ទៀត​ហើយ! Miley Cyrus និង Liam Hemsworth កំពុង​តែ​ត្រូវ​គេ​សង្ស័យ​ថា​ចែក​ផ្លូវ​គ្នា

  • 2018-07-20 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៩​ម្សិល​មិញ​នេះ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ចែក​ផ្លូវ​គ្នា​ហើយ​ ដោយ​សារ​តែ​មិន​យល់​ស្រប​គ្នា​ពី​គម្រោង​រៀប​ការ​និង​យក​កូន។ ព័ត៌មាន​នេះ​បាន​លេច​ឮ​ដំបូង​គេ​ពី OK! Australia បន្ទាប់​មក​ក៏​សាយ​ភាយ​ទៅ​ដល់​សារព័ត៌មាន​ផ្សេងៗ​ទៀត​ដូច​ជា Daily Star, The Daily Mail, The Sun, Mirror និង Elle ជា​ដើម​ ជា​បន្ត​បន្ទាប់។

បើ​យោង​ទៅ​តាម​ពាក្យ​ចចាមអារ៉ាម​ Miley សម្រេច​ចិត្ត​លុប​ចោល​ការ​រៀប​ការ​និង​ចែក​ផ្លូវ​ជាមួយ Lima Hemsworth។​ នេះ​ដោយ​សារ​តែ​មាន​ប្រភព​មួយ​បាន​បញ្ជាក់​ថា "Miley បាន​សម្រេច​ចិត្ត​លុប​ចោល​ការ​រៀប​ការ ហើយ​ Liam ក៏​ហត់​នឿយ​និង​រឿង​នេះ​ ដោយ​សារ​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពួក​គេ​មិន​សូវ​ជា​ចុះ​សម្រុង​គ្នា​ប៉ុន្មាន​ទេ។ Miley មិន​ចង់​រៀប​ការ​ទេ ហើយ​នេះ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ព្យាយាម​រំឭក Liam កុំ​ឲ្យ​សង្ឃឹម​លើ​ Miley ខ្លាំង​ពេក​ ឥឡូវ​នេះ​លោក​​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ជា​មនុស្ស​ល្ងង់"។

កាល​ពី​សប្ដាហ៍​មុន Miley ស្រាប់​តែ​លុប​ចោល​​អ្វី​ទាំង​អស់​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​នាង ដែល​មាន​អ្នក​ Follow ដល់​ទៅ​ជិត​៨០​លាន​នាក់​។ មនុស្ស​ជា​ច្រើន​គិត​ថា​ នេះ​ដោយ​សារ​តែ​ តារា​រូប​នេះ​ជិត​បញ្ចេញ​អាល់ប៊ុម​ថ្មី ប៉ុន្តែ​អ្នក​ខ្លះ​ក៏​កត់​សម្គាល់​ថា​នាង​ប្រហែល​ជា​មិន​សប្បាយ​ចិត្ត​ដោយ​សារ​រឿង​អ្វី​មួយ។

អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ឆ្នាំ ២០០៩ ហើយ​ក៏​បែក​បាក់​ម្ដង​ទៅ​ហើយ​កាល​ពី​ឆ្នាំ ២០១៣ និង​ត្រូវ​គ្នា​វិញ​​នៅ​ឆ្នាំ ២០១៦ ដល់​ថ្នាក់​ Miley សរសេរ​បទ "Malibu” សម្រាប់​អនុស្សាវរីយ៍​របស់​ពូក​គេ​។ សម្រាប់​ពេល​នេះ​តារា​ទាំង​ពីរ​រូប​មិន​ទាន់​មាន​ ប្រតិកម្ម​អ្វី​ជុំ​វិញ​ពាក្យ​ចចាមអារ៉ាម​នេះ​នៅ​ឡើយ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