911 Carrera T ស្រាល​ជាង​មុន តែ​ជាន់​ដូច​ព្យុះ​មិន​បាច់​ភ័យ​គ្រវីគ្រវាត់

  • 2018-07-10 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Porsche បាន​បញ្ចេញ​រថយន្ត​ស្ព័រ​ជំនាន់​ថ្មី 911 Carrera T ដែល​អភិវឌ្ឍ​រូបរាង​ចេញ​ពី​ 911 T ជា​រថយន្ត​កេរដំណែល​ដែល​ Porsche បាន​ចេញ​លក់​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។ សប្ដាហ៍​មុន​ក្រុមហ៊ុន​ផលិត​ឡាន​របស់​អាល្លឺម៉ង់ ទើប​តែ​ហៅ​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​ក្នុង​ប្លុក​អាស៊ាន តេស្ត​បើកបរ​ដោយ​ប្រើប្រាស់​ដង​វិថី​ក្នុង​ទីក្រុង​ប្រទេស​ដែន​កោះ​សិង្ហបុរី​ជា​ទីលាន​បើក​សាកល្បង​ផ្ទាល់​ ដោយ​មានការ​បើក​កាត់​​ទីក្រុង​ ទីប្រជុំជន និង​តំបន់​សំខាន់​ៗ​នៃ​ប្រទេស​ខ្លា​សេដ្ឋកិច្ច​អាស៊ី​នេះ។

រំលេច​ដោយ​ពណ៌​លឿង​ស្រស់យ៉ាង​ពិសេស​ ទាំង​ការ​ដេគ័រ​ផ្នែក​ខាង​ក្នុង​និង​ខាងក្រៅ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ស័ក្កសម​តម្លៃ​ម៉ាក​រថយន្ត​ល្បី​នេះ។ គន្លឹះ​ទ្វារ​បិទ​បើក​ខាង​ក្នុង​ ត្រូវ​បាន​រចនា​ជា​ខ្សែ​ទាញ​ដូច​ប្រភេទ​ឡាន​ប្រណាំង។ កៅអី​ទាំង​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ រចនា​បន្ថែម​ឡូហ្គោ 911 ពណ៌លឿង​ជា​អត្តសញ្ញាណ​រថយន្ត​នេះ។ Porsche Carrera T ជា​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បញ្ជា​ដោយ​កង់​ក្រោយ ជា​ជម្រើស​ស្តង់ដា​នៃ​ត្រកូល 911 Carrera។

Porsche 911 Carrera T គឺ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រថយន្ត​ប្រភេទ​ស្ព័រ​ម៉ាស៊ីន​កម្លាំង​ខ្លាំង សម្រាប់​បើកបរ​លក្ខណៈ​កម្សាន្ត​អារម្មណ៍ (Touring)។ បាន​អភិវឌ្ឍ​ទម្ងន់​ស្រាល​ជាង​ជំនាន់​ត្រកូល 911 ផ្សេង​ទៀត ត្រឹម ១ ៤២១ គីឡូក្រាម។ ទម្ងន់​តួ​ស្រាលជាង​មុនពិត​មែន​ តែ​មិន​បាច់​ភ័យ​ទេទោះ​បី​បើក​​ក្នុងល្បឿន​លឿន​ដល់​កុងទ័រ ១០០ គឺ​មិន​គ្រវីគ្រវាត់​​ចាញ់​ខ្យល់​នោះ​ទេ ដោយសារ​វា​មាន​ប្រព័ន្ធ​ទប់​លំនឹង​​បាន​យ៉ាង​ល្អ។ សន្ទុះ​ល្បឿន​អាច​ជាន់​ពី ០ ទៅ ១០០ ប្រើ​ពេល​ត្រឹម ៤.៥ វិនាទី​ប៉ុណ្ណោះ និង​អាច​រត់​ដល់​ល្បឿន​អតិបរមា ២៩១ គីឡូម៉ែត្រ/ម៉។

Porsche 911 Carrera T បាន​បំពាក់​ម៉ាស៊ីន Boxer ៣.០Twin-Turbocharged កម្លាំង ៣៧០ សេះ។ កម្រិត​ស៊ីសាំង ១០០ គីឡូម៉ែត្រ ស៊ី​ប្រហែល ៩ លីត្រ។ ត្រកូលនេះ​បាន​ប្រើប្រាស់​​ប្រព័ន្ធ​ហ្រ្វាំង Porsche Ceramic Composite Brake (PCCB) ជា​ប្រភេទ​សេរ៉ាមិច​ មាន​ទម្ងន់​ស្រាល អាច​ឱ្យ​រថយន្ត​ចាប់​ហ្វ្រាំង​ឈប់​ង៉ក់​ជាប់ ទោះកំពុង​រត់​ក្នុង​ល្បឿន​លឿន​​យ៉ាង​ណា​ក៏​ដោយ​។

រថយន្ត​ប្រភេទ​ពីរ​កៅអី​របស់ Porsche នេះ ក៏​មាន​ពោង​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​នៅ​ខាង​មុខ រួម​ទាំង​ប្រព័ន្ធ​ការពារ​ការ​បុក​ទង្គិច​ពី​ចំហៀង Side Impact Protection System (POSIP)។ វា​​បាន​ភ្ជាប់​ប្រព័ន្ធ​ភ្លើង Dynamic Light System (PDLS) ដែល​អាច​សារ៉េ​ពន្លឺ​បត់បែន​ទៅ​តាម​ស្ថានភាព​ផ្លូវ។

Porsche 911 Carrera T តម្លៃ​ចាប់​ពី ១១០ ០០០ ដុល្លារ។ ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ក្រុមហ៊ុន Precision Cambodia ដែល​នាំ​ចូល​ចែកចាយ​ផ្តាច់​មុខ​រថយន្ត Porsche ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី