Van der Sar មិន​ចាប់​អារម្មណ៍​នឹង​តំណែង​ធំ​នៅ​អតីត​ក្លឹប

  • 2018-09-10 11:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប Manchester United អតីត​អ្នក​ចាំ​ទី​ Edwin Van der Sar ក្នុង​ថ្ងៃ​នេះ បាន​ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ខ្លួន​ចង់​ទៅ​កាន់​តួនាទី​ជា​នាយក​ផ្នែក​បាល់ទាត់​នៅ​ក្លឹប​បិសាច​ក្រហម។

Van der Sar ដែល​សព្វ​ថ្ងៃ​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្លឹប Ajax បាន​និយាយ​ថា៖ "ខ្ញុំ​បាន​ឮ​ព័ត៌មាន​មួយ​ចំនួន​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ខ្ញុំ​នឹង​ទៅ​ចូល​រួម​ Manchester United គឺ​មិន​ពិត​ទាល់​តែ​សោះ។ ខ្ញុំ​មាន​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​ទៀត​នៅ Ajax។ ក្លឹប​មួយ​នេះ គឺ​ជា​ក្លឹប​របស់​ខ្ញុំ។ ខ្ញុំ​ចង់​បន្ត​រួម​រស់​នៅ​ទី​នេះ យូរ​ឆ្នាំ​ទៅ​មុខ​ទៀត។ ខ្ញុំ​ចង់​ឲ្យ​ក្លឹប​មួយ​នេះ​បន្ត​លូត​លាស់ និង​ជោគជ័យ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Van der Sar បាន​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម​ពី​ឆ្នាំ ២០០៥ ដល់​ ២០១១។ អតីត​កីឡាករ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​ក្លឹប​មួយ​នេះ ចាត់​ទុក​ថា​ជា​វីរបុរស ដោយ​សារ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​អតីត​អ្នក​ចាំ​ទី ក្នុង​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប។ ក្នុង​រយៈ​ពេល ៦ ឆ្នាំ លេង​ឲ្យ​ក្លឹប Van der Sar លេង​បាន​សរុប ២៦៦ ប្រកួត ឈ្នះ​ពាន Premier League ៤ លើក និង Champions League ១ លើក។

ទោះ​ជា​យ៉ាង​ណា អតីត​អ្នក​ចាំ​ទី​ក៏​មាន​ប្រវត្តិ​យូរ​លង់​ជាមួយ​ក្លឹប​ហុល្លង់ Ajax ផង​ដែរ។ កីឡាករ​បាន​ចាប់​អាជីព​លេង​ក្នុង​ឈុត​ធំ​ដំបូង​ឲ្យ​ក្លឹប​មួយ​នេះ ពី​ឆ្នាំ ១៩៩០ ដល់ ១៩៩៩ (លេង​សរុប​បាន ៣១២ ប្រកួត)។ នៅ​ឆ្នាំ ២០១២ ពោល​គឺ​មួយ​ឆ្នាំ​ក្រោយ​អតីត​កីឡាករ​ចូល​និវត្តន៍ ក្លឹប Ajax បាន​ផ្ដល់​តួនាទី​នាយក​ផ្នែក​ទី​ផ្សារ​ឲ្យ Van der Sar។ ៤ ឆ្នាំ​ក្រោយ​មក អតីត​កីឡាករ​ត្រូវ​បាន​ដំឡើង​ជា​នាយក​ប្រតិបត្តិ​របស់​ក្លឹប៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី