អ្នក​ដឹក​នាំ​សម្ដែង​​​​​ម្នាក់ ប្រកាស​​ធ្វើ​បទ Original Song​ ឲ្យ​យុវជន​​លក់​តែ​គជ់​កម្សត់​​ម្នាក់ចង់​ក្លាយ​ជា​តារា​ចម្រៀង​

  • 2018-12-11 05:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក ​Sabay ធ្លាប់​បាន​ចេញ​ផ្សាយ​ម្ដង​រួច​មក​ហើយ​ពីយុវជនម្នាក់ឈ្មោះ ចំរ៉ុង ហ្ស៉ានុ ដែល​មាន​​​មុខ​​របរ​ជា​អ្នក​លក់​តែ​គជ់ ហើយ​តស៊ូសន្សំ​​លុយ​ចំណេញ​ពី​មុខរបរ​នេះ​​តិចតួច យក​​ទៅ​ជួល​​គេ​ផលិត​បទ​ Original Song ព្រោះ​តែ​​ការ​ស្រលាញ់​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់។ បន្ទាប់​ពីបាន​ទទួល​ដំណឹង​នេះ​ភ្លាម អ្នក​ដឹក​នាំ​​​សម្ដែង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ម្នាក់​បាន​ចេញ​មុខ​ប្រកាស​ថា ​ខ្លួន​នឹង​ជួយ​និពន្ធ​ព្រម​ទាំង​ផលិត​ជា MV នូវ Original Song ១បទ​ជា​ការ​សាក​ល្បង​ឲ្យ​យុវជន​​​រូប​នេះ ហើយ​ប្រសិន​បើ​ធ្វើ​ទៅ​ទទួល​បាន​​ជោគជ័យ ​នឹង​ធ្វើ​បទ​ចម្រៀង​ឲ្យ​ជា​បន្ត​បន្ទាប់​ទៀត។

អ្នក​ដឹក​នាំ​សម្ដែង និង​ជា​អ្នក​និពន្ធ​ផង​នោះ​ខាង​លើ​មាន​ឈ្មោះ ជួន សុវណ្ណវាសនា គឺ​ជា​អ្នក​ដឹក​​នាំ​សម្ដែង​​ម្នាក់​ដែល​ធ្លាប់​ដឹក​នាំ​សម្ដែង​ភាពយន្ត ស្ប៉ត​ពាណិជ្ជកម្ម​ និង MV ឲ្យ​តារា​ចម្រៀង​ល្បី​ជា​ច្រើន​កន្លង​មក ហើយ​បច្ចុប្បន្ន​លោក​គឺ​ជា​អ្នក​ដឹកនាំ​សម្ដែង​ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស។ លោក​បាន​ថ្លែង​​ថា មូលហេតុ​ដែល​​នាំ​ឲ្យ​​ខ្លួន​សម្រេច​​ចេញ​មុខ​និពន្ធ និង​ផលិត​បទ​ចម្រៀង​​ឲ្យ​យុវជន ចំរ៉ុង ហ្ស៉ានុ ក៏​ព្រោះ​តែ​លោក​បាន​មើល​ឃើញ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ពី​ការ​តស៊ូ​របស់​យុវជន​រូប​នេះ ហើយ​មាន​បេះ​ដូង​ជា​មួយ​នឹង​សិល្បៈ​ចម្រៀង គួបផ្សំ​មាន​សំឡេង​ល្អ​ផង​នោះ លោក​គិត​ថា បើ​ជួយ​ទៅ​អាច​​មាន​អនាគត។

