ល្អ​ណាស់!​ អតីត​កីឡាករ​មហា​គ្រុឌ​ ប្រមូល​ផ្តុំ​ជួយដល់សាលាតម្រងទិស

  • 2018-11-09 02:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​​ក្រុមបាល់ទាត់​មហា​គ្រុឌ​ ដែល​ជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​ខេត្ត​ក្រចេះ​និង​ក្រុម​លំដាប់​កំពូល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​​ចន្លោះ​ឆ្នាំ​២០០៤​ដល់​២០០៩​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ចែក​រំលែក​បទ​ពិសោធ​ដល់​សាលា​តម្រង​ទិស​ U-15 និង U-17 នា​ថ្ងៃ​ទី​១០​ វិច្ឆិកា​ ខាង​មុខ​នេះ។

ក្រុម​មហាគ្រុឌ

នេះ​ជា​ការ​ប្រមូល​ផ្តុំ​គ្នា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ក្រោយ​មហា​គ្រុឌ​ត្រូវ​បាន​រំសាយ​ ​ចេញ​ពី​ពេល​លីគ​កំពូល​ក្នុង​ឆ្នាំ​២០០៨។ លោក​ សឿន​ ធីសិទ្ធ​ អ្នក​ផ្តួច​ផ្តើម​គំនិត​នេះ​បាន​ឲ្យ​ដឹង​ថា៖« ការ​ជួប​ជុំ​នេះ​មិន​ផ្លូវ​ការ​នោះ​ទេ​ ពោល​គឺ​គ្រាន់​តែ​ដើម្បី​រំលែក​ពី​បទ​ពិសោធ​ខ្លះ​ៗ​ពី​ការ​ហ្វឹកហាត់​របស់​រៀម​ច្បង​ជំនាន់​មុន​ និង​ប្រកួត​មិត្តភាព​ដង​ស្រង់​បទ​ពិសោធ»។

បង​ប្អូន​អតីត​កីឡាករ​មហា​គ្រុឌ​ទាំង​អស់​រំពឹង​ថា នឹង​បាន​រួម​ចំណែក​ខ្លះ​ៗ​ក្នុង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ដើម្បី​ប្រឹង​ប្រែង​បន្ត​ លើក​ស្ទួយ​បាល់ទាត់​ខេត្ត​ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បង្កើត​គោល​ដៅ​ក្លាយ​ជា​កីឡាករ​អាជីព​ ដើរ​តាម​រៀប​ច្បង​មួយ​ចំនួន​ដូច​ជា​ កែវ​ សុង៉ន​ និង​កែវ​ សុខផេង​ជា​ដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​កីឡាករ​យុវជន​ណា​ម្នាក់​​ចេញ​ពី​ខេត្ត​ក្រចេះ​បាន​ចូល​រួម​លេង​ក្នុង​លីគ​កំពូល​កម្ពុជា​ទេ​ បន្ទាប់​ពី​ក្រុម​មហា​គ្រុឌ​រំសាយ​​កាល​ពី​ឆ្នាំ​២០០៨។ កម្មវិធី​នេះ​អាច​នឹង​មាន​វត្តមាន​របស់​ អ្នក​ចាត់​ការ​ទូទៅ​ភ្នំពេញ​ក្រោន​ផង​ដែរ​ ប្រសិន​បើ​គាត់​មិន​មាន​បេសកកម្ម​ជា​មួយ​ក្រុម​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាម៉ី​ខ្លួន៕

អតីតកីឡាករ​ក្រុម​មហាគ្រុឌ

អត្ថបទ៖ ជាន ចាន់រ៉ា