អាណិត​លោក លាង ឧត្ដម ចេញ​មុខ​រក​ជំនួយ​ជួយ​សង្ឃ​នៅ​វត្ត​ទឹក​វិល ដាច់​ចង្ហាន់ ឆាន់​ខ្នុរ

  • 2018-07-20 03:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ ក៏​ដូច​ជា​ពុទ្ធ​បរិស័ទ កំពុង​ស្លុត​ចិត្ត​ក្រោយ​ឃើញ​ទិដ្ឋភាព​វត្ត​មួយ​មាន​ឈ្មោះ​ថា "វត្ត​ទឹក​វិល" ត្រូវ​ទឹក​ជន​លិច ព្រះសង្ឃ​ដាច់​ចង្ហាន់ ឆាន់​ខ្នុរ​ ជំនួស​បាយ រហូត​តារា​សម្ដែង លាង ឧត្ដម បង្ខំ​ចិត្ត​ចេញ​មក​ប្រកាស​រក​ជំនួយ​ជួយ​លោក​នា​ថ្ងៃ​នេះ។

វត្ត​ទឹក​វិល​ស្ថិត​ក្នុង​ឃុំ កំពង់​គ្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ តាម​លោក លាង ឧត្ដម ដែល​បាន​ទៅ​ឃើញ​ទិដ្ឋភាព បាន​ឲ្យដឹង​ថា ព្រះសង្ឃ​បាន​ជួប​ការ​លំបាក​ហើយ​នា​ពេល​នេះ ទី​១ ដោយ​សារ​ទឹក​ជន់​លិច និង​ទី​២ គឺ​ដាច់​ចង្ហាន់ ដល់​ថ្នាក់​ឆាន់​ផ្លែ​ខ្នុរ​​ជំនួស​បាយ។

“ដោយ​សារ​តែ​អីចឹង​ហើយ បាន​ខ្ញុំ​ដាច់​ចិត្ត​ចេញ​មុខ​ប្រកាស​រក​ជំនួយ​ជួយ​លោក​ខ្លះ ហើយ​មក​ដល់​ពេល​នេះ ទទួល​បាន​ជំនួយ​ខ្លះ​ៗ​ហើយ​បង!”។ លាង ឧត្ដម បន្ថែម។

តារា​ប្រុស​រូប​នេះ​បន្ត​ថា លោក​ធ្លាប់​ទៅ​ថត​ភាពយន្ត​នៅ​ភូមិ​សាស្ត្រ​ជិត​វត្ត​ទឹក​វិល​នេះ លោក​បាន​ដឹង​ថា វត្ត​នេះ លោក​ពុំ​សូវ​មាន​ភាព​បរិបូរណ៍​នោះ​ទេ ពោល​គឺ​ខ្សត់​ខ្សោយ ហើយ​នា​ពេល​នេះ​ទៀត បន្ទាប់​ពី​ទឹក​លិច​ថែម​ទៀត ធ្វើ​ឲ្យ​លោក​ដាច់​ចង្ហាន់​តែ​ម្ដង។

ដូច្នេះ​ហើយ ជួស​មុខ​អោយ​ព្រះ​ចៅ​អធិការ និង​ព្រះសង្ឃ​នៅ វត្ត​ទឹកវិល​ទាំង​អស់ សូម​អំពាវ​នាវ​ដល់​សម្ដេច ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ពុក​ម៉ែ​បងប្អូន សិល្បករ សិល្ប​ការិនី ទាំង​ក្នុង និង​ក្រៅ​ប្រទេស ចូល​រួម​ជួយ​ជា​ចង្ហាន់​ក្ដី ថវិកា​ក្តី ជា​គ្រឿង​ឧបភោគ បរិភោគ​ដូច​ជា​ត្រីងៀត ត្រី​ឆ្អើរ សាច់ ទឹក​ត្រី ប៊ីចេង ស្ករ មី អង្ករ ដើម្បី​ទទួល​យក​អានិសង្ស​តាម​កម្លាំង​សន្ធា​រៀង​ៗ​ខ្លួន ព្រោះ​ពេល​នេះ លោក​ជួប​ការ​លំបាក​ហើយ។

លោក លាង ឧត្តម បញ្ជាក់​ថា បច្ចុប្បន្ន​ ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ទឹក​វិលខាង​លើ​ មាន​ទាំង​អស់ចំនួន ១២​អង្គ៕

រូបភាព៖ ហ្វេសប៊ុក លាង ឧត្តម

អត្ថបទ៖ ទារិកា

អត្ថបទថ្មី