អ្នកលេងគុនខ្មែរ៥រូបនេះវ៉ៃបច្ចេកទេសពិតៗតែម្តង
- 2018-11-06 04:33:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងគុនខ្មែរ៥រូបនេះវ៉ៃបច្ចេកទេសពិតៗតែម្តង
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរជាច្រើនរូបកំពុងអង្រួនសង្វៀនជារៀងរាល់ចុងសប្តាហ៍នាសង្វៀនក្នុងទីក្រុងភ្នំពេញដែលជើងខ្លាំងជួរមុខភាគច្រើនទទួលស្វាគមន៍អ្នកលេងឆ្លងដែន។ ក្នុងចំណោមតារាជួរមុខទាំងនោះមានកីឡាករខ្លះវ៉ៃប្រកបដោយបច្ចេកទេសពិតៗ ប៉ុន្តែក៏មានអ្នកប្រដាល់ខ្លះវ៉ៃប្រើកម្លាំងបាយភាគច្រើនដែរ។
ថ្ងៃនេះ សូមបង្ហាញកីឡាករកម្ពុជាជួរមុខ៥នាក់ដែលកម្រិតសមត្ថភាព និងបច្ចេកទេសល្អនៅលើសង្វៀន។
រឿង សោភ័ណ្ឌ ៖ ជើងខ្លាំងរូបនេះវ៉ៃក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមដែលភាគច្រើនជួបដៃគូដែលមានកម្ពស់ខ្ពស់ជាង។ យ៉ាងណា អ្នកគាំទ្រពេញចិត្ត និងជឿជាក់លើសមត្ថភាពរបស់គេ។ សោភ័ណ្ឌត្រូវអ្នកគាំទ្រមើលឃើញថា មានស្នៀតសម្លាប់ដៃគូល្អបំផុតគឺកណ្តាប់ដៃ បន្ទាប់មកគឺការទាត់ និងការវ៉ៃកែង។ តាមស្នៀតដ៏ពិសេសនេះ រូបគេចេញម្តងៗពោរពេញដោយបច្ចេកទេស។
**ផល សោភ័ណ្ឌ** ៖ ជាច្រើនឆ្នាំមកហើយសិស្សគណនៅក្លឹបតាឡីដំរីមានរិទ្ធិនេះត្រូវបានកោតសរសើរពីអ្នកគាំទ្រថា ជាអ្នកប្រដាល់បច្ចេកទេស។ សោភ័ណ្ឌប្រើបច្ចេកទេសវ៉ៃប្រយោលបានល្អបំផុតតាមរយៈស្នៀតកណ្តាប់ដៃដែលមានអំណោយផលពីប្រដាល់សកល។ ក្រៅពីកណ្តាប់ដៃរូបគេវាយកែងក៏បានល្អ ហើយទាត់ក៏រឹតតែគ្រោះថ្នាក់ដល់ដៃគូ។ យ៉ាងណា ពេលដៃគូវ៉ៃសម្រុកបុកខ្លាំងធ្វើឲ្យរូបគេពិបាកក្នុងចេញស្នៀតដែរ។
ឡៅ ចន្ទ្រា ៖ សព្វថ្ងៃនេះ ប្អូនប្រុសបង្កើតរបស់អតីតជើងខ្លាំង ឡៅ ស៊ីណាតឈានដល់កម្រិតកំពូលរបស់ខ្លួនហើយ។ ទាំងបច្ចេកទេស កម្លាំងស៊ុហ្វ និងស្នៀតសម្លាប់ដៃគូមានទាំងព្រមតែម្តងសម្រាប់រូបគេ។ អាវុធគ្រោះថ្នាក់បំផុតរបស់ ឡៅ ចន្ទ្រាគឺការប្រើកែងគាស់ដែលមើលទៅគ្រោះថ្នាក់ជាងអតីតស្តេចកែងរួស សាន សៅយ៉ាន់ ថែមទៀត។ លើសពីនេះគឺការប្រើកណ្តាប់ដៃ ទាត់ និងឡើងជង្គង់ក៏ល្អដែរ។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះគឺជំហរឱបដៃគូពិតជាល្អបំផុតដើម្បីឡើងជង្គង់ ហើយបើដៃគូភ្លេចការពារផ្នែកខាងលើនោះគឺត្រូវកែងគាស់របស់គាត់ហើយ។
ឡៅ ចិត្រា ៖ ប្អូនប្រុសរបស់ ឡៅ ចន្ទ្រាជាជើងខ្លាំងវ័យក្មេង ប៉ុន្តែកម្លាំងចិត្តចូលវ៉ៃ និងបច្ចេកទេសល្អ។ ស្មារតីចូលវ៉ៃដៃគូប្រកួតស្ទើរតែអាចនិយាយបានថា ខ្លាំងជាងបទពិសោធ។ ក្បាច់គ្រោះថ្នាក់៣របស់ ឡៅ ចិត្រា គឺដើរចូលឡើងជង្គង់ វ៉ៃកែង និងកណ្តាប់ដៃ។ ស្នៀតនីមួយៗដែលរូបគេចេញគឺប្រកបដោយបច្ចេកទេសពិតៗ។ យ៉ាងណា រូបគេវ័យក្មេង បទពិសោធក៏មិនសូវក្រាស់ក្រែលដែរ។
សុខ ធី ៖ ប្រភពកើតចេញទឹកដីក្បាច់គុនថៃធ្វើឲ្យតារាគុនខ្មែររហស្សនាម កាកា មានបច្ចេកទេសវ៉ៃ និងទម្លាប់ខុសខុសពីសង្វៀនគុនខ្មែរ។ រូបគេថ្វីបើមាឌតូច ប៉ុន្តែអាវុធសម្លាប់ដៃគូគឺល្អក្នុងនោះកណ្តាប់ដៃជាផ្លែគ្រោះថ្នាក់ជាងគេ។ ក្រៅពីកណ្តាប់ដៃ រូបគេមានស្នៀតទាត់ជើងក្រោមក៏មានប្រសិទ្ធភាពដែរ ហើយកែង និងជង្គងក៏អាចប្រើបានល្អដែរ។ យ៉ាងណា សុខ ធី ភាគច្រើនវ៉ៃឈ្នះពិន្ទុប៉ុណ្ណោះដោយសារវ៉ៃសន្សំពិន្ទុ មិនងាយចេញអាវុធផ្ដេសផ្ដាស ឬផ្ដាច់ពាក់កណ្ដាលទីឡើយ៕