អ្នកនិពន្ធបទ "ភ្ជុំបិណ្ឌនឹកស្រុក" ឆ្លើយតបវិញ ក្រោយបទខ្លួនប្រឈមនឹងការបិទ
- 2018-10-04 05:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធបទ "ភ្ជុំបិណ្ឌនឹកស្រុក" ឆ្លើយតបវិញ ក្រោយបទខ្លួនប្រឈមនឹងការបិទ
ចន្លោះមិនឃើញ
អ្នកនិពន្ធទំនុកច្រៀងបទ "ភ្ជុំបិណ្ឌនឹកស្រុក" លោក ងួន សុបិន្ត បានចេញមុខឆ្លើយតបវិញនៅថ្ងៃនេះ បន្ទាប់ពីបទចម្រៀងរបស់ខ្លួនដែលចេញលើទីផ្សារយូរឆ្នាំហើយ ប្រឈមនឹងការបិទលែងឲ្យចាក់ផ្សាយ។
“វាដូចជាអត់មានប្លែកទេបង គាត់គិតតែមួយជ្រុង...ខ្ញុំកំពុងឆ្ងល់...ថាតើសុំបិទរឿងអី...ហើយបទខ្ញុំហ្នឹងមិនមែនទើបនឹងចេញទេ គឺចាញ់តាំងយូរហើយ បើចង់បិទ ក៏មិនបិទតាំងពីយូរ ហេតុអីទើបមកប្រតិកម្មឥឡូវនេះ"។ សុបិន្ត បន្តថា បទរបស់លោក មិនសំដៅជាទូទៅទេ គឺគ្រាន់ចង់បង្ហាញរឿងរ៉ាវខ្លះ ដែលថា អាចមានរោងចក្រខ្លះបើក ខ្លះអាចមិនបើកប្រាក់ខែទាន់ឲ្យកម្មករប៉ុណ្ណោះ។
បទ "បិណ្ឌភ្ជុំនឹកស្រុក" ច្រៀងដោយលោក ម៉ៅ ហាជី ចេញលើទីផ្សារតាំងពីប្រមាណជាង២ឆ្នាំមុន ពោលគឺតាំងអ្នកនិពន្ធ នៅជាបុគ្គលិករបស់ថោនម្ល៉េះ ប៉ុន្តែបច្ចុប្បន្នលោកបានចាកចេញពីផលិតកម្មនេះប្រមាណ ២ឆ្នាំហើយ។ បទនេះ ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើកាលពីម្សិលមិញ សុំក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយ។
ក្រសួងការងារ លើកឡើងថា អត្ថន័យ និងឃ្លាមួយចំនួនធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ និងផ្ដល់កិច្ចគាំពារដល់កម្មករ និយោជិត ត្រង់ឃ្លា "កម្មករនិយោជិត មិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករ និយោជិត មិនបានទៅស្រុកកំណើតទៅលេងម៉ែពុក បានត្រឹមតែស្រក់ទឹកភ្នែក ហើយបានទូរសព្ទប្រាប់ម៉ែពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត"។
ជុំវិញបញ្ហានេះ គេនៅមិនទាន់ឃើញក្រសួងទាំងពីរឆ្លើយតបយ៉ាងណានៅឡើយទៅនឹងការស្នើសុំរបស់ក្រសួងការងារ គិតត្រឹមម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី ៤ តុលា ២០១៨នេះ។ រដ្ឋមន្ត្រី នៃក្រសួងទាំងពីរ ក៏មិនទាន់អាចទំនាក់ទំនងបានដែរ។
បើទោះចម្លើយតបក្រសួងទាំងពីរវិជ្ជមានចំពោះការស្នើសុំក៏ដោយ លោក ងួន សុបិន្ត បញ្ជាក់ថា លោកមិនសោកស្ដាយអ្វីឡើយចំពោះស្នាដៃរបស់លោកមួយនេះ។ "មិនដឹងសោកស្ដាយធ្វើអីផងបង ព្រោះវាមិនមានបញ្ហាអីផង បទចេញពីតាំងយូរហើយ គេអ្នកច្រៀង ក៏គេច្រៀងរកលុយបានឆ្អែតហើយ ហើយគេក៏ស្គាល់ច្រើនទៀតហើយ គាត់ទើបនឹងមកប្រតិកម្ម អីចឹងស្ដាយធ្វើអី!”។
ងាកមកលោក មាស សុខរតនៈ ជានាយកគ្រប់គ្រងផលិតកម្មថោនវិញ មិនបានសម្ដែងប្រតិកម្មអ្វីឡើយ ចំពោះបញ្ហាដែលកើតឡើងចំពោះបទចម្រៀងរបស់ខ្លួន ពោលគឺលោកមិនបានឆ្លើយតបទេ ចំពោះការសាកសួរតាមរយៈសារអេឡិចត្រូនិកទៅលោកនាព្រឹកនេះ បើទោះលោកបានឃើញហើយក៏ដោយ៕