហាក់ដូចជាបញ្ចូលស្ទីលបរទេសច្រើន កម្រមានបទចម្រៀងណាស្តាប់ទៅជារបស់ខ្មែរណាស់។
ទោះយ៉ាងណាក៏ដោយប្រធានសមាគមទូរទស្សន៍កម្ពុជារូបនេះមិនប្រៀបធៀបគុណភាពចម្រៀងពីមុននិងឥឡូវយ៉ាងណានោះទេ តែលោកបានលើកពីដើមចមដែលធ្វើឲ្យចម្រៀងមរតកដើមមានការគាំទ្រខ្លាំង និងមិនសាបរលាប នៅតែដក់ជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរថា 'ការនិពន្ធទាំងបទភ្លេង ទំនុក សំឡេងរបស់តារាចម្រៀងពីសម័យមុន គឺបានបង្កប់នូវអត្តសញ្ញាណជាតិ និងផ្នត់គំនិតខ្មែរ"។ ក្នុងនាមជាចាស់ទុំក្នុងវិស័យសិល្បៈ ឯកឧត្តមលើកទឹកចិត្តឲ្យអ្នកផលិតបទចម្រៀងថ្មីគួរតែចាប់អារម្មណ៍ទៅលើចំណុចទាំងនេះដើម្បីឲ្យស្នាដៃរបស់ខ្លួនមានលក្ខណៈជាសកល និងបន្តជីវិតបានយូរអង្វែង។
រសនិយមអ្នកស្តាប់បទចម្រៀងទាំង២សម័យកាល៖
ក្នុងនាមជាអ្នកនិយមស្តាប់បទចម្រៀងទាំងពីរសម័យកាល អ្នកនាង ស្រីទូច បានឲ្យតម្លៃបទចម្រៀងដើមទៅលើចុងចួន និងអត្ថបទន័យខ្ពស់ជាងបទបច្ចុប្បន្នបន្តិច តែទោះយ៉ាងណា បទចម្រៀងខ្លះពីរោះទៅតាមវេលានៃការស្តាប់។ អ្នកស្តាប់វ័យជាង៣០ឆ្នាំរូបថា ចូលចិត្តស្តាប់ពីបទដើមនៅពេលធ្វើដំណើរទៅដើរកម្សាន្តទៅទីណាឆ្ងាយៗ ព្រោះអត្ថន័យបទទាំងនោះហាក់ស៊ីនឹងបរិយាកាសដែលពណ៌នាអំពីទេសភាព ទីកន្លែងនីមួយៗបានល្អ ស្តាប់ទៅមានរូបារម្មណ៍ ស្រមៃឃើញរូបភាពពិតៗ។ ចំពោះបទសម័យបច្ចុប្បន្នវិញ គឺត្រូវនឹងពេលមានស្នេហា ទាំងពេលជួប ពេលផ្អែមល្ហែម ឬពេលបែកជាដើម ព្រោះត្រូវនឹងបរិបទសម័យអ៊ីនធឺណែតនេះ។
"ខ្ញុំអត់សូវចេះស្គាល់បទពីដើមទេ ហើយក៏មិនចូលចិត្តស្តាប់បទពីដើមដែរ បើតែបទសម័យឥឡូវ ចេះស្ទើរគ្រប់បទហ្មង ឲ្យតែចេញម៉ោមិនទាន់ទេ"។ នេះជាសម្តីរបស់យុវជនវ័យប្រមាណ២០ឆ្នាំ។ ចំពោះមូលហេតុវិញដែលកូនខ្មែរជំនាន់ក្រោយម្នាក់នេះអះអាងថា មិនចូលចិត្តស្តាប់បទពីដើមនោះព្រោះខ្លួនគិតថាបទទាំងនោះ ត្រូវនឹងសម័យកាលពីមុនៗ ស្តាប់ទៅដូចមិនទាន់សម័យនឹងគេសោះ។
រាងខ្ពស់ស្រឡះ បុរសមជ្ឈឹមវ័យម្នាក់ឆ្លើយនឹងសំណួរថា រវាងបទពីសម័យ និងបទចម្រៀងបច្ចុប្បន្ន លោកចូលចិត្តស្តាប់បទណាជាងគេ? ចម្លើយយ៉ាងខ្លី គឺ «ខ្ញុំមិនចេះស្តាប់ទេបទក្មេងៗឥឡូវនោះ បែកស្លុយ គ្មានន័យ គ្មានចុងចួន ច្រៀងអក្សរខ្មែរមិនច្បាស់ផង »។ អាចថា អ្នកស្តាប់ម្នាក់នេះងប់ងុល និងឲ្យតម្លៃបទពីដើមលើសលុបមែន តែលោកមិនបន្ទោស ឬទម្លាក់កំហុសទៅនរណាម្នាក់ទេ លោកថា មកពីវ័យលោកក៏មិនដឹង ដែលស្តាប់បទសម័យនេះមិនចូលនោះ។
ចម្លើយដ៏ចាក់ដោតនេះ ត្រូវបានអ្នកគ្រប់គ្រងផលិតកម្មមួយរូបសូមបញ្ចេញឈ្មោះ បកស្រាយភ្លាមៗថា អ្នកស្តាប់ភាគច្រើនជាយុវវ័យ ដូច្នេះចាំបាច់ត្រូវតែផលិតបទចម្រៀងទីផ្សារ បើមិនដូច្នេះទេផលិតកម្មបានថវិកាទ្រទ្រង់ឯណាដើម្បីរស់នោះ។ ទន្ទឹមនឹងផលិតបទចម្រៀងដែលជាទីពេញ និយមរបស់យុវវ័យសម័យនេះ៧០ទៅ៨០%នោះ អ្នកគ្រប់គ្រងផលិតកម្មដដែលនេះអះអាងថា ២០ទៅ៣០% ទៀតខាងផលិតកម្មក៏បានផលិតបទចម្រៀងសម្រាប់មនុស្សវ័យកណ្តាលផងដែរ។
ងាកមកអ្នកគ្រប់គ្រងផលិតកម្ម ថោន លោក មាស សុខរតនៈ វិញអះអាងថា ត្បិតតែរត់តាមទីផ្សារក្តី តែខាងផលិតកម្មលោកក៏បានប្រិតប្រៀងនូវគុណភាពចម្រៀងផងដែរ ដោយក្នុងនោះបទភាគច្រើនតម្រូវទីផ្សារយុវវ័យ ៦០ ទៅ៧០% ពិតមែន ប៉ុន្តែមិនភ្លេចបញ្ចូលសារអប់រំនោះទេ។
៦០ ទៅ៨០% ជាបទចម្រៀងផលិតថ្មី នេះជាតួលេខដែលអ្នកគ្រប់គ្រងដដែលរូបនេះបញ្ជាក់ថាផលិតកម្មធ្វើបាននាពេលបច្ចុប្បន្ន។ អាចនិយាយបានថា តួលេខនេះហាក់ខ្ពស់គួរសម តែយ៉ាងណាលោកថា មិនមែនផលិតកម្មមិនចង់ផ្តាច់ទាំងស្រុងពីការចម្លងស្នាដៃបរទេសនោះទេ ល្គឹកណាកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ មានតម្លៃទីផ្សារពលកម្មខ្ពស់ កម្មសិទ្ធិបញ្ញាក្នុងស្រុកត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព នោះអ្វីៗនឹងកាត់ផ្តាច់ទាំងស្រុង។
សរុបជារួមទោះជាសង្កេតឃើញចំណុចខ្វះខាតមួយចំនួនក្តី អ្នកនិពន្ធជើងចាស់ដែលធ្លាប់មានស្នាដៃ លើការតែងនិពន្ធបទចម្រៀងក៏បានសាទរនូវការរីកចម្រើនលើវិស័យតន្រ្តីគ្រប់ប្រភេទនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរួមមានការបង្កើតបទចម្រៀងថ្មីៗដោយខ្លួនឯង កាត់បន្ថយការចម្លងស្នាដៃពីបរទេស និងមានការកែច្នៃចង្វាក់ហ៊ីបហប រ៉េប ដែលជាចង្វាក់លោកខាងលិច មានជាលក្ខណៈខ្មែរជាដើម។