ជំនួប​របស់​អ្នក​ទាំង​ពីរ​បាន​ជួប​ជជែក​គ្នា ហើយ​ឈាន​ដល់​ការ​ផ្ដល់​បទ​​ភ្លេង​ព្រម​ទាំង​អត្ថបទ​ចម្រៀង ឲ្យ លោក ចំរ៉ុង ហ្ស៉ានុ យក​ទៅ​ហាត់​ច្រៀង​សាក​ល្បង​ហើយ​កាល​ប៉ុន្មាន​ថ្ងៃ​មុខ​នេះ ​ឆាប់ៗ​នេះ​​នឹង​ឈាន​ដល់​វគ្គ Record សំឡេង​ចូល ផលិត​ជា ​MV តែ​ម្ដង។ ចំណង​ជើង​នៃ​បទ​ចម្រៀង អ្នក​ដឹក​នាំ​សម្ដែង​រូប​នេះ មិន​ទាន់​​​បាន​សម្រេច​ដាក់​ពិត​ប្រាកដ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា បទ​ចម្រៀង​១បទ​នោះ​ជា Original Song ​​ចង្វាក់​បែបClassic Pop និយាយ​ពី​ជីវិត​ក្មេង​ឈាម​រាវ មិន​គិត​ការ​សិក្សា មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ គ្រូបង្រៀន ហើយ​ចុង​ក្រោយ​ដឹង​ពី​កំហុស​ខ្លួន​ឯង ងាក​មក​កែ​ខ្លួន។

លោក ជួន សុវណ្ណវាសនា បាន​លើក​ឡើង​ថា ទោះ​បី​ជា​បច្ចុប្បន្ន​​ខ្លួន​គឺ​ជា​អ្នក​ដឹក​នាំ​សម្ដែង​ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​ក្ដី ការ​មក​ជួយ​ផលិត​បទ​ចម្រៀង​ឲ្យ​យុវជន​​ខាង​លើ មិន​ប៉ះពាល់​ដល់​ការងារ​លោក​ឡើយ ព្រោះ​វា​ជា​កិច្ចការ​មនុស្សធម៌ ហើយ​ម្យ៉ាង​លោក​ឆ្លៀត​ធ្វើ​​​ឲ្យ​តែ​ពេល​ទំនេរ​ពី​ការងារ​ប៉ុណ្ណោះ។ ផលិតករ និង​ជា​អ្នក​ដឹក​នាំ​សិល្បៈ​ខាង​លើ បាន​ដាក់​ក្ដី​រំពឹង​ថា យុវជន ចំរ៉ុង ហ្ស៉ានុ នឹង​ធ្វើ​បាន​ល្អ​លើ បទ​ចម្រៀង​ដែល​ខ្លួន​បាន​គ្រោង​ផលិត​ឲ្យ​នោះ ហើយ​ប្រសិន​បើ​ទទួល​បាន​គាំទ្រ​ច្រើន ដូច​បាន​លើក​ឡើង​ខាង​លើ លោក​នឹង​បន្ត​ផលិត​បទ​ចម្រៀង​ឲ្យ​យុវជន​រូប​នេះ​បន្ត​បន្ទាប់​ទៀត ដើម្បី​ឲ្យ​សម្រេច​បាន​ដូច​ក្ដី​បំណង​របស់​គេ។

ចំរ៉ុង ហ្ស៉ានុ កន្លង​មក​ធ្លាប់​មាន​បទ​ចម្រៀង​របស់​ខ្លួន​២បទ​មក​ហើយ គឺ​បទ​«យើង​បែក​​គ្នា​ហើយ​មែន​ទេ?» ​និង​បទ «យប់​ជ្រៅ​ហើយ​អូន» ដោយ​ក្នុង​១បទៗ​យុវជន​រូប​នេះ​ត្រូវ​ចំណាយ​ប្រាក់​ជួល​គេ​ឲ្យ​ផលិត​ឡើយ​យ៉ាង​តិច​២៥០ ដុល្លារ ដោយ​ប្រាក់​ទាំង​នោះ​បាន​មក​ពី​ការ​លក់​តែគជ់ ប្រចាំ​ថ្ងៃ​របស់​គេ​នៅ​តូប​តូច​មួយ​ម្តុំ​ចោម​ចៅ ជាយ​ក្រុង​ភ្នំពេញ៕

អត្ថបទៈ ស៊ុនហួត