ពីរោះណាស់ ឈ្មោះឈុតតំណាងជាតិខ្មែរ ត្រៀមប្រកួតបវរកញ្ញាចក្រវាល២០១៨ ឯតម្លៃវិញអស់ច្រើនមិនធម្មតា
- 2018-11-09 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរោះណាស់ ឈ្មោះឈុតតំណាងជាតិខ្មែរ ត្រៀមប្រកួតបវរកញ្ញាចក្រវាល២០១៨ ឯតម្លៃវិញអស់ច្រើនមិនធម្មតា
ចន្លោះមិនឃើញ
ឈុតតំណាងជាតិខ្មែរ ត្រៀមយកទៅប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល ២០១៨ នៅប្រទេសថៃឆាប់ៗនេះ ត្រូវបានទម្លាយឲ្យដឹងថា មានឈ្មោះ "កម្ពុជា Kingdom of Wonder” ។ ឈុតប្រណិតនេះ សម្រិតសម្រាំងយ៉ាងពិសេស អស់ពេលជាង២ខែ ទម្រាំរួចរាល់ និងមានអត្ថន័យទាក់ទងនឹងប្រវត្តិបុរាណខ្មែរ ទៀតផង។
ក្នុងបទសម្ភាសជាមួយ Sabay កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជា ប្រាប់ថា ឈុតនេះមានក្បូរក្បាច់ លម្អ និងគ្រឿងអលង្ការច្រើន រីឯការចំណាយវិញអស់ខ្ទង់ ៣ពាន់ដុល្លារ។ ចំពោះការប្រកួត នេះ បវរកញ្ញាកម្ពស់ ១៧០ សង់ទីម៉ែត្រ មានជំនឿចិត្តថាអាចយកឈ្នះ ដោយសារកញ្ញាបានឆ្លងកាត់ការហ្វឹកហាត់អស់ពេល១ឆ្នាំ ទាំងក្នុងនិងក្រៅប្រទេស។ រឿន ណាត ប្ដេជ្ញាថា នឹងធ្វើឲ្យបានល្អ ដើម្បីបង្ហាញពិភពលោកថាស្ត្រីខ្មែរមានកម្លាំងគ្រប់គ្រាន់ ដែលអាចតតាំងគ្រប់ឧបសគ្គ ដើម្បីចក្រវាលទាំងមូលមានសន្តិភាព និងភាពស្រស់បំព្រង។
អ្វីកាន់តែចាប់អារម្មណ៍ បើសិនជាកូនស្រីពៅ ក្នុងចំណោមបងប្អូន៣នាក់ បានគ្រងមកុដបវរកញ្ញាចក្រវាល ២០១៨ កញ្ញាចង់ធ្វើរឿងសំខាន់៣យ៉ាង។ ទីមួយ គឺចង់ផ្សព្វផ្សាយពីប្រទេសកម្ពុជា ឲ្យពិភពលោកបានស្គាល់កាន់ច្បាស់ ។ ទី២ ចង់បង្កើតសាលាភាសាអង់គ្លេសមួយដោយឥតគិតថ្លៃ ដល់កុមារ ដើម្បីបានសិក្សារៀនសូត្របង្កើនចំណេះដឹង។ ទី៣ កញ្ញាចង់សម្រេចក្ដីប្រាថ្នាខ្លួនឯង ដោយប្រលងជាទាហាន ព្រោះ រឿន ណាត ចង់ក្លាយជាទាហានស្រី។ ហេតុផលនេះ ព្រោះជាក់ស្ដែងនៅកម្ពុជា មិនសូវមានទាហានស្រីនោះទេ ភាគច្រើនជាបុរស ម្ល៉ោះហើយ កញ្ញាចង់ធ្វើជាគំរូមួយ និងចង់បង្ហាញថា ស្រ្តីអាចធ្វើអ្វីបានដូចបុរសផងដែរ។
លើសពីនេះ ស្រីស្អាតមកពីខេត្តកំពង់ចាម បានផ្ដល់ពាក្យពេចន៍ខ្លះដល់អ្នកដែលចង់ ប្រកួតកម្មវិធីសម្រស់ទាំងឡាយ ថា ត្រូវតែមានភាពស្រស់ស្អាត ។ ប៉ុន្តែការស្រស់ស្អាតពីខាងក្រៅ មិនទាន់គ្រប់គ្រាន់ទេ គួរតែស្អាតពីខាងក្នុង គឺស្អាតចេញពីបេះដូង ។ ម្យ៉ាងទៀត ត្រូវមានជំនឿចិត្តលើខ្លួនឯង ហើយត្រូវថែទាំសុខភាពខ្លួនឯងឲ្យបានល្អ មិនត្រូវខ្វល់នឹងពាក្យសំដីរបស់អ្នកដទៃដែលចូលចិត្តរិះគន់ ធ្វើឲ្យយើងបាក់ទឹកចិត្តនោះទេ៕