អាណិត លាង ឧត្តម ទៅ​ច្រៀង​ការ​គេ​ត្រូវ​ចោរ​ធ្វើ​ស៊ី​អស់​ទ្រព្យ​ជាប់​ខ្លួន​យ៉ាង​ច្រើន!

  • 2018-11-06 03:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លាង ឧត្តម បាន​ពោល​ពាក្យ​សោកស្ដាយ​ខ្លាំង ក្រោយ​ពី​ទ្រព្យ​ជាប់​ខ្លួន​មួយ​ចំនួន​ធំ ត្រូវ​បាន​ចោរ ធ្វើ​ស៊ី​លោក​យក​អស់ ក្នុង​ពេល​លោក​ទៅ​បំពេញការងារ ច្រៀង​ការ​គេ​នៅ​ទីក្រុង​កោះ​ពេជ្រ។

សាមី​ខ្លួន បាន​បញ្ជាក់​ថា ហេតុការណ៍​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ពេល​ដែល​លោក​បាន​ទៅ​ច្រៀង​ការ​គេ​នៅ​ទីក្រុង​កោះ​ពេជ្រ និង​បាន​ចត​រថយន្ត​នៅ​ខាង​ក្រៅ។ ស្រាប់​តែ​ពេល​ចេញ​មក​វិញ រថយន្ត​របស់​លោក​ត្រូវ​បាន​ចោរ​គាស់ យក​ឥវ៉ាន់​នៅ​ក្នុង​ឡាន។ "ខ្ញុំ​មក​ទាន់ដែរ តែ​ខ្ញុំ​អត់​ហ៊ាន​សុំ​ឆែក​បេ​(ការុង)វា​មើល ព្រោះ​វា​មាន​គ្នា​ច្រើន​ពេក!"។

របស់​ទ្រព្យ​ដែល​បាត់​មាន​ដូច​ជា សំលៀកបំពាក់​មួយ​ចំនួន​ធំ ចិញ្ជៀន កាបូប​ល្អ​ៗ វ៉ែនតា ទឹក​អប់ និង​ទូរសព្ទ​ដៃ​ជា​ដើម។ “ហ៊ឺ...សោក​ស្ដាយ​ណាស់​បង...និយាយ​ទៅ គឺ​អស់​ច្រើន​តែ​ម្ដង បាត់​អស់​ច្រើន​ជាង​គេ គឺ​ខោអាវ ដែល​ទុក​សម្រាប់​ស្លៀក​ចេញ​ធ្វើ​ការ គឺ​អស់​ច្រើន...និយាយ​ទៅ​ស៊យ​ណាស់​បង​អើយ ស៊យ​ណាស់​ខែ​ហ្នឹង!”។ លាង ឧត្តម ថ្លែង។

លាង ឧត្តម បាន​ជួប​រឿង​មិន​សម​ប្រកប​ជា​ច្រើន ក្នុង​១​ខែ​ចុង​ក្រោយ​នេះ ក្នុង​នោះ មុន​មក​ជួប​ករណី​ចោរ​កម្ម​របស់​ទ្រព្យ​យ៉ាង​ច្រើន​ខាង​លើ លោក​ក៏​ទើប​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែរ ដោយ​មាន​ម៉ូតូ​អ្នក​ដំណើរ​បើក​បរ​ដោយ​ស្ត្រី​មាន​គភ៌​មក​បុក​ជាមួយ​រថយន្ត​របស់​លោក បណ្ដាល​ឲ្យ​បែក​អស់​ស្ដុប​មុខ​មួយ។ "គាត់​ជិះ​ម៉ូតូ ហើយ​ព្យាយាម​គេច​ពី​ប៉ូលិស​ហៅ​គាត់ គាត់​ក៏​បត់​ម៉ូតូ​មក​បុក​ជាមួយ​យើង​តែ​ម្ដង...ដល់​ចុះ​ទៅ​ឃើញ​គាត់​ពោះ​ធំ​អីចឹង ខ្ញុំ​ក៏​ខ្ជិល​វែង​ឆ្ងាយ​ទៅ!”។

នៅ​មួយ​ករណី​ទៀត គឺ​លោក​ទើប​នឹង​ជួប​រឿង​រ៉ាវ​ប្រេះឆា​ចំណង​ស្នេហ៍​ផង យ៉ាង​ណា លោក​សុំ​មិន​និយាយ​លម្អិត​ពី​ករណី​នេះ។ វិល​ទៅ​ករណី ចោរកម្ម​ខាង​លើ​វិញ លាង ឧត្តម បញ្ជាក់​ថា លោក​សុខ​ចិត្ត ឲ្យ​ទ្រព្យ​បង់​ទៅ​ចុះ មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ពឹង​សមត្ថកិច្ច​អ្វី​នោះ​ទេ។ លោក​ចាត់​ទុក​ថា អ្វី​ដែល​កើត​ឡើង គឺ​ជា​គ្រោះ​របស់​លោក នឹង​សង្ឃឹម​ថា គ្រោះ​អាក្រក់ ចង្រៃ​ឧបទ្រព​ទាំង​ឡាយ​ទាំង​ពួង នឹង​ចាក​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​ពី​លោក​ចាប់​ពី​ពេល​នេះ​ត​ទៅ។

“ណ្ហើយ​...ទៅ​ដាក់​ប្ដឹង​អី​ទេ​បង​អើយ...បង​ឯង​ដឹង​ហើយ ជួន​អស់​តែ​លុយ​ថែម​ហ្នឹង...សង្ឃឹម​ថា អា​គ្រោះ​ចង្រៃ​ហ្នឹង វា​អស់​ត្រឹម​ហ្នឹង ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​រហូត​ទៅ...ព្រោះ​វា​ដូច​ជា ស៊យ​ពេក​ហើយ!”៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី