ក្រុមហ៊ុន​ផលិត​ទូរសព្ទ​​ល្បី​ថា​ iPhone X ចម្លង​តាម​ គិត​ចង់​លក់​ក្រុមហ៊ុន​ទាំង​មូល

  • 2018-05-25 03:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Essential បាន​រំសាយ​ដោយ​ផែនការ​​ផលិត​ Essential Phone ជំនាន់​ទីពីរ​ និង​កំពុង​គិត​ចង់​​​​លក់​ក្រុមហ៊ុន​ទាំង​មូល​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

​ Bloomberg បាន​ឲ្យ​ដឹង​ថា​​ផែនការ​ផលិត​ Essential Phone ជំនាន់​ទីពីរ​​ត្រូវ​បាន​រំសាយ​ចោល​ ហើយ​ក្រុម​វិស្វករ​កំពុង​សិក្សា​លើ​ផលិត​ផល​ Smart Home ដែល​​តាម​គម្រោង​គឺ​ត្រូវ​បង្ហាញ​ចេញ​ឆ្នាំ​ក្រោយ។ វា​អាច​ជា​ Essential Home ដែល​ក្រុមហ៊ុន​ Essential បាន​បង្ហើប​ចេញ​កាល​ពី​ឆ្នាំ​ទៅ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ឃើញ​មាន​ព័ត៌មាន​លេច​ធ្លាយ​អំពី​ផលិត​ថ្មី​នេះ​សូម្បី​បន្តិច។

Essential Phone ដែល​ជា​ស្មាតហ្វូន​ដំបូង​របស់​ក្រុមហ៊ុន​នេះ​ អាច​លក់​បាន​ត្រឹម​ប្រមាណ​ ១៥០ ០០០ គ្រឿង​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​ទៅ។ គួរ​ដឹង​ថា​ Essential Phone នេះ​ជា​ស្មាតហ្វូន​ដែល​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ iPhone X ​ចម្លង​រូបរាង​តាម ពោល​នៅ​ត្រង់​ក្បាល​ឆក​មួយ​ដុំ។

បន្ថែម​ពី​នេះ​ Bloomberg បាន​និយាយ​​ទៀត​ថា​ Essential កំពុង​​គិត​ចង់​លក់​ក្រុមហ៊ុន​របស់​ខ្លួន​ទាំង​មូល​ ទាំង​ប៉ាតង់, Hardware រួម​ទាំង​គម្រោង​ការ​ថ្ងៃ​អនាគត​ទៀត​ផង។

Essential ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​​នៅ​ខែ​មករា​ ឆ្នាំ​ ២០១៧ ដោយ​លោក​ Andy Rubin ដែល​ជា​អតីត​អ្នក​​​ចូល​ដៃ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ដាក់​តម្លៃ​​ជិត ១ ពាន់​លាន​ដុល្លារ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង