ក្បួន​ត្រៀម​ទប់ទល់កំពូល​ព្យុះ​​របស់​ចិន​មិនធម្មតា ដូច​​ត្រៀម​ប្រយុទ្ធ​នឹង​សត្រូវ​ធំ

  • 2018-09-15 03:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ពន្លត់​អគ្គិភ័យ ២ ម៉ឺន​នាក់ ទូក​ត្រៀម​សង្គ្រោះ ៦០០ គ្រឿង​បណ្តែត​ពេញ​ផ្ទៃ​ទឹក និង យន្តហោះ​ដ្រូន ១១៣ គ្រឿង បាន​ដាក់​ពង្រាយ​នៅ​ខេត្ត​ក្វាងទុង និង ហៃណាន​ ប្រទេស​ចិន ដើម្បី​ត្រៀម​សង្រ្គោះ​នៅ​ពេល​មាន​ព្យុះ​នៅ​ថ្ងៃ​ស្អែក​។ នេះ​បើ​តាម The South China Morning Post ចុះ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ។

ទូក​សង្គ្រោះ​ត្រៀម​ទទួល​​កំពូល​ព្យុះ​ម៉ាង​ឃុត នៅ​ខេត្ត​ហៃណាន

ព្យុះ​ទីហ្វុង​ម៉ាងឃុត នឹង​បោកបក់​មក​លើ​ខេត្ត​ក្វាងទុង និង ហៃណាន​​ចាប់​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ដល់ ព្រឹក​ថ្ងៃ​ចន្ទ។ កំពូល​ព្យុះ​ទីហ្វុង​នេះ មាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់តាំង​ពី​ឆ្នាំ​១៩៤៦​មក ដែល​មាន​ល្បឿន​រហូត​ដល់​ ២៤០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

អាជ្ញាធរ​ខេត្ត​ខាង​លើ​ក៏​បាន​បញ្ជា​ឲ្យ​បើក​អាង​ស្តុក​ទឹក​ដើម្បី​កាត់​បន្ថយ​ការ​គម្រាម​កំហែង​នៃ​ជំនន់​ទឹក​ភ្លៀង​ដែល​​បណ្តាល​មក​ពី​ព្យុះ​យក្ស​​ម៉ាង​ឃុត។

រដ្ឋបាល​ឧតុនិយម​ចិន​បាន​និយាយ​ថា ព្យុះ​នេះ​នឹង​បោកបក់​២​ដង ដោយ​ម្តង​​ស្ថិត​ក្នុង​ល្បឿន​ពណ៌​លឿង ជា​កម្រិត​មិន​សូវ​ខ្លាំង និង ម្តង​ទៀត​បោក​បក់​ក្នុង​ល្បឿន​ពណ៌​ទឹកក្រូច​ជា​ល្បឿន​ខ្លាំងក្លា​បំផុត។

រដ្ឋាភិបាល​ចិន​បាន​ត្រៀម​​បន្លែ​ជាង ១ ៣០០ តោន​ដើម្បី​​ទុក​ផ្គត់ផ្គង់​រយៈ​ពេល​៣​ថ្ងៃ​អំឡុង​ពេល​និង​ក្រោយ​ព្យុះ​កំណាច​នេះ​កើត​មាន។

ព្យុះ​ទីហ្វុង​ម៉ាងឃុត នឹង​​បោក​បក់​ទៅ​លើ​ប្រទេស​ហ្វីលីពីន និង តៃវ៉ាន់​នៅ​ថ្ងៃ​សៅរ៍​នេះ ​បន្ត​ទៅ​ហុងកុង និង កោះ​ហៃណាន និង ខេត្ត​ក្វាងទុង​ភាគ​​ខាង​ត្បូង​ប្រទេស​ចិន មុន​នឹង​ទៅ​អស់​ឥទ្ធិពល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខ លាងហ៊ត