កប់! សាលី អ៊ូមើត ម្ចាស់មេដាយមាសលំដាប់ពិភពលោកដ៏ល្បី មកប្រកួតម៉ូតូទឹកនៅកោះកុង

  • 2018-12-14 09:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​​របស់​កម្ពុជា​ សាលី អ៊ូមើត​ ទើប​តែ​ពី​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ពាន​រង្វាន់​ស្តេច​ថៃ​ ដែល​ជា​ពាន​រង្វាន់​កម្រិត​ពិភព​លោក​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ បាន​បង្ហាញ​វត្ត​មាន​លើ​ទឹក​ដី​ខេត្ត​កោះកុង ក្នុង​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧​នេះ ដើម្បី​ចូល​រួម​ប្រកួត​កីឡា​ម៉ូតូ​ទឹក (Jet Ski)។

លោក សាលី អ៊ូមើត​ បាន​ប្រាប់​ Sabay ថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​មក​ចូល​រួម​ប្រកួត​ក្នុង​ពិធី​បុណ្យ​សមុទ្រ ចាប់​តាំង​ពី​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​បាន​បង្កើត​ឡើង។ លោក​ថា ការ​ចូលរួម​ប្រកួត​នេះ គោល​បំណង​សំខាន់ គឺ​ចង់​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ខ្មែរ បាន​ឃើញ​វត្ត​មាន​លោក ជា​កីឡាករ​ជម្រើស​ជាតិ លំដាប់​មេដាយ​មាស​ពិភពលោក។ ក្នុង​នោះ​ដែរ លោក​ថា​នឹង​ខំ​ប្រឹងប្រែង​យក​លេខ​១ ឲ្យ​ប្រទេស​កម្ពុជា​បន្ត​ទៀត ព្រោះ​ថា​នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។

ម្ចាស់​មេដាយ​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​  ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ប្រកួត​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នេះ គឺ​មាន​៣​វិញ្ញាសា ដែល​វិញ្ញាសា​នីមួយៗ មាន​កីឡាករ​៩​រូប​ ពេញៗ​ទាំង​អស់។ ដូច្នេះ​សរុប​ទាំង​អស់ មាន​កីឡាករ​ចូល​រួម​ប្រកួត​មិន​តិច​ជាង​៣០​នាក់​ឡើយ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក សាលី អ៊ូមើត​ បាន​រំលឹក​ពី​ការ​ប្រកួត​ពាន​រង្វាន់​ស្ដេច​ថៃ ដែល​ទើប​តែ​ឈ្នះ​មេដាយ​មាស​ថា លោក​បាន​ខិត​ខំ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​បាន​សម្រាក​អស់​រយៈ​ពេល​៤​ឆ្នាំ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដែល​លោក​ជា​ម្ចាស់​មេដាយ​មាស ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ស្ដេច​ថៃ​នេះ។ កីឡាករ​ម៉ូតូ​ទឹក​វ័យ​២៦​ឆ្នាំ​រូប​នេះ បន្ត​ថា លោក​បាន​រំពឹង​ថា នឹង​ដណ្ដើម​យក​មេដាយ​មាស​ជូន​កម្ពុជា នៅ​ទី​បំផុត​លោក​ក៏​ធ្វើ​បាន​ដូច​ការ​គិត​ទុក​មែន។

លោក សាលី អ៊ូមើត នឹង​ធ្វើ​ការ​ប្រកួត​ម៉ូតូ​ទឹក ទាំង​៣​វិញ្ញាសា​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ នេះ​ហើយ​នៅ​មុខ​សាលា​ខេត្ត​កោះកុង។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី