អបអរសាទរ! សាលី អ៊ូមើត វីរកីឡាករម៉ូតូទឹកកម្ពុជា ជាប់លេខ១ទៀតហើយ ឈ្នះលើ២ប្រទេស

  • 2018-12-15 06:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ម៉ូតូ​ទឹក​មិត្ត​ភាព​អន្តរជាតិ​ដែល​មាន​ការ​ចូលរួម ពី​ប្រទេស​ថៃ ម៉ាឡេស៊ី និង​កម្ពុជា ក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ វីរកីឡាករ​ សាលី អ៊ូមើត បាន​ដណ្ដើម​ជយលាភី​លេខ​១ លើ​វិញ្ញាសា ស្គី​ឈរ (Ski Modifier) ក្រោម​សម្រែក​គាំទ្រ​យ៉ាង​កង​រំពង​ពី​សំណាក់​ភ្ញៀវទេសចរ។

ម្ចាស់​មេដាយ​មាស​លំដាប់​ពិភព​លោក សាលី អ៊ូមើត បាន​ធ្វើ​យ៉ាង​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​ប្រកួត​ទាំង​១២​ជុំ ដោយ​យក​ឈ្នះ​កីឡាករ​ផ្សេង​ទៀត ហាក់​គ្មាន​ឧបសគ្គ​ត្រង់​ណា​សោះ។ សាលី អ៊ូមើត បាន​លើក​ទង់​ជយ​ជិះ​ឆ្វែល​ឡើង​អង់​អាច នៅ​ពី​មុខ​គណៈ​កម្មការ និង​ក្រសែ​ភ្នែក​មហាជន​រាប់​ពាន់​នាក់។ មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ សាលី អ៊ូមើត បាន​ប្រាប់​ថា នឹង​យក​ជ័យ​ជម្នះ​ជូន​ប្រទេស​កម្ពុជា ទោះ​បី​នេះ​ជា​ការ​ប្រកួត​លក្ខណៈ​មិត្ត​ភាព​អន្តរជាតិ​ក៏​ដោយ។ នៅ​ទី​បំផុត កីឡាករ​ដ៏​ឆ្នើម​នេះ ពិត​ជា​អាច​ធ្វើ​បាន​តាម​ការ​រំពឹង​ទុក​មែន។ ​

ដោយ​ឡែក​កីឡាករ​កម្ពុជា១រូបផ្សេងទៀត Mustan Min ទទួល​បាន​ជយ​លាភី​លេខ​២ និង​កីឡាករ Ariyawat Lahip មក​ពី​ប្រទេស​ថៃ​ទទួល​បាន​ជយ​លាភី​លេខ​៣ ទៅ​លើ​វិញ្ញាសា​ Ski Modifier នេះដែរ។ កីឡាករ​ទាំង​ជយ​លាភី​ទាំង​៣​រូប បាន​ទទួល​ពាន​រង្វាន់​ម្នាក់​មួយ​ដែល​ប្រគល់​ដោយ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រម​ទាំង​ថវិកា គ្រឿង​ឥស្សរិយយស និង​ប័ណ្ណ​សរសើរ​ផង​ដែរ។

ក្រៅ​ពី​ទទួល​បាន​ជយ​លាភី​លេខ​១ កីឡាករ​រូប​សង្ហា​មិន​ចាញ់​តារា សាលី អ៊ូមើត ក៏​ទទួល​បាន​ជយ​លាភី​លេខ​២ លើ​វិញ្ញាសា Ski Spark។ ចំណែក​ឯ​កីឡាករ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ លើ​វិញ្ញាសា​នេះ គឺ​មក​ពី​ប្រទេស​ថៃ Sahareat Ngamsomit និង​ជយ​លាភី​លេខ​៣ បាន​ទៅ​លើ​កីឡាករ Saifullah Al-Aziz Bin Nazar មក​ពី​ប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ វឌ្ឍនៈ