តួអង្គ Thor កំពុង​​សាង​សង់​ភូមិគ្រឹះ​តម្លៃ​ខ្ទង់​៨​លាន​ដុល្លារ​ធំ​ខ្លាំង​មើល​តែ​ផ្សារ​ទំនើប

  • 2018-09-26 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង តាម​រយៈ​អាជីព​ជា​តារា​សម្ដែង​ ពេល​នេះ​ Chris Hemsworth ល្បី​ឈ្មោះ​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ​ Thor នៅ​ពិភព​ភាពយន្ត​ Marvel ទើប​តែ​ចាប់​ផ្ដើម​សាង​សង់​ភូមិ​គ្រឹះ​មួយ​តម្លៃ​ដល់​ទៅ​៨​​លាន​ដុល្លារ​ឯណោះ។ ភូមិ​គ្រឹះ​នេះ​មាន​ទីតាំង​នៅ​ក្បែរ​តំបន់ Byron Bay ប្រទេស​អូស្ត្រាលី​ ដែល​ទីតាំង​នោះ​ពិត​ជា​ល្អ​ខ្លាំង​ ព្រម​ទាំង​ភូមិគ្រឹះ​នេះ​មាន​ទំហំ​យ៉ាង​មហិមា។​

ទីដ្ឋភាព​ភូមិគ្រឹះ​កំពុង​តែ​សាងសង់

ភូមិ​គ្រឹះ​នឹង​ប្រមូល​ផ្ដុំ​នូវ​ទីតាំង​ពិសេស​ៗ​ដូច​ជា អាង​ទឹក​លើ​ដំបូល (Infinity Pool) កន្លែង​ហាត់​ប្រាណ បន្ទប់​ស្ទីម​និង​ស្ប៉ា​​ អាង​ទឹក​ធម្មតា​ធំ​មួយ​ទៀត​ បន្ទប់​គេង​ចំនួន​៦​ បន្ទប់​ថត​សំឡេង​ឬ​ការងារ​ផ្សេងៗ​ពាក់​ព័ន្ធ​ Media ព្រម​ទាំង​បន្ទប់​សម្រាប់​លេង​វីដេអូ​ហ្គេម។

ភូមិ​គ្រឹះ​​នេះ​ជា​កម្មសិទ្ធិ​របស់ Chris និង​ភរិយា​ Elsa Pataky ព្រម​ទាំង​កូនៗ Tristan, Sasha និង India Rose។ អចលនទ្រព្យ​នេះ​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ឆ្នាំ ២០១៦មក​ម្ល៉េះ ដោយ​ទីតាំង​នេះ​ធ្វើ​ឡើង​ក្រោយ​បំផ្លាញ​ចោល​​ភូមិ​គ្រឹះ​ដែល​មាន​បន្ទប់​គេង​៨​និង​បន្ទប់​ទឹក​១១​ នេះ​បើ​តាម​សារព័ត៌មាន Mail Online។

លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ភូមិគ្រឹះ​នេះ​គឺ​ វា​មាន​ទីតាំង​នៅ​ជិត​សមុទ្រ​ខ្លាំង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​រស់​នៅ​តំបន់​ក្បែរៗ​នោះ​ខ្លះ​ក៏​បាន​​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ថា ភូមិគ្រឹះ​នេះ​ធំ​ពេក​មើល​តែ​ផ្សារ​ទំនើប​មិន​មែន​ជា​ផ្ទះ​សម្រាប់​ស្នាក់​នៅ។ គូស​បញ្ជាក់​ដែរ​ថា​ទី​តាំង​នេះ​ក៏​ជា​ទី​លំនៅ​របស់​តារា​ល្បីៗ​ដូច​ជា Miley Cyrus, Matt Damon, Naomi Watts និង Olivia Newton-John ផង​ដែរ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