តំបន់​មួយ​នៅ​ភ្នំពេញ​អាជ្ញាធរ​ដាក់​ស្លាក​​ហាម​បង្ហោះ​ដ្រូន​

  • 2018-06-15 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុខ​បរិវេណ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ និង​សួន​ច្បារ​ជាប់​មាត់​ទន្លេ ​ចាប់​ពី​មុខ​វត្ត​ឩណ្ណា​លោម​​ រហូត​​​​ដល់​សាល​សន្និសីទ​ចតុមុខ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ដាំ​បង្គោល​ធ្វើ​ពី​ដែក​ដែល​មាន​រូប​ដ្រូន ដោយ​​សរសេរ​ជា​ភាសា​ខ្មែរ​ "ហាម​បង្ហោះ​ដ្រូន" និង​ជា​ភាសា​អង់គ្លេស “ NO TRONE ZONE ” ។ ស្លាក​នេះ​បញ្ចាក់​ន័យ​ថា​ តំបន់​នេះ​ហាម​មិន​ឲ្យ​បង្ហោះ​ដ្រូន។

​​រឿង​ស្រដៀងនេះ​ដែរ​កាល​ពី​ថ្ងៃ​ចន្ទ​​ដើម​សប្ដាហ៍​តំបន់​រមណីយដ្ឋាន​អង្គរ​ខេត្ត​សៀម​រាប​ក៏​ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​ចាត់​វិធាន​ការ​តឹង​រឹង​សម្រាប់​ចំពោះ​ការ​បង្ហោះ​ដ្រូន​នៅ​តំបន់​នេះ​ផង​ដែរ​។ ការ​បង្ហោះ​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុន​។

អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏នឹង​​រៀបចំ​ឲ្យ​មានការ​ដាក់​តាំង​ផ្ទាំង​ប៉ាណូ ការ​ដាក់​សញ្ញា​ហាមឃាត់​នៅ​លើ​បណ្ណ​ទស្សនា និង​ការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ទេសចរណ៍​ផង​ដែរ​។

បើ​តាម​សារព័ត៌មាន​ KleyKley ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ មិថុនា​កន្លង​ទៅ​​បាន​ស្រង់សំដី​របស់​ លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ស្តី​ពី​ការ​បង្ហោះ​ដ្រូន​នេះ​​ថា " កំណើន​នៃ​ដ្រូន​ក្នុង​តំបន់​អង្គរ​នេះ ជា​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​នានា បង្ក​ការ​រំខាន និង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ភ្ញៀវ​ទេសចរ​ថែម​ទៀត​​ផង​។ ម្យ៉ាង​វិញ​ទៀត ដ្រូន​ជា​បច្ចេកវិជ្ជា​ដ៏​ទំនើប ដែល​អាច​បង្ក​ភាព​ងាយស្រួល ដល់​ក្រុម​ភេរវកម្ម​ក្នុង​ការ​បំផ្លាញ​ដល់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក។​ " ៕

​​​

អត្ថបទ៖ លន ហ្សាឌីណា