មាន សូនីតា ព្រមាន​បង្ហាញ​មុខ​​ក្រុមហ៊ុន​ធំ​មួយ ប្រសិន​បើ​មិន​សុំ​ទោស​នាង​ជា​សាធារណៈ

  • 2018-12-06 05:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ក្រុមហ៊ុន​កាបូប​ល្បី​ឈ្មោះ​មួយ​លើ​​ពិភព​លោក​ដែល​បាន​យក​វីដេអូរបស់​តារា​សម្ដែង ដែល​មាន​ងារ​រាជិនី​ក្រមា កញ្ញា មាន សូនីតា ​ទៅ​បង្ហោះ​លើ​ផេក ដោយ​មិន​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន​នៅ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ទោះ​បី​ជា​វីដេអូ​នោះ​ត្រូវ​​បាន​អ្នក​កាន់​ផេក​នោះ​លុប​ចេញ​ហើយ​ក្ដី។ រាជិនី​ក្រមា រូប​នេះបាន​ថ្លែង​មក​កាន់ Sabay ​ថា នាង​​​​មិន​សុខ​ចិត្ត​ឡើយ ហើយ​នឹង​​បក​ស្បែក​ក្រុម​ហ៊ុន​ធំ​មួយ​​ចេញ ប្រសិន​បើ​មិន​​បាន​សូម​ទោស​នាង​ជា​សាធារណៈ​នោះ។

ដើម​ចម​នាំ​ឲ្យ​រឿង​រ៉ាវ​ខាង​​លើ​ឈាន​ដល់​ការ​ឈ្លោះ​គ្នា​ផ្អើល​លើ​បណ្ដាញ​សង្គម​នោះ រាជិនី​ក្រមា កញ្ញា មាន សូនីតា បាន​រៀប​រាប់​ឲ្យ​ដឹង​ថា នាង​បាន​ទិញ​​កាបូប​ប្រេន​ល្បី​ឈ្មោះ​មួយ​នៅ​ក្រៅ​ប្រទេស​កាល​ជាង​១ឆ្នាំ​មុន ដែល​កាបូប​ប្រេន​ប្រភេទ​នោះ មិន​ទាន់​នាំ​មក​លក់​នៅ​ស្រុក​ខ្មែរ​ទេ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ នាង​ក៏​បាន​ថត​វីដេអូ​ដើរ​កាន់​​កាបូប​នោះ​បង្ហោះ​លើ​គណនី ​Facebook នាង​លេង។

តារា​ស្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ប្រហែល​១​សប្ដាហ៍​មុន វីដេអូ​នោះ​ត្រូវ​បាន​អ្នក​កាន់​ផេក នៃ​ក្រុមហ៊ុន​កាបូប​ល្បី​ឈ្មោះ​យក​ទៅ​ផុស​លើ​ផេក​ដោយ​មិន​ការ​​អនុញ្ញាត​ពី​នាង គោលដៅ​ចង់​បាន​ប្រយោជន៍​ពី​​វីដេអូ​នោះ។ ម្ចាស់​ផេក​ដែល​បង្ហោះ​នោះ បាន​សរសេរ​ថា "ចង់​ដឹង​ថា រាជិនី​ក្រមា កញ្ញា មាន សូនីតា ប្រើ​កាបូប​​អ្វី​អត់?”

ចំណុច​នេះ​កញ្ញា មាន សូនីតា លើក​ឡើង​ការ​យល់​ឃើញ​ថា វា​គឺ​ជា​ការ​រំលោភ​​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ទាំង​ស្រុង។ ​ក្រោយ​នាង​ផុស​រឿង​មិន​ពេញ​ចិត្ត​លើ​បណ្ដាញ​សង្គម តារា​ស្រី​រូប​នេះ​​និយាយ​ថា អ្នក​កាន់​ផេក​នោះ បាន​ប្រើ​ឈ្មោះ​​ផ្សេង​មក​សុំ​ទោស​នាង​លើ​អ៊ីន​ស្ដា​ក្រាម។ ស្រប​ពេល​នោះ​ដែរ វីដេអូ​ក៏​​ត្រូវ​បាន​ឈប់​​ចេញ​ពី​ផេក ប៉ុន្តែ​​អ្នក​កាន់​ផេក​នោះ​នៅ​តែ​ប្រើ​សម្ដី​ឈ្លើយ​ដាក់​នាង មិន​ឲ្យ​តម្លៃ​ទាល់​តែ​សោះ ។

កញ្ញា មាន សូនីតា បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ថា អ្នក​កាន់​ផេក​នោះ គឺ​ជា​ជន​ជាតិ​បរទេស មិន​មែន​ខ្មែរ​ឡើយ។ ដូច​បាន​លើក​ឡើង​ខាង​លើ ទោះបី​ជា​វីដេអូ​នោះ​ត្រូវ​បាន​លប់​ចេញ​ហើយ​ក្ដី ប្រសិន​បើ​ក្រុមហ៊ុន កាបូប​ប្រេន​នោះ មិន​បាន​ផុស​សូមទោស​នាង​ជា​សាធារណៈ​លើ​ផេក​ដែល​បង្ហោះ​នោះ​ទេ នាង​នឹង​ទៅ​រក​រឿង​​ដល់​ហាង​តំណាង​​ក្រុមហ៊ុន​តែ​ម្ដង។

ការ​ធ្វើ​​បែប​នេះ មាន សូនីតា បញ្ជាក់​ច្បាស់​ថា មិនមែន​នាង​ចង់​យក​ឈ្នះ​យក​ចាញ់ ​ឬ​អាង​ខ្នង​​អី​នោះ​ឡើយ គឺ​នាង​ធ្វើ​ដើម្បី​ឲ្យអ្នក​ដែល​ធ្វើ​នោះ​ត្រូវ​គោរព​ច្បាប់​ស្រុក​ខ្មែរ និង​ឲ្យ​តម្លៃ​ដល់​អ្នក​សិល្បៈ​ខ្មែរ​ផង កុំ​ចេះ​តែ​ធ្វើ​អី​ស្រេច​តែ​ចិត្ត៕

អត្ថបទៈ ស៊ុនហួត