តួអង្គ "Thor” កំពុង​ត្រៀម​ថត​ភាពយន្ត​ថ្មី​បែប​ចាប់​ជំរិត​របស់ Netflix

  • 2018-08-31 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ថត​ភាពយន្ត​ជា​ច្រើន​ឲ្យ​ផលិតកម្ម​យក្ស​ Marvel ពេល​នេះ​ តារា​សម្ដែង Chris Hemsworth កំពុង​តែ​ត្រូវ​ប៉ាន់​ដោយ​តែង​តែ​មាន​គម្រោង​ភាពយន្ត​ថ្មីៗ​មិន​ឈប់​ឈរ។ ថ្មីៗ​នេះ​ក្រុមហ៊ុន​ចែក​ចាយ​សេវា​មើល​ភាពយន្ត​តាម​អ៊ីនធឺណិត​ Netflix បាន​ប្រកាស​គម្រោង​ថត​ភាពយន្ត​ថ្មី​ចំណង​ជើង​ថា "Dhaka” ដែល​​តារា​រូប​រាង​មាំ​សាច់ដុំ​កង់ៗ​នេះ​សម្ដែង​ជា​តួ​ឯក។

ចំពោះ​សាច់​រឿង​ផ្សេងៗ​ពាក់ព័ន្ធ​ភាពយន្ត​នេះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​វា​គឺ​ជា​ភាពយន្ត​បែប​វាយ​តប់​បាញ់​ប្រហារ​ ដែល​និយាយ​អំពី​បុរស​ម្នាក់​មាន​បេសកកម្ម​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​សញ្ជាតិ​ឥណ្ឌា​មួយ​រូប​ ត្រូវ​បាន​គេ​ចាប់​ជំរិត។

​លោក Joe Russo ដែល​ជា​​អ្នក​ដឹក​នាំ​រឿង​ "Avengers: Infinity War” ជា​អ្នក​សរសេរ​ប៉ារ៉ូល​សាច់​រឿង​ ចំណែក​ឯ​លោក Sam Hargrave ដែល​ធ្លាប់​តែ​សម្ដែង​ជា​តួអង្គ​ជំនួស "Stunt” នឹង​​បង្ហាញ​ស្នាដៃ​ជា​អ្នក​ដឹក​នាំ​រឿង​ដំបូង​។

ខណៈ​ពេល​នេះ Chris មាន​ភាពយន្ត​ជា​ច្រើន​ប្រុង​នឹង​បញ្ចេញ​ដូច​ជា​រឿង "Avengers 4” នៅ​ថ្ងៃ​ទី ៣​ខែ​ឧសភា​ឆ្នាំ ២០១៩ ព្រម​ទាំង​រឿង "Bad Times at the El Royale” បញ្ចេញ​ថ្ងៃ​ទី​១២​ខែ​តុលា​ឆ្នាំ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​កំពុង​តែ​ថត​រឿង​ "Men In Black” វគ្គ​ថ្មី​ផង​ដែរ៕​

ប្រភព៖ Comingsoon   ប្រែ​សម្រួល៖ ធារ៉ូ