យស បូវណ្ណៈ ហោះ​មក​ពី​អាមេរិកមក​ចាប់​ដៃ​គូជា​មួយ ចាន់ តារាទី ក្រោយ​បែកគ្នា​ជាង​២០​ឆ្នាំ

  • 2018-12-02 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​សម្ដែង​ជើង​ចាស់ លោក យស បូវណ្ណៈ ពេល​នេះ​បាន​សម្រេច​ចិត្តមក​ថត​ភាពយន្ត​វិញ​ហើយ ​បន្ទាប់ពីបាន​លាឈប់​ពី​វិថី​នេះ​ជាង​២០ឆ្នាំ ​ទៅ​រស់​នៅ​សហរដ្ឋ​​អាមេរិក​។

ការ​វិល​ត្រលប់​លើ​វិថី​​ដែល​ធ្វើ​ឲ្យ​មហាជន​ស្គាល់​លោក​ជា​ថ្មី​នេះ ​លោក​នឹង​ត្រូវ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​១​រឿង​ ជា​មួយ​តារា​​សម្ដែង​ជើង​ចាស់​ជា​ច្រើន​ទៀត ឲ្យ​ផលិតកម្ម​​"មហាហង្ស" ។ ក្នុង​នោះ​តារា​សម្ដែង​ជើង​ចាស់ អ្នក​ស្រី ចាន់ តារា​ទី ដែល​ជា​ដៃ​គូ​ចាស់​នោះ នឹង​ត្រូវ​សម្ដែង​ជា​មួយ​លោក ។

ភាពយន្ត​ដែល​ធ្វើ​ឲ្យ​តារា​សម្ដែង​ជើង​ចាស់ យស បូវណ្ណៈ សម្រេច​ចិត្ត​ហោះ​ពី​អាមេរិក​មក​ថត​​ភាពយន្ត​ជា​ថ្មី​នោះ មាន​ចំណង​ជង​ថា "លោក​ឪពុក" ដែល​ជា​ភាពយន្ត​មួយនិយាយ​ពី​ការ​លះបង់​ធំធេងរបស់​ឪពុកដើម្បី​កូន​ខ្លួន​ ឲ្យមាន​អនាគត។ តារា​​​សំខាន់ៗ​ដែល​ត្រូវ​សម្ដែង​រួម​គ្នា​ជា​មួយ​លោក ​មាន​ដូច​ជា អ្នក​នាង ចាន់ តារា​ទី អ្នក​នាង ស្វែង សុជាតា លោក ហម ឈរ៉ា លោក អូន ឧស្សាហ៍ អ្នក​នាង ភិន សុដាលីស និង តារា​ល្បី​ជា​ច្រើន​រូប​ទៀត។

មូលហេតុ​ដែល​នាំ​ឲ្យ​លោកវិល​ត្រឡប់​មក​ថត​ភាពយន្ត​ជា​ថ្មី​នេះ ត្រូវ​បាន​លោកបញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​តែ​មាន​ការ​សំណូមពរ​ច្រើន​ពី​ទស្សនិកជន ហើយ​ម្យ៉ាង​សាច់​រឿងដែល​ត្រូវ​សម្ដែង​នោះ គឺ​លោក​ពេញចិត្ត​ខ្លាំង។ ទន្ទឹមគ្នា​នោះ​ដែរ​ លោកឲ្យ​ដឹង​ថា មិនមែន​មាន​តែ​ផលិតកម្ម​មហាហង្ស​១​ទេ ​ដែលទាក់​ទងលោក​មក​សម្ដែង ពោល​គឺ​មាន​ផលិតកម្ម​ច្រើន​ណាស់ ប៉ុន្តែ​លោក​មិន​មាន​ពេល​ឆ្លៀត​បាន​ទាល់​តែ​សោះ គឺ​ទើប​តែ​លើក​នេះ។ លោក យស បូវណ្ណៈ ​ក៏​សូម​អភ័យទោស​ទៅ​បណ្ដា​ផលិតកម្ម​ផ្សេង​ទៀត ដែល​លោក​​មិន​​ទាន់មាន​ពេល​ថត​ជូន។ ​

លោក អ៊ិន សុភិន ដែល​ជា​ចាងហ្វាង​ផលិតកម្ម បាន​ឲ្យ​ដឹង​ថា ​ភាពយន្ត​ខាង​លើ នឹង​ត្រូវ​ចេញ​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​នៅ​ក្នុង​នោះ​​លោក យស បូវណ្ណៈ នឹងត្រូវ​សម្ដែង​ជាតួ​ឪពុក​ដែល​ពិការជើង ប្រកប​របរ​ប៉ះ​កង់ ​ដើម្បី​ចិញ្ចឹម​កូន ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​បាន​រៀន​សូត្រ រហូត​បាន​បរិញ្ញាបត្រ​១​សន្លឹក។

ក្នុង​ដំណើរមក​ប្រទេស​កំណើត​ជា​លើក​ទី​៤ លោក យស បូវណ្ណៈ មាន​ពេល​ត្រឹម​តែ​៣សប្ដាហ៍​ប៉ុណ្ណោះ ដូច​នេះ​ភាពយន្ត​រឿង​"លោក​ឪពុក" ដាច់​ខាត​​ត្រូវ​សម្រុក​ថត​ឲ្យ​បាន​លឿន​ជា​ទី​បំផុត។ ក្នុង​នោះ​លោក យស បូវណ្ណៈ បាន​ស្នើ​ឲ្យ​ផលិតកម្ម​ថត​ប្លង់​​ឲ្យ​បាន​មុន ដោយ​ប្រើ​ពេល​យ៉ាង​​ច្រើន​១០ថ្ងៃ សល់​ពេល​ខ្លះ​លោក​សុំ​ទុក​ពេល​សម្រាប់​ទៅ​លេង​​បង​ប្អូន​។

តាម​ការ​លើក​ឡើង របស់​លោក យស បូវណ្ណៈ ក្នុង​​អាជីព​​សម្ដែង​ភាពយន្ត​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ​ធ្លាប់​បាន​សម្ដែង​ភាព​យន្ត​១៧​រឿង​មក​ហើយ។ ចំពោះភាពយន្ត​ដែល​លោក​ធ្លាប់​ស្ដែង​ជា​មួយ អ្នក​ស្រី ចាន់ តារា​ទី ​មាន​ប្រមាណ​ជា​២​ទៅ​៣​រឿង ក្នុង​នោះ​លោក​នៅ​ចំណង​ជើង​១​គឺ ​រឿង "ទាសី​ស្នេហ៍"។

ការ​វិល​ត្រលប់​ជា​ថ្មី​នេះ លោក​បាន​ប្ដេជ្ញា​ចិត្ត​ថានឹង​ខិតខំ​ប្រឹង​សម្ដែង​ឲ្យ​បាន​ល្អ​បំផុត ហើយ​ប្រសិន​បើ​ភាពយន្ត​នេះ​ជោគជ័យ​លោក​ពិចារណា​លើ​ការ​ថត​ភាពយន្ត​ជា​បន្ត​បន្ទាប់​ទៀត៕

​​​​

អត្ថបទ៖ ស៊ុន ហួត