ការពិតមួយចំនួនរុញឲ្យចរាចរណ៍ នៅភ្នំពេញ កាន់តែអាក្រក់
- 2018-05-31 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតមួយចំនួនរុញឲ្យចរាចរណ៍ នៅភ្នំពេញ កាន់តែអាក្រក់
ចន្លោះមិនឃើញ
ក្រុមអ្នកឃ្លាំមើលសុវត្ថិភាពចរាចរណ៍ សុទ្ធតែទទួលស្គាល់ថា រាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេរបស់កម្ពុជា មានការរីកចម្រើនស្ទើរគ្រប់វិស័យ ប៉ុន្ដែទីក្រុងមួយនៅតែមានបញ្ហាឈឺក្បាល ដោយសារស្ថានភាពចរាចរណ៍កកស្ទះ គឺបណ្ដាលមកពី ឥរិយាបថអ្នកបើកបរ ព្រមទាំងកំណើនប្រជាជន និងយានយន្ត ជាដើម។
បើទោះបីជាគោលនយោបាយពង្រីកក្រុង និងពង្រីកផ្លូវបានច្រើន ក្នុងន័យកាត់បន្ថយការកកស្ទះចរាចរណ៍ក្ដី ក៏អ្នកឃ្លាំមើលសុវត្ថិភាពចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាមូលហេតុនាំមុខគេ នៃការស្លាប់នៅក្នុងប្រទេសកម្ពុជា ដោយបានបំផ្លាញមិនត្រឹមតែជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សីលធម៌ សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងការអភិវឌ្ឍន៍ជាដើម។ ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះចរាចរណ៍ ក៏ជាផ្នែកមួយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដូចជា អស់ប្រេងឥន្ធនៈ (ស្ទះផ្លូវ) ការទៅធ្វើការមិនទាន់ពេល និងការបង្កឲ្យមានជំងឺផ្លូវចិត្ត ជាដើម។ តើត្រូវធ្វើដូចម្ដេចដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព?
មូលហេតុចម្បង នៃការកកស្ទះចរាចរណ៍
នៅមុននឹងចាប់ផ្ដើមឆ្លើយសំណួរខាងលើ យើងគួរនិយាយអំពីឫសគល់ នៃការបង្កើតឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាមុនសិន។ ផ្អែកតាមការលើកឡើងរបស់ លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ Sabay ថា ការកកស្ទះចរាចរណ៍ ប្រមាណជា៩៥% បណ្ដាលមកពីកត្តាមនុស្ស។ មនុស្សសំដៅដល់អ្នកបើកបរមិនចេះច្បាប់ ឬចេះច្បាប់តែបំពាន បើកបរមិនស្គាល់គន្លងផ្លូវ ឡាន ម៉ូតូ កង់ និងថ្មើរជើងជាដើម។ កង្វះសីលធម៌ (បើកបរមិនចេះអត់ឱន អធ្យាស្រ័យ ជាពិសេសពេលប៉ះទង្គិចគ្នា)។ ការរំលោភចិញ្ចើមថ្នល់យកធ្វើអាជីវកម្ម, ការចតគ្មានសណ្ដាប់ធ្នាប់, និង អ្នកបើកបរមិនគោរពសញ្ញាចរាចរណ៍ មិនស្គាល់សិទ្ធិអាទិភាព ជាដើម។ កត្តាទាំងអស់នេះ ផ្ដើមចេញពីឥរិយាបថអ្នកបើកបរ បន្ទាប់មក គឺការអនុវត្តន៍ច្បាប់នៅធូររលុង ទើបបញ្ហាចរាចរណ៍នៅតែកើតមាន។
ក្រៅពីហេតុផលខាងលើ កំណើនពលរដ្ឋ និង កំណើនយានយន្ត ក៏ជាមូលហេតុ នៃការកកស្ទះចរាចរណ៍នៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។ លោក គង់ រតនៈ បន្ថែម។
និយាយពីកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution រកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៧ មានប្រមាណ ២ លាននាក់។ តួលេខនេះ នឹងកើនឡើងដល់ ៤ លាននាក់ ឬច្រើនជាងនេះនៅឆ្នាំ ២០៣០។
ចុះយានជំនិះនៅកម្ពុជាមានប៉ុន្មាន? ទិន្នន័យឆ្នាំ ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញថា យានយន្តនៅក្នុងប្រទេសកម្ពុជាសរុបទាំងអស់មានចំនួន ៣,៥០ លានគ្រឿង ក្នុងនោះមានម៉ូតូប្រហែល ៣ លានគ្រឿន និងរថយន្តប្រហែលជាង ០,៥០ លានគ្រឿង។ តួលេខដដែលនេះ បញ្ជាក់ថា នៅភ្នំពេញមានយានយន្តប្រហែល ៩០ ភាគរយហើយមានតែប្រហែល ១០ ភាគរយទេនៅតាមបណ្ដាខេត្តនានា។
មូលហេតុ នៃការគ្រោះថ្នាក់ចរាចរណ៍
ស្ទើរតែ ១០០% កត្តាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីមនុស្ស។ លោក គង់ រតនៈ បានឲ្យដឹងថា ការគ្រោះថ្នាក់ចរាចរណ៍ គឺកើតឡើងដោយសារតែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរក្នុងស្ថានភាពស្រវឹង ជាដើម។
ការប្រៀបធៀបឥរិយាបថអ្នកបើកបរបច្ចុប្បន្ន និង ឥរិយាបថអ្នកបើកបរកាលពី ៥-១០ ឆ្នាំមុន
លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានប្រាប់ Sabay ថា កាលពីមុនដោយសារចរាចរណ៍មានចំនួនតិច ដូច្នេះការបើកបរមានភាពអធ្យាស្រ័យគ្នាច្រើនជាងពេលបច្ចុប្បន្ននេះ ហើយសីលធម៌ ការគោរពគ្នាទៅវិញទៅមកមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។
បន្ថែមលើនេះ អនុប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមើលឃើញថា ការផ្លាស់ប្ដូរស្ថានភាពចរាចរណ៍បច្ចុប្បន្ន និង ៥ឆ្នាំមុន គឺសេវាកម្មដឹកជញ្ជូនសាធារណៈក្នុងក្រុងមានការរីកចម្រើន, ហេដ្ឋារចនាសម្ពន្ធ ដូចជា ផ្លូវ, ស្ពានអាកាសថ្មើរជើង និងស្ពានអាកាសថ្មីៗ បានកើតឡើង, ការពង្រីកផ្លូវ ដោយមានការបែកចែកគន្លងច្បាស់លាស់ ជាដើម។ ប៉ុន្តែបញ្ហាឥរិយាបថអ្នកបើកបរ និងការរឹតបន្តឹងច្បាប់នៅមិនទាន់ផ្លាស់ប្ដូរច្រើននៅឡើយ។
ការកកស្ទះចរាចរណ៍បណ្ដាលឲ្យប៉ះពាល់ដូចជា៖
១. ពេលវេលា (ទៅធ្វើការមិនទាន់)
២. ថវិកា (ការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើង បណ្ដាលមកពីស្ទះ)
៣. ផលិតភាពសេដ្ឋកិច្ចយឺតយ៉ាវ (សេវាកម្មដឹកជញ្ជូន)
៤. ប៉ះពាល់ផ្លូវចិត្ត ព្រោះអារម្មណ៍មួរម៉ៅ។
គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យប៉ះពាល់ដូចជា៖
១. បាត់បង់ចំណូលគ្រួសារ (របួស ពិការ ស្លាប់)
២. បង្កើនបន្ទុកសម្រាប់រាជរដ្ឋាភិបាល។
ចំណុចសំខាន់ៗខាងលើនេះ គឺជាការលើកឡើងរបស់ អនុប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ចំពោះការសិក្សាឆ្នាំ ២០១៣ របស់អង្គការជនពិការអន្តរជាតិ Handicap International ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរបានធ្វើឱ្យរាជរដ្ឋាភិបាលខាតបង់ថវិកាចំនួន ៣៣៧ លានដុល្លារក្នុង១ឆ្នាំ ដែលតួលេខនេះ ស្មើទៅនឹងប្រមាណ 3ភាគរយ នៃផលិតផលក្នុងស្រុកសរុបប្រមាណជា ១៥ពាន់លានដុល្លារ។
ឯទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០១៦ វិញ បានបង្ហាញថា មនុស្សប្រមាណជា ១,២៥ លាននាក់ បានស្លាប់ និង រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ មនុស្សដែលស្លាប់ភាគច្រើនជាប្រុស អាយុចន្លោះពី ១៥-២៩ឆ្នាំ។
តួលេខខាងលើក៏បានសិក្សាលើប្រទេស ដែលមានចំណូលទាប មធ្យម និងខ្ពស់ផងដែរ។ គិតជាមធ្យមប្រទេសមានចំណូលខ្ពស់ មានអ្នកស្លាប់ ៩,២នាក់ ហើយប្រទេសមានចំណូលមធ្យមស្លាប់ ១៨,៤នាក់ និង ប្រទេសមានចំណូលទាបស្លាប់ ២៤,១នាក់ ក្នុងចំណោមអ្នកបើកបរនៅលើដងផ្លូវ ១សែននាក់។ តួលេខនេះសបញ្ជាក់ឲ្យឃើញថា ប្រទេសដែលមានចំណូលខ្ពស់ ប្រទេសដែលមានអ្នកយល់ដឹងច្រើន ចេះច្បាប់ទម្លាប់មានអ្នកស្លាប់តិចជាង អ្នកមានចំណូលមធ្យម និងទាប។ លោក គង់ រតនៈ ពន្យល់បន្ថែម។
មិនអាក្រក់ពេក លោក គង់ រតនៈ បានឲ្យដឹងទៀតថា ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានចំណូលមធ្យម ហើយតួលេខអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងចំណោមអ្នកបើកបរលើដងផ្លូវ ១សែននាក់ មានអ្នកស្លាប់ ១១,៩ នាក់ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងអាស៊ាន និងពិភពលោក។ ចរាចរណ៍នៅកម្ពុជាប្រហាក់ប្រហែលនឹងឡាវ និង វៀតណាម តែក្រោមថៃ។ "ខ្ញុំគិតថា បើប្រៀបធៀបអំពីការរឹតបន្តឹងច្បាប់ និងឥរិយាបថអ្នកបើកបរកម្ពុជា នៅចាញ់វៀតណាម ប៉ុន្តែ តួលេខអ្នកស្លាប់កម្ពុជាប្រសើរជាងនៅថៃ"។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧ មានចំនួនជាង ៣ពាន់ករណី (៣ ៥៣១) ហើយចំនួននេះ គឺថយចុះជាង ១០០ករណី (១៦៩) បើធៀបនឹងឆ្នាំ ២០១៦។
ដោយឡែកទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ ២០១៦ បានរកឃើញដូចខាងក្រោមនេះ៖
តើរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍? រាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍តាមរយៈយន្តការពង្រឹងច្បាប់ ដោយបានធ្វើច្បាប់ចរាចរណ៍ថ្មីនៅអំឡុងឆ្នាំ ២០១៥ និង អនុវត្តន៍នៅដើមឆ្នាំ ២០១៦ ដែលច្បាប់ថ្មីនេះ មានភាពតឹងរ៉ឹងជាងច្បាប់ចាស់។
មានការកត់សម្គាល់ដែរថា សាលារាជធានីភ្នំពេញ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមយុទ្ធនាការរំដោះចិញ្ចើមផ្លូវ និងបានដំឡើងភ្លើងស្ដុបឆ្លាតវៃ ដោយរួមទាំងជំរុញឲ្យសាធារណជនប្រើប្រាស់សេវាកម្មសាធារណៈរួមមានរថយន្តក្រុង-រថភ្លើង ព្រមទាំងកសាងផ្លូវស្ពានថ្មើរជើង ស្ពានអាកាសជាដើម។
សមិទ្ធផលធំៗ ដែលលេចធ្លោនៅរាជធានីក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍មានដូចជា៖
១. ស្ពានអាកាស៖
ស្ពានអាកាសក្បាលថ្នល់៖ ស្ពាននេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០១០។ ស្ពាននេះត្រូវបានចាត់ទុកជាស្ពានអាកាសដំបូងបង្អស់ និងជាសំណង់ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។ ស្ពានក្បាលថ្នល់បានចំណាយការសាងសង់ជាង ៦ លានដុល្លារ។
ស្ពានអាកាស ៧មករា៖ ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ) មានបណ្ដោយ ៣៤៥ម៉ែត្រ ទទឹង១៥,២ម៉ែត្រ លាតសន្ធឹងលើមហាវិថីសហព័ន្ធ រុស្ស៊ី និងទម្លាក់ខ្នែងជាដៃស្ពាននៅស្រប នឹងមហាវិថីកម្ពុជាក្រោម ដែលមានបណ្ដោយ ១៦០ម៉ែត្រ ទទឹង ៦,៥ម៉ែត្រ។ ការសាងសង់ចំណាយថវិកាជាង ៨ លាន ៣ សែនដុល្លារ និងត្រូវបានសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១២។
ស្ពានអាកាសស្ទឹងមានជ័យ៖ ស្ពានអាកាស ស្ទឹងមានជ័យ គឺជាស្ពានអាកាស ទី៣ នៅកម្ពុជាបន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧ មករា ឬស្ពានអាកាសពេទ្យលោកសង្ឃ។ ស្ពានអាកាសស្ទឹងមានជ័យបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ និងដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៤ ដោយចំណាយថវិកាប្រមាណ១៩ លានដុល្លារ។
ស្ពានអាកាសតិចណូ៖ ជាស្ពានអាកាសទី៤ នៅរាជធានីភ្នំពេញ។ ស្ពានអាកាសតិចណូ បានចំណាយការសាងសង់ប្រមាណ១៤ លានដុល្លារអាមេរិក ប្រើរយៈពេលសាងសង់ ១៦ ខែ។ ស្ពាននេះ មានបណ្ដោយ ៣៨២ម៉ែត្រ និងទទឹង ១៥,៨ ម៉ែត្រ ស្ពាននេះមានសសរភ្លោះ៦ ដែលមានគម្លាតពីសសរមួយទៅមួយចន្លោះ ២០ ទៅ៣០ម៉ែត្រ ព្រមទាំងអនុញ្ញាតឲ្យយានយន្តផ្ទុកទម្ងន់អតិបរមា ២៥តោនឆ្លងកាត់បាន។ ស្ពានតិចណូ បានបើកការដ្ឋាននៅក្នុងឆ្នាំ២០១៤ និងសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៥។
ស្ពានអាកាសស្តុបផ្សារដីហុយ៖ ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ កាលពីខែសីហាឆ្នាំ២០១៦ កន្លងទៅ។ ស្ពាននេះ មានប្រវែង ៩០៥ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ។
២. ស្ពានថ្មើរជើង
ស្ពានអាកាសថ្មើរជើងជម្ពូវ័ន្ត៖ ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចផ្សារជម្ពូវ័ន គឺជាស្ពានអាកាសថ្មើរជើងដំបូងគេនៅកម្ពុជា។ ស្ពានអាកាសថ្មើរជើងនេះ មានបណ្ដោយប្រវែង ៥០ ម៉ែត្រទទឹង ៣,៥០ ម៉ែត្រ និងកម្ពស់ ៦ ម៉ែត្រ ដែលការស្ថាបនាសំណង់នេះ បានចំណាយរយៈពេលជិត ១០ ខែ ដោយរាប់បញ្ចូលទាំងការសាងសង់ពង្រីកផ្លូវសងខាង និងការដាក់ប្រព័ន្ធលូ។
ស្ពានអាកាសថ្មើរជើងនាងគង្ហីង៖ នេះត្រូវបានចាប់ផ្ដើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ សមិទ្ធផលថ្មីនេះ នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ។
៣. សេវារថភ្លើង៖
