ក្រោយ​ផ្ទុះ​បទ "មេ​ម៉ាយ​សប្បាយ​ចិត្ត" រ័ត្ន រចនា ផ្លាស់​ប្ដូរ​ជីវិត​ខ្លាំង ត្រៀម​ចេញ​ច្រៀង៣ប្រទេស ឆាប់ៗ​នេះ

  • 2018-12-07 06:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ផ្ទុះ​បទ"មេ​ម៉ាយ​សប្បាយ​ចិត្ត"តាម​រយៈ​បណ្ដាញ​សង្គម បច្ចុប្បន្ន​កញ្ញា រ័ត្ន រចនា កាន់​តែ​មាន​ទីផ្សារ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​​​ផ្លាស់ប្ដូរ​ស្ទើរ​មិន​នឹក​ស្មាន​ដល់។ ក្រៅ​ពី​ការ​ច្រៀង​​ក្នុង​ស្រុក​ស្ទើរ​គ្មាន​ពេល​សម្រាក រចនា បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​​​គ្រោង​នឹង​ចេញ​ទៅ​ច្រៀង​​ក្រៅ​ប្រទេស រហូត​ដល់​៣ប្រទេស​ឯណោះ។

ប្រទេស​ដែល​តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្តស្វាយ​រៀង​រូប​នេះ​គ្រោង​នឹង​ចេញ​ទៅ​ច្រៀង​នោះ មាន​ប្រទេស​កូរ៉េ បារាំង និងអូស្ត្រាលី ព្រម​ទាំង​មាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​បាន​ទាក់​ទង​មក ប៉ុន្តែ​នាង​មិន​ទាន់​ឆ្លើយ​អូខេ​ជា​មួយ​នៅ​ឡើយ។ " ខែ​១២​នឹង​ខ្ញុំ​ចេញ​ទៅ​ច្រៀង​ឆ្លង​ឆ្នាំ​​នៅ​កូរ៉េ​៥ថ្ងៃ ហើយ​ខែ​៩​ទៅ បារាំង ខែ១២ ទៅ​អូស្ត្រាលី និង​មាន​ប្រទេស​ច្រើន​ទៀត​តែ​ខ្ញុំ​មិន​ទាន់​​ទទួល" រ័ត្ន រចនា រៀបរាប់​មក​កាន់ ​Sabay។

ដោយសារតែ​មាន​ការ​ច្រើន​ខ្លាំង​នៅ​ក្នុង​ស្រុក​ដូច​នេះ តារា​​ចម្រៀង​ស្រី​ទើប​តែ​ល្បី​ឈ្មោះ​ រ័ត្ន រចនា មិន​ហ៊ាន​ចេញ​ទៅ​ច្រៀង​ច្រើន​ខែ​ឡើយ ពោល​គឺ​ទៅ​១​ប្រទេសៗ មិន​លើស​១ខែ​នោះ​ទេ។កញ្ញា រ័ត្ន រចនា បាន​ប្រាប់​ឲ្យ​ដឹង" សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​បច្ចុប្បន្ន​មមាញឹក​ខ្លាំង ស្ទើរ​តែ​មិន​​មាន​ពេល​សម្រាក​សោះ​តែ​ម្ដង ​ក្នុង​១ថ្ងៃ​មាន​ពេល​ខ្លះ​ត្រូវ​ច្រៀង ២ទៅ​៣ កម្មវិធី​ក៏​មាន អីចឹង​ខ្ញុំ​ទៅ​ក្រៅ​​តែ​១ខែៗ​ទេ"។

តារា​ចម្រៀង​ស្រី​វ័យ​៣២ឆ្នាំ​រូប​នេះ មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​​ទីផ្សារ​របស់​ខ្លួន​ផ្ទុះ​ខ្លាំង​បែប​នេះ ដែល​​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កាន់​​តែ​ប្រសើរ​ឡើងៗ​ទៅ​១​ថ្ងៃ​ទៅ​១​​ថ្ងៃ ដោយ​កន្លង​មក​មិន​ដែល​ធ្លាប់​គិត​ឡើយ​ថា អាជីព​សិល្បៈ​មួយ​នេះ​អាច​ឈាន​ដល់​ចំណុច​នេះ​ឡើយ។

កញ្ញា រ័ត្ន រចនា បាន​​បន្ត​ឲ្យ​ដឹង​ថា ខ្លួន​ប្រលូក​លើ​វិស័យ​ចម្រៀងតាម​វង់​ភ្លេង​ការ និង​កម្មវិធី​ផ្សេង ជាង​២០ឆ្នាំ​ហើយ ដោយ​នាង​មិន​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​ឡើយ។ បទ​ចម្រៀង​ដែល​នាង​ចូល​ចិត្ត​ច្រៀង ភាគ​ច្រើន​ជា​បទ​ដើមៗ ជា​ពិសេស​បទ របស់​អ្នក​ស្រី ប៉ែន រ៉ន ព្រោះ​បទ​ចម្រៀង របស់​​​អតីត​​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​មាន​បទ​ចម្រៀង​​បែប​សប្បាយៗ​ ដែល​ត្រូវ​នឹង​អត្តចរិត​នាង​តែ​ម្ដង។ ក្រៅ​ពី​ការ​ច្រៀង​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា រ័ត្ន រចនា កំពុង​មាន​មុខ​លើ​ស្ប៉ត​ជា​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង​ដែរ៕

អត្ថបទៈ ស៊ុនហួត