- សេវារថភ្លើង៖ សេវាដឹកអ្នកដំណើរតាមរថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ បានដាក់ឲ្យដំណើរការបណ្ដោះអាសន្នដោយឥតគិតថ្លៃ កាលពីអំឡុងខែមេសា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៨។ ក្រុមហ៊ុន Royal Railway ដែលវិនិយោគលើគម្រោងរថភ្លើងដឹកអ្នកដំណើរធុនស្រាល បានបញ្ជាក់ថា រថភ្លើងនឹងធ្វើដំណើរក្នុងល្បឿនដូចការធ្វើចរាចរតាមផ្លូវថ្នល់, ចំណាយពេលធ្វើដំណើរត្រឹមតែ ២០ ទៅ ៣០នាទី, អាចកាត់បន្ថយការកកស្ទះ និងចំណេញពេលវេលា, រថភ្លើងមានប្រព័ន្ធហ្វ្រាំងពិសេស ដើម្បីឈប់ដូចរថយន្តក្រុង, រថភ្លើងមានអ្នកបើកបរ ២នាក់, អាចដឹកអ្នកដំណើរបានប្រហែល ១ ០០០នាក់ក្នុងមួយថ្ងៃ។
- រថភ្លើងអាកាសគ្មានមនុស្សបើកទាំង ៤ខ្សែ នៅភ្នំពេញ៖ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-កម្ពុជា ហៅកាត់ (JICA) កំពុងសិក្សាលើសាងសង់រថភ្លើងលើអាកាសគ្មានមនុស្សបើក (AGT) ចំនួន៤ខ្សែនៅរាជធានីភ្នំពេញ។ ការសិក្សាបឋមនេះគ្រោងនឹងបញ្ចប់នៅមុនឆ្នាំ ២០១៨ និងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅឆ្នាំ២០១៩ និងបញ្ចប់នៅមុនឆ្នាំ២០២៣ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ក៏ដូចជារំដោះបញ្ហាកកស្ទះនៅភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ។
៤. សេវារថយន្តក្រុងសាធារណៈ៖ សេវារថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់លើកដំបូង កាលពីឆ្នាំ២០០១ តែទទួលបរាជ័យ។ លុះដល់ឆ្នាំ២០១៤ សាលារាជធានីភ្នំពេញ បានដាក់ឱ្យប្រើសេវារថយន្តក្រុងសាធារណៈម្ដងទៀត ទើបទទួលបានជោគជ័យ ហើយបន្តរហូតដល់សព្វថ្ងៃ។ ការដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈរបស់រដ្ឋនេះ គឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ៕
៥. សេវាដឹកជញ្ជូនតាមផ្លូវទឹក៖ មធ្យោបាយធ្វើដំណើរតាមផ្លូវទឹកដំបូងបង្អស់នៅកម្ពុជា បានចាប់ផ្ដើមដំណើរការជាផ្លូវការហើយ គឺពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ ការដាក់ឲ្យដំណើរការនាវាដឹកអ្នកដំណើរនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
៦. ភ្លើងស្ដុបឆ្លាតវៃ៖ ភ្លើងស្តុបថ្មីជាង ១០០កន្លែងក្នុងរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ក្រោមជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-កម្ពុជា ហៅកាត់ (JICA)។ ភ្លើងស្តុបចរាចរណ៍ថ្មីនេះ មានភ្ជាប់ប្រព័ន្ធ Sensor ដែលអាចដឹងថានៅលើផ្លូវយានយន្តតិច ឬច្រើន និងអាចកំណត់នាទីដោយស្វ័យប្រវត្តិ ដើម្បីសម្រួលដល់បញ្ហាកកស្ទះ។
វិបត្តិស្ទះចរាចរណ៍នៅតែមាន
បើទោះបីជាសមិទ្ធផលរបស់សាលារាជធានីភ្នំពេញបានលេចចេញជារូបរាង និងគ្រោងផែនការមេនាពេលខាងមុខនេះក្ដី ក៏ប៉ុន្តែ លោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា ផែនការខាងលើនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់រំដោះការកកស្ទះចរាចរណ៍ ព្រោះការប្រមូលផ្ដុំរោងចក្រនៅក្នុងក្រុងនៅតែមាន ការយឺតយ៉ាវរៀបចំសណ្ដាប់ធ្នាប់ជាពិសេសការរំដោះចិញ្ចើមផ្លូវ (ឃើញធ្វើដែរតែដូចវែកចក)។ អ្វីដែលកត់សម្គាល់ឃើញនោះ គឺកង្វះនគរបាលចរាចរណ៍នៅមាននៅឡើយ ដែលគេសង្កេតឃើញថា មានភ្លើងស្ដុបអត់ប៉ូលិស ហើយជាពិសេសនៅតំបន់ជាយក្រុង ដូចជា ផ្លូវវេងស្រេង ស្ទះខ្លាំង តែពុំសូវមានប៉ូលិសចរាចរណ៍ចុះទៅសម្រួល ដែលការកកស្ទះនៅតែមាន។
ដំណោះស្រាយការកកស្ទះចរាចរណ៍ ៥ឆ្នាំខាងមុខ
លោក សន ជ័យ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ការរៀបចំសណ្ដាប់ធ្នាប់ គឺជារឿងសំខាន់ ដូចជាការរំដោះចិញ្ចើមផ្លូវ ហើយការរំកិលរោងចក្រឲ្យចេញពីក្រុង ក៏ជារឿងសំខាន់មួយដែរ។ មួយទៀតសាលារាជធានីភ្នំពេញ បានផ្ដល់សេវាសាធារណៈ ដូចជារថយន្តក្រុងល្អហើយ ប៉ុន្តែ ការបន្ថែម សេវាដឹកជញ្ជូនបន្តមានតម្លៃធូរថ្លៃកាន់តែប្រសើរ ដែលជំរុញឲ្យមហាជនចង់ប្រើសេវារថយន្តក្រុង។ ជាពិសេសសេវាដឹកជញ្ជូនប្រពៃណី ដូចជា ស៊ីក្លូ ជាដើម។
បង្កើតចំណតសាធារណៈបន្ថែម
ចំណែក លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong ជាក្រុមហ៊ុនធ្វើការងារជំនាញខាងអចលនទ្រព្យនៅប្រទេសកម្ពុជា បានប្រាប់ Sabay ថា កំណើនវិស័យអចលនទ្រព្យ ជាពិសេសផ្នែកខុនដូ នៅភ្នំពេញ ឥតឈប់ឈរ នឹងធ្វើឲ្យកំណើនយានយន្តកើនឡើងដែរ ដែលទាមទារឲ្យមានកន្លែងចំណតឡានត្រឹមត្រូវ ដើម្បីរំដោះការកាកស្ទះចរាចរណ៍ តាមរយៈការចត ពាសវាលពាសកាល ជាដើម។
គិតចាប់ពីចុងឆ្នាំ ២០១៧ មកដល់ដើមឆ្នាំ ២០១៨ ខុនដូ ដែលបានសាងសង់រួចមានចំនួន ១៨០ អាគារ ហើយរំពឹងថា នឹងកើតមាន ២០-៣០ អាគារទៀតនៅឆ្នាំ ២០១៨នេះ។ នេះបើតាមការបញ្ជាក់ពីលោក ច្រឹក សុខនីម។
កំណើនខុនដូ កំណើនប្រជាជន កំណើនយានយន្ត ដូច្នេះវិបត្តិកន្លែងចតឡាននឹងកើតមាន ម៉្លោះហើយ អំឡុងពេល៥ ឆ្នាំទៀត អាចនឹងកើតមានមុខរបរថ្មីមួយទៀត គឺកន្លែងចតឡានបង់ប្រាក់ស្តង់ដារ ដូចនៅបណ្ដាប្រទេសជឿនលឿន ដូចជា ប្រទេសកូរ៉េខាងត្បូង និងប្រទេសហូលឡង់ ជាដើម។
កាលពីឆ្នាំ ២០១៤ ការសាងសង់ ខុនដូ មានជាង ៥០ គម្រោង ស្មើនឹង ១៧ ០០០-១៨ ០០០ បន្ទប់ ហើយនៅឆ្នាំ ២០១៦នេះ គឺមាន ៧៥ គម្រោង ស្មើនឹង ២ម៉ឺន ៥ពាន់បន្ទប់ ដែលបានប្រកាសផ្លូវការ។ កំណើននេះ នឹងបន្តកើនឡើងទៀត ដូច្នេះ វិបត្តិចំណតនឹងកើតមានឡើងមិនខាន។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យសំណង់សម្លឹងឃើញថា អាជីវកម្មសង់កន្លែងចតឡានបង់ប្រាក់ ស្តង់ដារ នឹងកើតមានឡើងនៅចន្លោះពេល ៣-៥ ឆ្នាំ ខាងមុខ។
ការផ្លាស់ប្ដូរម៉ោងធ្វើការ ម៉ោងរៀន
ទន្ទឹមនឹងការបង្កើនចំណតរថយន្តត្រឹមត្រូវនៅរាជធានី លោក ច្រឹក សុខនីម ក៏ចង់ឲ្យមានការផ្លាស់ប្ដូរម៉ោងធ្វើការគ្នាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ លោកបានធ្វើការកត់សម្គាល់ថា ពេលវេលាស្ទះចរាចរណ៍ច្រើនពេលព្រឹកនៅពេលនាំគ្នាចេញទៅធ្វើការ និងទៅរៀន។ ឯល្ងាចស្ទះ ព្រោះតែគ្រប់គ្នាបានសម្រាកពីការងារ និង ចេញពីការសិក្សាត្រលប់ទៅផ្ទះ។ ម៉្លោះហើយ ប្រសិនបើមានក្រុមហ៊ុនណាមួយ ឬមានផែនការណាមួយផ្លាស់ប្ដូរម៉ោងធ្វើការ ឬ រៀន កុំឲ្យជាន់គ្នា នោះក៏ជាផ្នែកមួយជួយមិនឲ្យកកស្ទះចរាចរណ៍ផងដែរ។
វិធានការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍
លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ធ្លាប់បាននិយាយប្រាប់ Sabay ថា ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ គឺ៖
ទី១ ការអប់រំគឺជាប្រការដ៏ចាំបាច់បំផុត ជាពិសេសកុមារដែលយើងចាំបាច់ ត្រូវតែធ្វើការអប់រំតាំងពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យដើម្បីបង្កើនឱ្យមានទម្លាប់ ឬវប្បធម៌ក្នុងការគោរពច្បាប់។
ទី២ ដើម្បីឱ្យប្រជាពលរដ្ឋជ្រាបដូចគ្នាយើងចាំបាច់ត្រូវតែមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមបណ្ដាញសារព័ត៌មាន។
ទី៣ យើងត្រូវតែពង្រឹងក្នុងការរៀនបើកបរនៅតាមសាលាបើកបបរ ហើយនឹងការប្រលងយកប័ណ្ណបើកបរត្រូវធ្វើឱ្យបានតឹងរឹង និងច្បាស់លាស់ទើបមានគុណភាពខ្ពស់ទើបប្រជាពលរដ្ឋអាចយល់ដឹងពីច្បាប់នឹងបានល្អប្រសើរ។
ការផ្លាស់ប្ដូរឥរិយាបថ និង ពង្រឹងច្បាប់ចរាចរណ៍
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ ឯកឧត្ដម រ៉ុន រ័ត្នវាសនា លើកឡើងថា ប្រជាពលរដ្ឋមួយភាគធំបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលមានប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់បានអនុវត្តឲ្យបានពេញលេញ។ ឯកឧត្ដមថា នេះមកពីឥរិយាបថមិនល្អរបស់អ្នកទាំងនោះ ដែលត្រង់ចំណុចនេះ ការអនុវត្តច្បាប់ឃាត់យានជំនិះទុករយៈពេលបីថ្ងៃនឹងត្រូវអនុវត្តន៍។ ទន្ទឹមនឹងមានការអនុវត្តច្បាប់ អ្នកប្រើប្រាស់ផ្លូវក៏ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ហើយមិនត្រូវទម្លាក់កំហុសតែលើភាគីណាមួយនោះទេ។
ស្រដៀងគ្នានេះ លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ចេញទស្សនៈថា ដើម្បីរំដោះការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ បានឲ្យដឹងថា ការអប់រំផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ពីហានិភ័យចរាចរណ៍ ពង្រឹងការអនុវត្តច្បាប់ ឲ្យបានជាប់លាប់ រៀបចំរំដោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់, បំពាក់នូវ គំនូសសញ្ញាចរាចរណ៍ឲ្យបានគ្រប់ផ្លូវ, បង្កើតឲ្យមាន App សម្រាប់ផ្ដល់ដំណឹងអំពីបញ្ហាការស្ទះផ្លូវ ព្រមទាំងបង្កើនកញ្ចប់ថវិកា សម្រាប់ទ្រទ្រង់សកម្មភាពសុវត្ថិភាពចរាចរណ៍ជាដើម។ "អ្វីដែលសំខាន់ជាងគេ គឺការផ្លាស់ប្ដូរឥរិយាបថអាក្រក់របស់អ្នកបើកបរ ដោយងាកមកគោរពច្បាប់ចរាចរណ៍ឲ្យបានច្រើន និងការរឹតបន្តឹងច្បាប់ គឺជាផ្លូវដ៏ល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ បានដោយប្រសិទ្ធភាព"៕